ភ្នំពេញ ៖ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ មានកំណើនកុងតឺន័រឆ្លងកាត់ ជាមធ្យមប្រចាំឆ្នាំ ចម្លោះពី១៥ទៅ១៨ភាគរយ។ ជាក់ស្តែង នៅឆ្នាំ២០១៩ បរិមាណកុងតឺន័រឆ្លងកាត់ មានចំនួនជាង២៨ម៉ឺន (២៨១,០៤៣) TEUs និងនៅឆ្នាំ២០២០ មានចំនួនជាង២៩ម៉ឺន (២៩០,៨៥៧) TEUs ទោះបីជាមានវិបត្តិ ដែលកើតឡើងដោយសារជំងឺកូវីដ-១៩ ក៏ដោយ។
ការលើកឡើងរបស់ឯកឧត្តម ហ៊ឺ បាវី បានធ្វើឡើងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែនកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តម ហ៊ឺ បាវី បានបញ្ជាក់ទៀតថា បរិមាណកំណើននេះ ឈានជិតដល់សមត្ថភាពផ្ទុកកុងតឺន័រសរុប នៃចំណតផែកុងតឺន័រ LM១៧ ជំហានទី១ និងទី២ នាំឲ្យមានតម្រូវការធ្វើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៃចំណតផែនកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ។
ឯកឧត្តម បានឲ្យដឹងដែរថា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការរីកចម្រើន ប្រកបដោយនិរន្តភាព នៃអាជីវកម្ម របស់កំពង់ផែស្វយ័តភ្នំពេញ ក្រៅពីគម្រោងអភិវឌ្ឍន៍ទីលាន នៅចំណតផែកុងតឺន័រ LM១៧ កំពង់ផែស្វយ័តភ្នំពេញ បាននឹងកំពុងរៀបចំគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះរួមទាំងគម្រោងអភិវឌ្ឍន៍ចំណត ផែរណបតាមផងទន្លេ ចំនួន៧ទីតាំងផងដែរ។
គួរបញ្ជាក់ថា គម្រោងចំណតផែរណបទាំង៧ទីតាំងនោះ រួមមាន៖ ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផែរណបពហុបំណង TS១១, ចំណតផែរពនពហុបំណងព្រែកអញ្ចាញ (UM១), ចំណតផែរណបពហុបំណងទន្លេបិទ (UN២), ចំណតផែនរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម៕