ប្រមុខការទូតកូរ៉េខាងជើងនឹងទៅកាន់ក្រុងមូស្គូ ដើម្បីជួបធ្វើការជាមួយសមាភាគីរុស្ស៊ី នៅថ្ងៃទី ១០ ខែមេសា។
ប្រមុខការទូត Ri Yong Ho
អ្នកនាំពាក្យក្រសួងការទេសរុស្ស៊ី Maria Zakharova បានប្រាប់ Reuter ថា ៖ មូស្គូ និងព្យុងយ៉ាង នឹងពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី ព្រមទាំងទស្សនៈចំពោះបណ្តាបញ្ហាអន្តរជាតិ និងតំបន់ ពិសេសចំណាប់អារម្មណ៍សំខាន់ទៅលើស្ថានការណ៍នៃឧបទ្វីបកូរ៉េ ។
ក្រៅពីរុស្ស៊ី លោក Ri Yong Ho នៅមានគម្រោងធ្វើដំណើរទៅ Azerbaijan និងប្រទេសមួយចំនួនចំណុះអតីតសហភាពសូវៀតចាស់។ នេះគឺជាសកម្មភាពការទូតមួយសំដៅកាត់បន្ថយភាពតានតឹងក្នុងតំបន់ បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាច្រើនខែរវាងមេដឹកនាំកូរ៉េខាងជើង និងអាមេរិក ទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ។
គួររំលឹកថា លោក Ri គឺជាមន្ត្រីជាន់ខ្ពស់បំផុតកូរ៉េខាងជើង ដែលទៅទស្សនកិច្ចរុស្ស៊ីនាបណ្តាឆ្នាំកន្លងទៅថ្មីៗនេះ មុននោះលោក Kim នឹងត្រូវបានគេរំពឹងថា នឹងមានវត្តមានក្នុងពិធីអបអរជ័យជម្នះរបស់រុស្ស៊ី កាលពីឆ្នាំ ២០១៥ ។ ប៉ុន្តែក្រោយមកក៏បានបដិសេធការអញ្ជើញនោះ។ រីឯឪពុកលោកមេដឹកនាំ Kim Jong il បានទៅទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំ ២០១១ គឺរយៈពេលប៉ុន្មានខែប៉ុណ្ណោះមុនពេលលោកទទួលមរណៈភាព ៕ សូយន