បន្ទាយមានជ័យ ៖ តាមព័ត៌មានពី ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ ទឹកនៅស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កំពុងហក់ឡើងខ្លាំង អាចនឹងហូរមកខេត្តបន្ទាយមានជ័យឆាប់ៗ។ នៅក្រុងប៉ោយប៉ែតបានជម្លៀសប្រជាពលរដ្ឋចំនួន ៩៧គ្រួសារ មកកាន់ទីទួលសុវត្ថិភាព។
ទឹកស្ទឹងមង្គលបូរីមានការហក់ឡើងជិតដល់កំរិតប្រកាសអាសន្ន និងស្ទឹងសិរីសោភណ័ ក៏មានការហក់ឡើងបណ្តាល ឱ្យប៉ះពាល់ប្រជាជននៅតាមដងស្ទឹងមួយចំនួន។
រីឯនៅភូមិបឹងជង្រុក (តំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះឈ្នះ) ឃុំពង្រ ស្រុកម៉ាឡៃ ទឹកបានលិចផ្ទះប្រជាជនប្រមាណ ៨៧៣ខ្នង ដោយក្រុមការងារនិងកងកម្លាំងប្រដាប់អាវុធ បានរៀបចំទីទួលសុវត្ថិភាពរួចជាស្រេច និងត្រៀមជម្លៀសប្រជាជន។
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បានចល័តពីខេត្តពោធិ៍សាត់ បាត់ដំបង និងឥឡូវនេះ កំពុងប្រចាំការនៅខេត្តបន្ទាយមានជ័យ ដើម្បីតាមដានត្រួតពិនិត្យ និងដឹកនាំបញ្ជាកងកម្លាំង ត្រៀមសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះមហន្តរាយកើតឡើង៕រក្សាសិទ្ធិដោយ៖ចេស្តារ