អូស្ត្រាលីនឹងអនុញ្ញាតឱ្យប្រជាជននៅទូទាំងប្រទេសអាចធ្វើដំណើរកម្សាន្តជាលក្ខណៈអន្តរជាតិឡើងវិញ ដោយចាប់ពីខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន BBC។
ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក ប្រទេសអូស្ត្រាលីបានរារាំងប្រជាជនរបស់ខ្លួនមិនឱ្យចាកចេញពីប្រទេសទៅកាន់ប្រទេស រឺតំបន់ផ្សេងនោះទេ ដោយលើកលែងតែមានករណីចាំបាច់តែប៉ុណ្ណោះ។ ការហាមឃាត់នេះ គឺជាភាពជោគជ័យដ៏ធំមួយរបស់អូស្ត្រាលីដើម្បីការពារការរីករាលនូវជំងឺកូវីដ១៩។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីអូស្រា្តលីលោក ស្កុតម៉ារីសុនបាននិយាយថា អូស្រ្តាលីគឺបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ដំណាក់កាលបន្ទាប់ដើម្បីធានាបានសុវត្ថិភាពទៅកាន់ពិភពលោក ជាមួយការផ្លាស់ប្តូរទៅកាន់ព្រំដែនអន្តរជាតិ។ រដ្ឋាភិបាលរបស់យើងក៏កំពុងដាក់ចេញនូវកិច្ចការក្របខណ្ឌមួយចំនួនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើដំណើរជាលក្ខណៈអន្តរជាតិរបស់ប្រជាជនក្នុងស្រុកនឹងអាចបើកដំណើរការឡើងវិញនៅខែក្រោយ។
ថ្លែងក្នុងសន្និសីទ លោក ម៉ារីសុនបាននិយាយថា អូស្រា្តលីនឹងអាចធ្វើដំណើរបានឡើងវិញក្រោយរដ្ឋនីមួយៗបានចាក់វ៉ាក់សាំងកើនឡើងរហូតដល់៨០ភាគរយ។
លោក ម៉ារីសុនបានថ្លែងថា៖« នេះគឺជាពេលវេលាដែលប្រជាជនអូស្ត្រាលីមានជីវិតឡើងវិញ»។
ជាក់ស្តែង សម្រាប់ប្រជាជនអូស្រ្តាលីដែលទទួលបានវ៉ាក់សាំងគ្រប់ចំនួនទាំង២ដូស និងប្រជាជនអចិន្ត្រៃយ៍នឹងតម្រូវឱ្យធ្វើចត្តាឡីស័កនៅឯផ្ទះរបស់ពួកគេចំនួន៧ថ្ងៃ ហើយសម្រាប់ណាដែលមិនទាន់បានចាក់វ៉ាក់សាំង និងបានទទួលហើយប៉ុន្តែវ៉ាក់សាំងនោះមិនត្រូវបានទទួលស្គាក់នៅឡើយនោះ ពួកគេត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និងដោយស្ថិតនៅក្រោមការគ្រប់គ្រងពីក្រុមគ្រូពេទ្យ។
បន្ថែមពីនេះ សេចក្តីថ្លែងការណ៍ក៏បានឱ្យដឹងទៀតថា សម្រាប់ប្រជាជនណាដែលមិនទាន់អាចចាក់វ៉ាក់សាំងបានដោយសារហេតុផលដូចជា អាយុច្រើន និងលក្ខខណ្ឌសុខភាព ពួកគេនឹងលើកលែងដើម្បីអាចដើរលេងកម្សាន្តដូចគេដូចឯង។
សូមបញ្ជាក់ថា នៅក្នុងសមរភូមិជំងឺកូវីដ១៩នេះ ប្រទេសអូស្រា្តលីមិនទាន់ឱ្យមានការបើកច្រកព្រំដែនឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសនោះទេ ពោលគឺអោយតែប្រជាជនក្នុងស្រុកមានសេរីភាព និងអាចធ្វើដំណើរចេញក្រៅប្រទេសបានប៉ុណ្ណោះ៕ ប្រភព៖ Israel National News