មន្រ្តីរដ្ឋាភិបាលប្រទេសថៃបានប្រកាសថា ប្រទេសរបស់ខ្លួនគ្រោងនឹងបើកដំណើរការទីក្រុងបាងកកឡើងវិញ និងទិសដៅសំខាន់ៗផ្សេងទៀតដល់ភ្ញៀវទេសចរបរទេសនៅក្នុងខែតុលានេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យរដ្ឋាភិបាលលោកថា ណាក់ខន វ៉ាងប៊ុនគង់ចាន់ បាននិយាយថាទីក្រុងបាងកក ហួហ៊ីន ផាតាយ៉ា និងឈៀងម៉ៃនឹងស្វាគមន៍អ្នកដំណើរដែលទទួលការចាក់វ៉ាក់សាំង ក្រោមកម្មវិធីថ្មីមួយដែលតម្រូវឱ្យមានការធ្វើតេស្តរកមេរោគឆ្លង និងភ្ញៀវទេសចរត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ណាមួយ។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឧស្សាហកម្មទេសចរណ៍ ដែលរងការវាយលុកយ៉ាងដំណំដល់ប្រទេសថៃ ជាក់ស្តែងអាជ្ញាធរនៃក្រសួងទេសចរណ៍ លោកយុតសាក់ ស៊ូប៉ាសាន បាននិយាយថា ប្រទេសនេះនឹងចាប់ផ្តើមបើកដំណើរការឡើងវិញនូវតំបន់ដែលមានភ្ញៀវទេសចរចូលទស្សនា ដោយសាររដ្ឋាភិបាលជឿជាក់ថាចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីអាចថយចុះ។
ផែនការបើកឡើងវិញរបស់រដ្ឋាភិបាលត្រូវបានរៀបចំរួចហើយនៅទីតាំងមួយចំនួន ដូចជានៅលើកោះសាមុយ និងភូកេតដែលប្រជាជនប្រមាណ ៧០% នៃប្រជាជនក្នុងតំបន់ត្រូវបានតម្រូវឱ្យចាក់វ៉ាក់សាំងការពារ។
ការចាក់វ៉ាក់សាំងរបស់ពលរដ្ឋ គឺអាចជាបញ្ហាមួយនៅក្នុងទីក្រុងបាងកកដោយសារប្រជាជនមានតែ ៣៤% ប៉ុណ្ណោះដែលត្រូវបានចាក់វ៉ាក់សាំងទាំងស្រុង ខណៈដែលប្រជាជនត្រឹមតែ ១៥% ប៉ុណ្ណោះនៅទូទាំងប្រទេសបានទទួលវ៉ាក់សាំងចំនួនដូសពីរ។ លោក ស៊ូប៉ាសាន បាននិយាយថា ប្រទេសថៃកំពុងកំណត់គោលដៅភ្ញៀវទេសចរចំនួន ១ លាននាក់នៅឆ្នាំនេះ។
កាលពីខែមិថុនាកន្លងទៅ មន្រ្តីរដ្ឋាភិបាលបានបង្ហាញផែនការ អនុញ្ញាតឱ្យអ្នកដំណើរមិនតម្រូវធ្វើចត្តាឡីស័ក ចំពោះអ្នកបានច៉ាក់វ៉ាក់សាំងការពារបានពេញលេញ។ ប៉ុន្តែចំនួនផ្ទុះឡើងវិញនៃមេរោគកូវីដ១៩ មានការកើនឡើងដែលនេះបានបង្កឱ្យមានអាជ្ញាធរមូលដ្ឋាន និងសហព័ន្ធមានការស្ទាក់ស្ទើរ។
នៅខែបន្ទាប់ ពោលគឺខែកក្តដា ទីក្រុងបាងកក និងខេត្តចំនួន ៩ ផ្សេងទៀតនៅក្នុងប្រទេសថៃបានប្រកាសពីការរឹតបន្តឹងទាក់ទងនឹងជំងឺកូវីដ១៩ រួមទាំងការកំណត់ចំនួនអ្នកដំណើរដែលមកដល់កោះ ត្រូវបានកាត់បន្ថយទំហំនៃការជួបជុំ និងតម្រូវការហាមឃាត់ជាច្រើនទៀត៕ប្រភព៖ BangKork Post