ភ្នំពេញ ៖ លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៨ ចេញដីកាដាក់ដោយឡែកពីគ្នាចំនួន៦ដីកា ដោយបានកោះហៅមនុស្សចំនួន៦នាក់ ដែលជាអតីតតំណាងរាស្ត្រកំពូលៗ នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងនាមជាជនសង្ស័យពាក់ព័ន្ធនឹងការបង្កើតចលនា សង្គ្រោះជាតិខុសច្បាប់។
ការចេញដីកានេះដោយយោងតាមការបង្កើតចលនាសង្គ្រោះជាតិនៅក្រៅប្រទេសរបស់ក្រុមអ្នកប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលចលនានេះ បានបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដីកាកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទាំង៦ដីកានោះ សុទ្ធតែបញ្ជាក់ឲ្យជនសង្ស័យចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង ការបង្កើតចលនាសង្គ្រោះជាតិ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជាហើយសាមីខ្លួនត្រូវអញ្ជើញតាមដីកានេះ ឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើ មកជាមួយផង ប្រសិនបើមាន។
នៅថ្ងៃ០៤ ខែមេសា ឆ្នាំ២០១៨នេះ ដីកាកោះហៅជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបានយកទៅបិទនៅតាមរបងផ្ទះរៀងៗខ្លួន។
ជនសង្ស័យចំនួន៦នាក់ ដែលត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញកោះហៅរួមមាន៖ លោក សម រង្ស៊ី កោះហៅចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក, លោក អេង ឆៃអ៊ាង កោះហៅចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ៅង៩ព្រឹក , លោកស្រី ជូឡុង សូមួរ៉ា កោះហៅចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក, លោក ហូរ វ៉ាន់ កោះហៅចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ៅង៩ព្រឹក, លោក នុត រំដួល កោះហៅចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ៅង៩ព្រឹក និង លោក តុ វ៉ាន់ចាន់ កោះហៅចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក៕ ដោយ ៖ បញ្ញាស័ក្តិ