ទីភ្នាក់ងារមនុស្សធម៍របស់អង្គការសហប្រជាតិជាតិបានអះអាង ប្រទេសមីយ៉ាន់ម៉ា គឺកំពុងតែជួបវិបត្តិមនុស្សធម៌យ៉ាងខ្លាំង ក្រោយប្រជាជនជាង៣លាននាក់កំពុងស្រែកដង្ហោយហៅរកជំនួយ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ប្រចាំអង្គការសហប្រជាជាតិបានថ្លែងថា វិបត្តិដ៏ធ្ងន់ធ្ងរនេះបានកើតឡើងដោយសារការរាតត្បាតនូវជំងឺកូវីដ១៩ និងព្រឹត្តិការណ៍មួយទៀត គឺជាការចាប់ឃាត់ខ្លួនទៅលើមេដឹកនាំនយោបាយពីសំណាកយោធាក្នុងប្រទេសកាលពីដើមខែកុម្ភៈកន្លងទៅ។ ក្នុងនោះ ប្រជាជន៣លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ ខណៈប្រជាជនជាង២លាននាក់ត្រូវបានកំណត់អត្តសញ្ញាណចាប់តាំងពីខែកុម្ភៈមកម្ល៉េះ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ប្រចាំអង្គការសហប្រជាជាតិក៏បានលើកឡើងបន្ថែមទៀតថា បញ្ហាគ្រោះថ្នាក់ដ៏ធំនេះនៅតែកើតមានឡើងទៅលើក្រុមគ្រួសារដែលរស់នៅតាមទីប្រជុំជន និងជាពិសេសនៅក្នុងទីក្រុងយុំាងហ្គន និងទីក្រុងមែនដាឡេ ក៏ដូចជាប្រជាជនដែលរងផលប៉ះពាល់ពីការជម្លោះនៅក្នុងតំបន់ភាគអាគ្នេយ៍និងខាងលិចមីយ៉ាន់ម៉ា។
ប្រភពដដែលបានបញ្ជាក់ថា ប្រជាជនជាង២២ម៉ឺននាក់ត្រូវបានផ្លាស់ប្តូរទីលំនៅក្នុងប្រទេស ដោយសារកងកម្លាំងយោធាវាយប្រហារ និងធ្វើបាប ក៏ដូចជាភាពអសន្តិសុខចាប់តាំងពីមេដឹកនាំយោបានឡើងបានតំណែង។ ជាក់ស្តែង តំបន់ដែលរងការប៉ះទង្គិចខ្លាំងច្រើនជាងគេ រួមមាន៖ តំបន់កាជីន តំបន់ស៊ាន តំបន់ឈីន តំបន់កាយ៉ា តំបន់កាយីន និងសង្កាត់នៅជិតគ្នានោះគឺ សង្កាត់សាហ្គីន និងម៉ាវែរ។
ស្របគ្នានេះដែរ គ្រួសារមួយចំនួនត្រូវបានត្រឡប់មកលំនៅឋានក្នុងភូមិរបស់ពួកគេខ្លះៗហើយ។ ក្នុងនោះ ប្រជាជនជាច្រើនក៏នៅបន្តរស់នៅក្នុងលក្ខខណ្ឌមិនច្បាស់លាស់។ មិនច្បាស់លាស់ត្រង់ថា ពួកគេត្រូវរស់នៅក្នុងព្រៃ និងតំបន់ដែលនៅឆ្ងាយ ហើយក៏មិនទទួលបានសេវាកម្មផ្សេងៗដូចជា ការស្នាក់នៅ និងអាហារសម្រាប់បរិភោគជាដើម។
ទីភ្នាក់ងារមនុស្សធម៌បានគូសបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩នៅតែជាក្តីកង្វល់ដ៏ធំមួយ សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ ដោយកាលពីថ្ងៃសុក្រកន្លងទៅ ករណីឆ្លងនៅទូទាំងប្រទេសមីយ៉ាន់ម៉ាត្រូវបានរាយការណ៍ថា មានចំនួនច្រើនជាង៤៤៥,០០០ករណី និងករណីស្លាប់មានចំនួន១៧,០០០ករណី។ សម្រាប់ចំនួននេះ វាសរបញ្ជាក់ថាសមត្ថភាពតេស្តរកករណីកូវីដ១៩នៅមានកម្រិតទាបនៅក្នុងប្រទេសមួយនេះ។
ជាក់ស្តែង អង្គការសហប្រជាជាតិនិងដៃគូមនុស្សធម៌ជាច្រើនធ្លាប់បានធ្វើការជាមួយគ្នា ដើម្បីឆ្លើយតបទៅនឹងផលប្រឈមនៃបញ្ហាដែលនៅតែបន្តផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនមីយ៉ាន់ម៉ា និងកំណើនអសន្តិសុខស្បៀង ក៏ដូចជាជំងឺកូវីដ១៩ជាដើម។
ថ្វីត្បិតប្រជាជនមីយ៉ាន់ម៉ានៅតែមានបញ្ហាប្រឈមក៏ដោយ ប៉ុន្តែការបន្តឆ្លើយតបទៅនឹងបញ្ហាមនុស្សធម៌នៅតែមាន ដោយកាលពីខែឧសភា កម្មវិធីស្បៀងអាហារពិភពលោកបានគាំទ្រដល់ប្រជាជនងាយរងគ្រោះច្រើនជាង៨០ម៉ឺននាក់ ដែលចំនួននេះ គឺផ្តោតខ្លាំងទៅលើការឆ្លើយតបស្បៀងនៅតាមតំបន់ទីប្រជុំជន ដូចជាទីក្រុងយុំាងហ្គន និងតំបន់នៅជាយក្រុង។
សូមរំលឹកថា ទីភ្នាក់ងារមនុស្សធម៌បានបញ្ជាក់ថា ដើម្បីការឆ្លើយតបទៅនឹងមនុស្សធម៌ក្នុងឆ្នាំ២០២១នេះគឺនឹងត្រូវផ្តោតទៅលើប្រទេសមីយ៉ាន់ម៉ា ដោយគ្រោងនឹងផ្តល់ថវិកាចំនួន ២៧៦.៥លានដុល្លារ ដែលស្នើនឹង៤៧ភាគរយនៃជំនួយ៕
ប្រភព៖ CGTN