Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ICC Preah Vihear បើកកិច្ចប្រជុំបច្ចេកទេសលើកទី៦ សម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ

ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពី លទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី៦ បានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ តាមរយៈប្រព័ន្ធ Video Conference និងផ្ទាល់នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៦ នៃគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិ សម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារ ដែលដឹកនាំដោយឯកឧត្តម Hu Jian សហប្រធានចិន និងលោកជំទាវ Devyani Uttam Khobrangade សហប្រធានឥណ្ឌា​ ដោយមានការចូលរួមពីអ្នកជំនាញការជាតិ​ និងអន្តរជាតិដោយផ្ទាល់ចំនួន៣០នាក់ និងតាមរយៈ Video conference ចំនួន៤៧នាក់ សរុបចំនួន៧៧នាក់។

នៅក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារបានធ្វើបទបង្ហាញ ស្ដីពីរបាយការណ៍វឌ្ឍនភាព នៃការវាយតម្លៃហានិភ័យនៃប្រាសាទព្រះវិហារ របាយការណ៍ស្ដីពីសកម្មភាពអភិវឌ្ឍន៍សហគមន៍ នៅតំបន់ប្រាសាទព្រះវិហារ របាយការណ៍វឌ្ឍនភាព ស្ដីពីការបង្កើតគេហទំព័រអាជ្ញាធរជាតិព្រះវិហារ ការរៀបចំឯកសារ និងការស្នើសុំអភិរក្សប្រាសាទចំនួន៦ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ របាយការណ៍ស្ដីពីការដួលរលំនៃជញ្ជាំងខាងជើង ស្ពានហាលខាងកើត ផ្លូវចូលប្រាសាទធំ និងការស្នើសុំអន្តរាគមន៍បន្ទាន់ សំណើរៀបចំសៀគ្វីថ្មី ពីប្រាសាទប្រាង្គ ទៅភូមិកោះកេរ និងផ្លូវតភ្ជាប់ពីផ្លូវធំ ទៅប្រាសាទគោកគ្រង និងស្លាកសញ្ញាទេសចរណ៍ របាយការណ៍វឌ្ឍនភាព ស្ដីពីការកំណត់ព្រំ នៅតំបន់បុរាណវិទ្យាប្រាសាទកោះកេរ និងលទ្ធផល នៃការសិក្សាលើការប្រើប្រាស់ដី ការគ្រប់គ្រងសំណង់ និងប្រជាសាស្ត្រនៅតំបន់ប្រាសាទកោះកេរ។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមប្រជុំ និងបានកោតសរសើរការប្តេជ្ញាចិត្តខ្ពស់របស់សហប្រធានចិន និងឥណ្ឌា និងបណ្តាប្រទេសជាសមាជិក រួមជាមួយអ្នកជំនាញការជាតិរបស់អាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការអន្តរជាតិ ក្នុងការបំពេញការងារជួសជុល និងអភិរក្សប្រាសាទព្រះវិហារនិងប្រាសាទកោះកេរ ទោះស្ថិតក្នុងស្ថានការណ៍លំបាកដែលរងផល ប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ជាសកលក្តី។

ជាមួយគ្នានេះដែរ លោកស្រីរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា៖ បច្ចុប្បន្នយើងនឹងទទួលអ្នកជំនាញការ ICOMOS មកពិនិត្យមើលទីតាំងជាក់ស្តែងរបស់ប្រាសាទកោះកេរ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំឯកសារស្នើដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីដើមឆ្នាំ២០២១ កន្លងមក»។

អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-Preah Vihear តែងរៀបចំកិច្ចប្រជុំ ICC-Preah Vihear ចំនួន ២ ដង ក្នុងមួយឆ្នាំ ដែលរួមមានកិច្ចប្រជុំពេញអង្គរៀបចំនៅរៀងរាល់ខែមីនា និងកិច្ចប្រជុំបច្ចេកទេសនៅរៀងរាល់ខែកញ្ញា។ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ កិច្ចប្រជុំនេះត្រូវបានលើកកាលពីខែមីនា ឆ្នាំ២០២១ មកធ្វើការប្រជុំនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីតាមដានវឌ្ឍនភាពការងារ របស់អាជ្ញាធរជាតិព្រះវិហារ ដែលបានអនុវត្តក្នុងឆ្នាំ២០២១ កន្លងមក៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×