ស្ថានភាពភ្ញៀវទេសចរក្នុងស្រុកក្នុងសប្តាហ៍ទី៣នៃខែកញ្ញា (ថ្ងៃទី១៨-១៩) មានភ្ញៀវសរុប ៧៩,០១៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៧,៨០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២១១ នាក់។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ (១) រាជធានីភ្នំពេញ៖ ២៣,១៩៣ នាក់,(២) ខេត្តកំពត៖ ២២,៤៣៨ នាក់,(៣) ខេត្តកែប៖ ៨,១៤៤ នាក់,(៤) ខេត្តព្រះសីហនុ៖ ៥,០៦៧ នាក់,(៥) ខេត្តពោធិ៍សាត់៖ ៤,៥៧៣ នាក់។
លោករដ្ឋមន្ត្រីបានបន្តថា តួលេខនេះបន្តកើនឡើងប្រមាណ ២០% ធៀបនឹងសប្តាហ៍កន្លងមក ដែលជាសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃក្នុង។ ប៉ុន្តែទន្ទឹមនឹងនេះ គោលដោទេសចរណ៍នៅតាមខេត្តមួយចំនួន នៅបន្តផ្អាកសកម្មភាពតាមរយៈការបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែកក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដូចជាខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម។
លោកបានបន្តទៀតថា តំបន់ឆ្នេរសមុទ្រនៃខេត្តកំពត កែប និងព្រះសីហនុ រួមជាមួយតំបន់អេកូទេសចរណ៍ ដូចជាតំបន់ភ្នំខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ និងតំបន់ភ្នំ១៥០០ និងផ្លូវបុប្ផាលាក់ខ្លួនក្នុងស្រុកវាលវែងក្នុងខេត្តពោធិសាត់ជាដើម គឺជាគោលដៅពេញនិយម និងទទួលបានភ្ញៀវទេសចរច្រើនក្នុងសប្តាហ៍កន្លងមក។
លោករដ្ឋមន្ត្រីថា មន្ទីរទេសចរណ៍បានកំពុងខិតខំជំរុញការអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ពិសេសជម្រុញចលនាទេសចរណ៍ផ្ទៃក្នុងនាឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ៕