សៀមរាប ៖ ព្រឹកថ្ងៃពុធ ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដោយមានការចូលរួមពី លោក រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គឡាវ, លោក រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គថៃ, លោក រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គវៀតណាម តំណាងដៃគូសន្ទនា ចិន មីយ៉ាម៉ា តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ អន្តរជាតិ សរុប ១៥០ រូប ។
កិច្ចប្រជុំប្រារព្ធឡើង ដើម្បីពិនិត្យឡើងវិញលើលទ្ធផលដែលគណ:កម្មការទន្លេមេគង្គ សម្រេចបានចាប់ពីកិច្ចប្រជុំកំពូលមេគង្គ លើកទី ២ នៃការអនុត្តសេចក្តីថ្លែងការណ៍ក្រុងហូជីមិញ ការពិនិត្យ និងផ្តល់ការឯកភាពរបស់ថ្នាក់រដ្ឋមន្ត្រីលើសេចក្តីព្រាង សេចក្តីថ្លែង ការណ៍ក្រុងសៀមរាប ព្រមទាំងស្តាប់នូវចំណាប់អារម្មណ៍ ស្តីពី ការលើកកំពស់កិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូ របស់រដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងរបស់តំណាងប្រទេសជាដៃគូសន្ទនា ចិន មីយ៉ាន់ម៉ា តំណាងដៃគូអភិវឌ្ឍន៍របស់គណ:កម្មការទន្លេមេគង្គ និងអគ្គលេខាធិការអាស៊ាន ។
ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំ លោក លឹម គានហោ បានមានប្រសាសន៍ថា ឥឡូវនេះយើងបានមកដល់ទីបញ្ចប់នៃកិច្ចប្រជុំរបស់យើង ដោយមានលទ្ធផលផ្លែផ្កាជាច្រើន ។ ខ្ញុំមានសេចក្តីរីករាយដែលបានឃើញការសន្ទនាយ៉ាងសកម្ម និងបើកចំហរក្នុងអំឡុងពេលនៃការជួបជុំនេះ ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានផ្តល់នូវធាតុចូលដ៏មានតម្លៃចូលទៅក្នុងការពិភាក្សារបស់យើង ។ រាល់គំនិត និងការយកចិត្តទុកដាក់របស់យើងចំពោះបញ្ហាសំខាន់ៗនៃកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ការរៀបចំ និងការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ នៅថ្ងៃស្អែក។ ទាំងនេះគឺមានសារសំខាន់ដែលប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ នឹងពិនិត្យឡើងវិញ នូវការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់ ចំពោះគោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធនៃទន្លេមេគង្គ និងកំណត់អាទិភាពយុទ្ធសាស្ត្រដែលត្រូវគ្នាសម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ រហូតដល់កិច្ចប្រជុំកំពូលនៃគណៈកម្មការទន្លេមេគង្គលើកទី ៤ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២២ ។
លោក រដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំកិច្ចប្រជុំនេះ ដំណើរការល្អ ដោយរលូន និងទទួលបានជោគជ័យ ៕ ដោយ ៖ បញ្ញាស័ក្តិ