ភ្នំពេញ៖ វត្ថុបុរាណខ្មែរ ដែលជាសម្បិត្តវប្បធម៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ត្រូវបានបញ្ចូនត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញជាបន្តបន្ទាប់។ ជាក់ស្តែងថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនិងគ្រួសារ លោក ឌូឆ្លាស ឡាចហ្វក (Douglas Latchford) ស្តីពីការបញ្ចូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ។
បើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ក្នុងនោះមានបដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរ និងព្រះស្កន្ទ) មកពីប្រាសាទកោះកេរ បដិមាថ្មព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរ និងនាងឧមា) និងកន្សៃទូកសំរឹទ្ធ ត្រូវបានប្រទេសអង់គ្លេស បញ្ចូនមកឱ្យកម្ពុជា វិញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
គួរបញ្ជាក់ថា រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕