Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ប្រកាសឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ត្រៀមលក្ខណៈបើកការហោះហើរឡើងវិញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈ ប្រកាសបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដោយស្របតាមយន្តការទេសចរណ៍សុវត្ថិភាព។

ជាមួយនិងការត្រៀមលក្ខណៈបើកទេសចរណ៍អន្តរជាតិឡើងវិញនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស​ចរណ៍ ក្នុងឱកាសជួបពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline បានប្រាប់ឱ្យក្រុមហ៊ុននេះ ត្រៀម​លក្ខណៈបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញផងដែរ។

លោក ថោង ខុន បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច) ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព»។

លោក បន្តថា នាពេលខាងមុខឆាប់ៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីការបើកទេសចរណ៍សុវត្ថិភាពនេះជាផ្លូវការ ដោយកាលពីពេលកន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហើបម្ដងរួចមកហើយដែរ អំពីការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនេះ។

លោកបានបញ្ជាក់ទៀតថា តាមគម្រោងដូចដែលសម្តេចតេជោបានមានប្រសាសន៍ គឺចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជានោះ នឹងតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងតំបន់ទេសចរណ៍ ឬគោលដៅទេសចរណ៍ជាក់លាក់ណាមួយដែលមានសុវត្ថិភាព ពោលគឺជាតំបន់ដែលគ្មានការរាតត្បាតពីជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា បើតាមលោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍នៅលើពិភពលោករួមទាំងកម្ពុជាផងដែរ។ ទោះយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩» និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី។ លោកថា ក្រសួងទេសចរណ៍បានរៀបចំឯកសារផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩ រួចហើយ ហើយ ថែមទាំងបានដាក់ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងអនុម័តផងដែរ៕

×