Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៨ខែ ឆ្នាំ២០២១នេះ កម្ពុជាទទួលបានកំណើននៃការនាំចេញជ័រកៅស៊ូទៅទីផ្សារក្រៅប្រទេស

ភ្នំពេញ៖ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ ទោះបីកម្ពុជា កំពុងរងនូវការរាតត្បាតពីជំងឺសកលលោកកូវីដ១៩ក៏ដោយ ក៏កម្ពុជានៅតែរកចំណូលបាន ៣២៦ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ របាយការណ៍បញ្ជាក់ថា ចំណូលសរុបពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ដោយគិតពីខែមករា មកដល់ខែសីហា ឆ្នាំ២០២១ ដែលមានចំនួន ៣២៦ ៣៣៨ ៧២៨.៨៤ ដុល្លារ។

ដោយឡែក បរិមាណនៃការនាំចេញ ក្នុងរយៈពេល ៨ខែឆ្នាំនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៩៤ ៥២៥តោន កើនឡើងចំនួន ១៤ ៦០៥តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤ ៣៧៩ម៉ែត្រគូប។

លោក ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា បើបៀបធៀបនឹងដំណាំដទៃ ដំណាំកៅស៊ូ គឺស្ថិតនៅក្នុងដំណាំមួយ ដែលមានភាពល្អប្រសើរ។ តម្លៃកៅស៊ូនាពេលបច្ចុប្បន្ននេះ ចំពោះកសិករ នៅមានការចំណេញ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនធំៗ មានការជួបលំបាកខ្លះៗ ដោយសារការចំណាយលើរដ្ឋបាលខ្ពស់ ប៉ុន្តែមិនដល់ថ្នាក់ខាតបង់នោះទេ។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ចាប់ពីដើមឆ្នាំរហូតមកដល់ខែសីហា ឆ្នាំ២០២១ ថ្លៃ១ ៦៧៣ដុល្លារ ក្នុងមួយតោន កើនឡើងចំនួន ៣៨៦ដុល្លារ ក្នុងមួយតោន ស្មើនឹង៣០% បើធៀបនឹងរយៈពេលដូចគ្នានិងឆ្នាំមុន។

គួរបញ្ជាក់ថា ជ័រកៅស៊ូកម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី ហើយនៅឆ្នាំ២០២០កន្លងទៅ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ៕

×