ភ្នំពេញ ៖ បើតាមឯកឧត្តមអភិបាលខេត្ត ស្ថានភាពទឹកនៅក្រុងប៉ោយប៉ែតមានសភាពនៅហ្នឹង និងប្រជាពលរដ្ឋចំនួន ១៥៧គ្រួសារ ត្រូវបានជម្លៀសទៅទួលសុវត្ថិភាព ដោយក្នុងនោះ ៩៧គ្រួសារ បានទទួលស្បៀងបន្ទាន់ពីខេត្ត និងក្រុមការងារ ហើយ ចំពោះគ្រួសារដែលពុំទាន់បានទទួល នឹងផ្តល់ជូននៅថ្ងៃស្អែក។
ស្រុកមង្គលបូរីប្រជាជន ២២គ្រួសារ និងក្រុងសិរីសោភ័ណ ប្រជាជន ៩៥គ្រួសារ ត្រូវបានជម្លៀសឡើងទួលសុវត្ថិភាព និងបានទទួលស្បៀងបន្ទាន់ទាំងអស់។
នៅល្ងាចនេះ ភ្លៀងធ្លាក់រយៈពេលប្រមាណ៣ម៉ោង ក្នុងក្របខ័ណ្ឌស្ទើរទូទាំងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម កំពុងនៅបន្តប្រចាំការនៅខេត្តបន្ទាយមានជ័យ ដើម្បីតាមដានត្រួតពិនិត្យ ដឹកនាំបញ្ជា និងគ្រប់គ្រងសភាពការណ៍ ព្រមទាំងបានចាត់តាំងក្រុមការងារ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចុះពិនិត្យ និងចល័តទូកសង្គ្រោះ គ្រប់គោលដៅដែលរងការគំរាមកំហែងដោយទឹកជំនន់ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីហេតុការណ៍ធ្ងន់ធ្ងរកើតឡើង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ