ក្រុមប្រឹក្សាកសិកម្មតៃវ៉ាន់ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើរទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក(WTO)ដើម្បីគាំទ្រ និងដោះស្រាយបញ្ហានាំចេញផ្លែឈើរបស់តៃវ៉ាន់។ ការអំពាវនាវនេះធ្វើឡើងក្រោយប្រទេសចិនបានហាមឃាត់ការនាំចូលផ្លែឈើរបស់កោះមួយនេះកាលពីថ្មីៗកន្លងទៅនេះ។ នេះបើតាមការលើកឡើងពី រដ្ឋមន្ត្រីក្រសួងកសិកម្មតៃវ៉ាន់លោក ចេន ចូននឺជី។
ប្រទេសចិនបានផ្អាកការនាំចូលដំណាប់ផ្លែប៉ោម និងស្ករផលិតពីផ្លែប៉ោមចាប់តាំងពីថ្ងៃទី២០ខែសីហាកន្លងមក។ កាលនោះ អាជ្ញាធរប្រទេសចិនបាននិយាយថា ការផ្អាកនេះដោយសារ ពួកគេបានរកឃើញថា កប៉ាល់ដែលដឹកជញ្ចូនទំនិញនេះមានប្រភេទសត្វល្អិត និងសត្វល្អិតប្រភេទកសិកម្មទូទៅ។
ប៉ុន្តែបើតាម អាជ្ញាធរតៃវ៉ាន់វិញ ពួកគេមិនបានទទួលរបាយការណ៍អំពីបញ្ហាសត្វល្អិតក្នុងទំនិញក្នុងរយៈពេល៦ខែមកហើយ។ ជាក់ស្តែងចិន អាចដុតបំផ្លាញទំនិញទាំងអស់នោះដើម្បីកម្ចាត់សត្វល្អិតបានផងដែរ។
រដ្ឋមន្ត្រីក្រសួងកសិកម្មតៃវ៉ាន់ខាងលើបានថ្លែងថា ក្រុមប្រឹក្សាកសិកម្មតៃវ៉ាន់នឹងដាក់ពាក្យស្នើពាក់ព័ន្ធនឹងករណីនេះទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកនៅពាក់កណ្តាលខែតុលាខាងមុខ។ មធ្យោបាយមួយនេះ គឺដើម្បីឱ្យអង្គការពាណិជ្ជកម្មពិភពលោកអាចពិនិត្យទៅលើបញ្ហានៅក្នុងកិច្ចប្រជុំជាទៀងទាត់របស់ខ្លួនដែលគ្រោងចាប់ផ្តើមធ្វើឡើងនៅក្នុងខែវិច្ឆិកា។
ស្របគ្នានេះដែរ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា ពួកគេកំពុងធ្វើការជាលក្ខណៈចម្រុះដើម្បីកំណត់ទិសដៅនាំចេញផ្លែឈើ
រប់ស់ខ្លួនរួមមាន៖ សិង្ហបុរី ម៉ាឡេស៊ី ហុងកុង និងជប៉ុនដែលទីផ្សារទាំងអស់នេះ តៃវ៉ាន់កំពុងសម្លឹងមើលពីការពង្រើកទំហំនាំចេញ៕ ប្រភព៖ Taiwan News