ភ្នំពេញ៖ កិច្ចប្រជុំលើកទី៣ នៃក្រុមការងារទេសចរណ៍ កម្ពុជា-ឥណ្ឌា តាមរយៈប្រព័ន្ធវីឌីអូខនហ្វើរេន ប៉ុន្មានថ្ងៃមុននេះ បានផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបិត្តិ នៃជំងឺកូវីដ១៩។
លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជា និងឥណ្ឌា បានឯកភាពគ្នាលើការរៀបចំផែនការជំរុញទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ។ លោក បានបន្តថា ជាមួយគ្នានេះ ភាគីកម្ពុជា ក៏បានលើកជាសំណើរទៅដល់ភាគីឥណ្ឌា ឲ្យជួយពិនិត្យមើលលើគម្រោងស្នើសុំក្រសួងទេសចរណ៍កម្ពុជា លើគម្រាងផ្ដល់ផលលឿន ឬ Quick Impart Projects (QIP) នៅបឹងស្នេហ៍ ខេត្តព្រែវែង ក្នុងទំហំ ២.៨០០ហិកតាផងដែរ ដែលជាទេសចរណ៍វប្បធម៍ដ៏ទាក់ទាញ។
មន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា កិច្ចប្រជុំនេះបានពិភាក្សា និងឯកភាពទៅលើប្រធានបទ ចំនួន៤ ដែលមានដូចជា ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ក្រោយវិបត្តិកូវីដ-១៩ ។ ១ ការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ជាពិសេសទេសចរណ៍វប្បធម៌ និងធម្មជាតិនៃប្រទេសទាំងពីរ។ ២ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងគ្រប់គ្រងគោលដៅទេសចរណ៍ធ្វើការផ្លាស់ប្តូរកញ្ចប់ទស្សនកិច្ចនៃប្រតិបត្តិករទេសចរណ៍របស់ប្រទេសទាំងពីរ។ ៣ ការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និង៤ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស។
គូបញ្ជាក់ថា ភាគីទាំងពីរ ក៏បានលើកឡើងផងដែរអំពីវេទិកាទេសចរណ៍អាស៊ាន២០២២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុផងដែរ។ ដោយនៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២២នេះ ក៏នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី៩ ផងដែរ។ ហើយបន្ទាប់ពីនោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារលើកទី៤ កម្ពុជា-ឥណ្ឌា នៅអំឡុងខែឧសភា ឆ្នាំ២០២២ខាងមុខ៕