ភ្នំពេញ៖ ក្រុមហ៊ុន i7 ដែលមានទីតាំងកសិដ្ឋាន i7 នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាននាំពូជគោជាច្រើនក្បាលពីសហរដ្ឋអាមេរិក ដោយដឹកជញ្ជូនតាមជើងហោះហើរមកកាន់កម្ពុជា កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដោយលោកឧញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន i7 បានដឹកនាំក្រុមការងារចុះទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួលគោ រហូតដល់ទីតាំងកសិដ្ឋានផ្ទាល់តែម្តង។
លោកឧកញ៉ា ស្រី ចន្ធូ មានប្រសាសន៍ថា មូលហេតុចម្បងនៃការនាំពូជគោមកពីបណ្តាប្រទេសជឿនលឿនមួយចំនួននេះ គឺដោយសារតែចង់ឲ្យកសិដ្ឋាន i7 ក្លាយជាទីស្ថានីយកសិដ្ឋានមួយ ក្នុងប្រទេសកម្ពុជា ដែលមានពូជគោល្អៗចម្រុះ។ ដូច្នេះដើម្បីឲ្យកសិដ្ឋាននេះមានបណ្តុំពូជគោល្អៗ គឺលោកអគ្គនាយកបានសម្រេចចិត្តនាំយកពូជគោពីបណ្តាប្រទេស ដែលគេអភិវឌ្ឍពូជគោរីកចម្រើនខ្លាំងលើសកលលោក មានដូចជាសហរដ្ឋអាមេរិក ប្រេស៊ីល អូស្រ្តាលី ជប៉ុន និងប្រទេសថៃជាដើម។
បច្ចុប្បន្ន កសិដ្ឋាន i7 មានពូជគោល្អចំនួន៥ប្រភេទរួចហើយ ដូចជាពូជគោ Brahman, Nellore Pintado, Beef Master, Black Angus, Wagu, Indo-Brazil និងពូជគោទឹកដោះ Hostien. តាមគោលដៅលោកឧកញ៉ាអះអាងថា កសិដ្ឋាននឹងនាំចូលពូជគោល្អៗ នាឆ្នាំខាងមុខបន្តបន្ទាប់ទៀត។
លោកអគ្គនាយក ស្រី ចន្ធូ បានលើកឡើងពីវត្ថុបំណងនេះការនាំពូជគោល្អទាំងនេះ គឺដើម្បីជំរុញឲ្យវិស័យចិញ្ចឹមគោនៅប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដូចបណ្តាប្រទេសជិតខាង។ ជាមួយគ្នានោះការនាំចូលពូជគោពីក្រៅប្រទេសរបស់ក្រុមហ៊ុន i7 ទទួលបានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូជាជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យក្រុមហ៊ុននេះបន្តការអភិវឌ្ឍ ពូជគោ ចែកចាយពូជគោជូនទៅដល់ប្រជាកសិកររបស់យើងជាមួយនឹងឲ្យប្រជាកសិករបានស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រភេទពូជគោទាំងអស់នេះមានផលប្រយោជន៍អ្វីខ្លះ។
ជាមួយគ្នា លោកឧកញ៉ា ស្រី ចន្ធូ បង្ហាញនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងស្ថាប័នគយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលសម្រួលលើគ្រប់ឯកសារកាន់តែងាយស្រួលសំរាប់អ្នកវិនិយោគ្នុងស្រុកក៏ដូចជាអ្នកវិនិយោគបរទេស ដើម្បីជួយជំរុញឲ្យការនាំចូលពូជគោពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត មកកម្ពុជា អោយកាន់តែរលូន ក្នុងការជំរុញឲ្យការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត៕