កណ្ដាល ៖ ករណីសំណុំរឿង កូនស្រីតិរច្ឆានយកកាំបិតផ្គាក់កាប់សម្លាប់ឪពុកបង្កើត រឿងឪពុកយកលុយ៣០០០រៀលទៅកាត់សក់នោះ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានលោក គឹម រ័ត្នណារិន អនុប្រធានសាលាដំបូងខេត្តកណ្ដាល និងជាចៅក្រមស៊ើបសួរ បើសវនាការសួរដេញដោល លើជនដៃដល់ ហើយបានសម្រេចចេញដីកាឃុំខ្លួន ស្រីរូបនោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន។
មន្ត្រីតុលាការបានថ្លែងថា ជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ។
សូមបញ្ជាក់ថា ករណីឃាតកម្មនេះ កើតឡើងនៅវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅភូមិល្វាសកណ្តាល ឃុំល្វាស ស្រុកល្វាឯម។ ជនរងគ្រោះឈ្មោះ ឯម រឿន អាយុ៦៦ឆ្នាំ ត្រូវជាឪពុកបង្កើតជនសង្ស័យ ជនសង្ស័យឈ្មោះ ឃុត ចាន់នី អាយុ៣១ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ដើមហេតុ នៃការសម្រេចចិត្តទាញកាំបិតមកសម្លាប់ឪពុកបង្កើតខ្លួនឯងនេះ ក៏ដោយសារក្រោយពីនាងមកពីលក់ឆៃថាវវិញ ពេលដល់ផ្ទះក៏រាប់លុយហើយបាត់៣.០០០រៀល គិតថាមានតែឪពុកទេអ្នកយក។ ពេលឪពុកមកពីកន្លែងកាត់សក់វិញ នាងចាន់នី ក៏ស្ទុះទៅយកកាំបិតផ្គាក់ មកកាប់ឪពុកស្លាប់ភ្លាមនៅក្រោមផ្ទះតែម្តង៕ ដោយ ៖ បញ្ញាស័ក្តិ