Yulia កូនស្រីរបស់អតីតចារបុរសរុស្ស៊ី Sergei Skripal នៅថ្ងៃទី ៥ ខែមេសា បានប្រកាសតាមរយៈប៉ូលិសអង់គ្លេសនៅក្រុងឡុងដ៍ ដោយបង្ហើបប្រាប់អំពីស្ថានភាពសុខភាពបច្ចុប្បន្ន បន្ទាប់ពីមានមានព្រឹត្តិការណ៍រងការបំពុលដោយសារធាតុបំពុលសរសៃប្រសាទនៅអង់គ្លេសកាលពីខែមុន ។
Yulia កូនស្រីអតីតចារបុរសរុស្ស៊ី Skripal
ក្នុងសេចក្តីថ្លែងការណ៍របស់នាងដែលប៉ូលិសអង់គ្លេសបានប្រកាសគឺ ៖ “ខ្ញុំបានដឹងខ្លួនមុននេះជាងមួយសប្តាហ៍ ហើយពេលនេះ ខ្ញុំពិតជារីករាយដើម្បីប្រកាសថា សុខភាពខ្ញុំកំពុងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ខ្ញុំថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការសាកសួរសុខទុក្ខដែលបានបញ្ជូនមកដល់ខ្ញុំ ។ ខ្ញុំជឿជាក់ថា មនុស្សទាំងអស់យល់ថា រឿងរ៉ាវទាំងស្រុងនេះមានផ្នែកខ្លះបង្កឲ្យបាត់ទិសដៅ ហើយខ្ញុំសង្ឃឹមថា អស់លោកអ្នកនឹងគោរពជីវិតឯកជនរបស់ខ្ញុំ គ្រួសារខ្ញុំក្នុងអំឡុងពេលដែលខ្ញុំជាសះស្បើយ”។
នៅពេលដែលត្រូវបានគេសាកសួរអំពីសុខភាពរបស់ឪពុកនាងគឺចារបុរស Sergei, Yulia ឲ្យដឹងថា ៖ “អ្វីៗធម្មតាទេ គាត់កំពុងសម្រាក” ។
ព័ត៌មានខាងលើត្រូវបានបញ្ចេញក្នុងបរិបទ ដែលទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចបន្តតានតឹងដោយសារករណីឪពុកកូនអ្នកទាំងពីរត្រូវបានគេសង្ស័យថា រងការបំពុលដោយសារធាតុបំពុលសរសៃប្រសាទ Novichok នាទីក្រុង Salisbury របស់អង់គ្លេសកាលពីថ្ងៃ ៤ ខែមីនា ។
អង្គការហាមឃាត់អាវុធគីមី (OPCW) មិនអនុញ្ញាតឲ្យរុស្ស៊ីចូលរួមក្នុងការស៊ើបអង្កេត ។ ចំណែករុស្ស៊ីវិញបានប្រកាសថា នឹងមិនទទួលស្គាល់លទ្ធផលនៃការស៊ើបអង្កេតករណី Skripal ប្រសិនបើមិនបានចូលរួមស៊ើបអង្កេតជាមួយនោះទេ។
Skripal ជាអតីវរៈសេនីយឯកបម្រើការក្នុងស្ថាប័នចារកម្មយោធារុស្ស៊ី (GRU) គាត់ត្រូវបនចាប់ខ្លួនកាលពីឆ្នាំ ២០០៤ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនាឆ្នាំ ២០០៦ ក្រោមបទចោទប្រកាន់ធ្វើចារកម្មឲ្យអង់គ្លេស។ តាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Skripal បានទទួលលុយពីចារកម្មអង់គ្លេស 100.000 USD ដើម្បីជាថ្នូរនឹងការផ្តល់ព័ត៌មានអំពីបណ្តាញចារកម្មរបស់ GRU ដែលកំពុងធ្វើសកម្មភាពនៅបណ្តាប្រទេសទ្វីបអឺរ៉ុប នាជំនាន់នោះ ។
ប៉ុន្តែក្រោយមក គាត់ត្រូវបានដោះលែងតាមរយៈកិច្ចព្រមព្រៀងដោះដូរចារកម្មមួយ ហើយក៏បានសុំសិទ្ធិភៀសខ្លួននយោបាយនៅអង់គ្លេស កាលពីឆ្នាំ ២០១០៕ សូយន