Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ដាក់ឱ្យប្រើប្រាស់គម្រោង សាង សង់ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍

កំពត៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍នេះ គាំទ្រដោយគម្រោង (GMS TIIG) ទៅ​លើខេត្តចំនួន៣ គឺខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។ គម្រោង (GMS TIIG) ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍ មានដូចជាការស្ថាបនាមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ បន្ទប់ទឹកស្តង់ដា តូបលក់ដូរស្តង់ដាសម្រាប់អាជីវករ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់ទេសចរណ៍។

ដោយឡែក ចំពោះតូបលក់ដូរសម្រាប់អាជីវករមិនត្រូវបានយកប្រាក់នោះទេ។ ម្យ៉ាងវិញទៀត គម្រោងនេះស្ថិតក្នុងក្របខ័ណ្ឌបណ្ដាប្រទេសមហាអនុតំបន់មេគង្គ ផ្ដោតសំខាន់ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយនិរន្តរភាព។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត រួមនិងប្រតិភូខេត្តកំពត កែប និងខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅរមណីយដ្ឋានភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត នារសៀលទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តម ថោង ខុន បានលើកឡើងថា បានចាត់ទុកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍ គឺជាការងារសំខាន់សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ពិសេសសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តប្រកបដោយភាពកក់ក្ដៅ និងជួយទ្រទ្រង់ធ្វើដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ប្រកបដោយនិរន្តរភាព។

ឯកឧត្តម បានបន្តថា តាមរបាយការណ៍របស់មន្ទីរទេសចរណ៍តាមបណ្តាខេត្តនានានៅទូទាំងប្រទេស បានបង្ហាញពីការកម្រើកឡើងវិញនូវចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅតាមបណ្តារមណីយដ្ឋាននានាទូទាំងប្រទេស ហើយភ្ញៀវទេសចរប្រមាណ ៩០ភាគរយ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២រួចរាល់។ ទន្ទឹមនឹងនេះ ក៏បានស្នើដល់ភ្ញៀវទេសចរទាំងអស់ឱ្យចូលរួមអនុវត្តវិធានសុវត្តិភាព ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ចួន ទោះ​បីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ក៏ដោយ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តទូទាំងប្រទេស ព្រោះភ្ញៀវទេសចរមានតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ក្រៅពីនេះក៏ជំរុញឱ្យមន្ទីរទេសចរណ៍តាមបណ្តាខេត្តទាំងអស់ ត្រូវចាត់មន្ត្រីទេសចរចុះពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំនូវការអនុវត្តន៍វិធានសុវត្តិភាពនានា ដែលដាក់ចេញដោយក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល នៅតាមបណ្តាគោលដៅទេសចរណ៍ រមណីយដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បីធានាបាននូវសុវត្តិភាពដល់ភ្ញៀវទេស​ចរ​៕

×