កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូគណៈកម្មការទី៧ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានចុះពិនិត្យស្ថានភាពនៃការបង្រៀន និងរៀនតាមបណ្តុំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនមួយចំនួនក្នុងខេត្តកំពង់ស្ពឺ។
ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាល ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ច ការងារបង្រៀនសិស្សទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ដោយសារស្ថានភាពនៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន បូករួមនឹងការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់១៧ឆ្នាំ និងថ្មីៗនេះបានចាក់ជូនកុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ដែលអាចបង្កើនបាននូវភាពស៊ាំនៅក្នុងសហគមន៍ ទើបរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យពិនិត្យពិចារណាបើកដំណើរការឡើងវិញជាដំណាក់កាលនូវគ្រឹះស្ថានសិក្សាចំណេះទូទៅ នៅតាមបណ្តា ក្រុង ស្រុក ខណ្ឌ តាមទីតាំងភូមិសាស្ត្រដែលមានហានិភ័យទាប ចាប់ពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយតម្រូវឱ្យអាជ្ញាធររាជធានី ខេត្ត ធ្វើការវាយតម្លៃតាមស្ថានភាពជាក់ស្តែង និងត្រូវអនុវត្តឱ្យបាននូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល និងស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ។
ការដំណើរការសាលារៀនមួយចំនួនទូទាំងប្រទេសនាពេលថ្មីៗនេះ ជាសញ្ញាវិជ្ជមានថ្មីមួយចំពោះសង្គមកម្ពុជា ដែលកើតឡើងដោយសារការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។
គួរបញ្ជាក់ថា បើតាម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ លោក ថន ថារិន ដំណើរការនៃការបើកសាលារៀនឡើងវិញនៅខេត្តកំពង់ស្ពឺ បានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានការគាំទ្រពីសិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល និងមិនមានករណីឆ្លងក្នុងសាលារៀនឡើយ គិតមកទល់ពេលនេះ។ ក្រោយរាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យបើកគ្រឹះស្ថានសិក្សា ដើម្បីឱ្យសិស្សមករៀនផ្ទាល់ឡើងវិញ សម្រាប់ខេត្តកំពង់ស្ពឺ មានគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចំនួន ៨៧៤សាលា (ស្មើនឹង៨៣,៥៥%) បានបើកឱ្យដំណើរការឡើងវិញ លើគ្រឹះស្ថានសិក្សាសរុប ១០៤៦ ទូទាំងខេត្ត គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ ចំពោះគ្រឹះស្ថានសិក្សា ដែលមិនទាន់បានបើកដំណើរការឡើងវិញ គឺជាគ្រឹះស្ថាន ដែលស្ថិតក្នុងតំបន់ទីប្រជុំជន មានហានិភ័យខ្ពស់ ដែលនៅមានករណីផ្ទុះក្នុងសហគមន៍៕