ចានដ៏កម្រមួយដែលត្រូវបានផលិតតាំងពីរជ្ជកាល ឈីង ទុកសម្រាប់ថ្វាយដល់ព្រះចៅអធិរាជកាងស៊ី របស់ចិន ទើបដេញថ្លៃបានទឹកប្រាក់ ៣០,៤លានដុល្លារ កាលពីថ្ងៃ ៣ ខែមេសា -នេះបើតាមក្រុមហ៊ុនដេញថ្លៃ Sotheby ឲ្យដឹង ។
តាម RTE ចាននេះត្រូវបាន ព្រះចៅអធិរាជកាងស៊ី ប្រើប្រាស់នាអំឡុងដើមសតវត្សរ៍ទី ១៨ ។ វាមានវិជ្ជមាត្រ ១៤,៧សង់ទីម៉ែត្រ ។
ការដេញថ្លៃចានដ៏កម្រនេះ ត្រូវបានសម្រេចក្នុងអំឡុងពេលមិនដល់ ៥នាទីផង វាបានក្លាយជាទ្រព្យរបស់មនុស្សម្នាក់ដែលធ្វើការដេញថ្លៃតាមទូរស័ព្ទ និងមិនបញ្ចេញឈ្មោះ ។
តាមលោក Nicolas Chow ឲ្យដឹងថា បច្ចុប្បន្ននៅលើលោកនេះមានចានបែបនេះនៅសល់តែ ៣ប៉ុណ្ណោះ។
គួររំលឹកថា កាលពីឆ្នាំទៅមិញ មានចានបុរាណអាយុកាល ១.០០០ឆ្នាំ នារជ្ជកាលសុង ក៏គេលក់ដេញថ្លៃបានដល់ទៅ ៣៧,៧លានដុល្លារ ដែលជាតម្លៃ ឯតទគ្គកម្មអំពីវត្ថុបុរាណធ្វើពីព័រសឺឡែនចិន ៕