កំពង់ឆ្នាំង៖ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយកម្លាំងសហគមន៍នេសាទ និងសមត្ថកិច្ច បានចុះបង្ក្រាបនៅក្នុងសប្តាហ៍នេះ ទៅលើបទល្មើសនេសាទជាង ៣០កន្លែង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បទល្មើសនេសាទ ទោះបីធ្វើការបង្ក្រាបយ៉ាងណាក៏មិនអស់ដែរ ដែលទាមទារឲ្យកម្លាំងជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបជាប្រចាំ ពីព្រោះជនខិលខូចមួយចំនួន ចាំតែលួចប្រព្រឹត្ត ដោយមិនបានគិតពីភាពវិនាសហិនហោចនៃមច្ឆជាតិឡើយ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត បានឲ្យដឹងទៀតថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ កម្លាំងចម្រុះ បានចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បានចំនូន ៣៤កន្លែង ក្នុងនោះរបាំងស្បៃមុងចំនួន ៣១កន្លែង ប្រវែង ១.០០០ម៉ែត្រ លូ ៣៣មាត់ បង្គោល ៤៨០ដើម និងចាក់លែងត្រីចម្រុះចំនួន ១៥០គីឡូក្រាម។ របាំងសាច់អួនចំនួន ៣កន្លែង ប្រវែង ២៤០ម៉ែត្រ លូ៤មាត់ បង្គោល ១៣០ដើម និងចាក់លែងត្រីចម្រុះចំនួម ១០គីឡូក្រាម៕