Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្លាស់ប្តូរ​ទម្រង់រ​ទេះ​គោខ្មែរ​

​ជាទូទៅ អត្ថប្រយោជន៍​របស់រ​ទេះ​គោខ្មែរ ត្រូវបាន​គេ​ទទួលស្គាល់​ជា​សាធារណៈ​គ្រប់ៗ​គ្នា តាំងពី​សម័យ​បុរម​បុរាណ ដ៏​យូរលង់​ណាស់​មកហើយ ។ ព្រោះថា រទេះគោ​គឺជា​មធ្យោបាយ​ដឹកជញ្ជូន​ប្រជាប្រិយ៍ តាម​ផ្លូវគោក​របស់​ប្រជាជន​ខ្មែរ ប្រមាណ​ជា​២០០០​ឆ្នាំ​មកហើយ ។​

​ចម្លាក់​រទេះគោ​, ប្រាសាទ​បាយ័ន​, ថត ២០០១

​បើ​ពិនិត្យ​វិភាគ​លើ​រទេះគោ​ខ្មែរ ដែល​អ្នកស្រែ​ចំការ​កំពុង​តែ​ប្រើប្រាស់​ផ្ទាល់ ស្ទើរតែ​គ្រប់​ទិស​ទី​នៅ​លើ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នោះ យើង​អាច​ឃើញ​នូវ​ទេពកោសល្យ​របស់​ម​នុស្ស​ខ្មែរ ក្នុង​ការផលិត​កែ​ច្នៃប្រឌិត ជាពិសេស​ការតុបតែង​លំអ​របស់​បុព្វការី​ជន​ខ្មែរ គួរឲ្យ​ចាប់អារម្មណ៍ ។​

​នៅ​ប្រទេស​យើង មាន​រទេះគោ​ជាច្រើន​ប្រភេទ ដែល​អ្នកស្រុក​ស្រែចំការ​ខ្មែរ​បាន​ផលិត និង​ប្រើប្រាស់ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា ជា​កេរ្តិ៍ដំណែល​វប្បធម៌​រូបីយ៍ ដែល​ដូនតា​បាន​បន្សល់​ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ។​

​រទេះគោ​, សៀមរាប (​ថត ១៩៩២)

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជា​ពិសេស​ចាប់តាំងពី ឆ្នាំ​១៩៩៤​មក មាន​ការផ្លាស់ប្តូរ​ទម្រង់​នៃ​រទេះគោ​គួរឲ្យ​ព្រួយបារម្ភ​ក្រៃលែង ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ពីមុនមក ។ នៅ​ក្រោម​សម្ពាធ​នៃ​ទំនើបកម្ម គួបផ្សំ​ទៅនឹង​ការចេះដឹង​មាន​កម្រិត​មិន​ជ្រៅជ្រះ អ្នកស្រែ​ចំការ​ខ្មែរ​មួយចំនួន បាន​នាំមក​នូវ​ការប្រែប្រួល​ជា​អវិជ្ជមាន គួរឲ្យ​ព្រួយបារម្ភ​ក្រៃលែង ពោល​គឺ​ការប្រើ​កង់​កៅស៊ូ​ជំនួស​កង់​ឈើ​ទៅវិញ ដែល​ជា​ប្រពៃណី​មាន​តាំងតែ​ពី​ដូនតា​មក ។​

​វត្ថុបំណង​របស់​យើង​នៅទីនេះ​គឺ គ្រាន់តែ​សូម​រំលឹក​ឡើងវិញ​នូវ​តម្លៃ​វប្បធម៌​ដ៏​ធំធេង ព្រមទាំង​នាទី​ជា​ប្រវត្តិសាស្ត្រ នៃ​រទេះគោ​ខ្មែរ​ដែល​កំពុង​ប្រឈមមុខ​ទៅ​នឹង​បច្ចេកទេស​នា​សម័យ​សកល​នីយកម្ម ដែល​អាច​នាំមក​នូវ​ការបាត់បង់​ទម្រង់​ដើម​របស់​វា​តែប៉ុណ្ណោះ ។ ចង់​ឬ​មិន​ចង់ យើង​ទាំងអស់គ្នា​ត្រូវ​រួមចំណែក​ក្នុង​ការថែរក្សា ។ ជាពិសេស ទោះបី​ឆ្លើយតប​នឹង​តម្រូវការ​ថ្មី នៃ​សង្គម បណ្តាលមកពី​ការវិវត្តន៍​របស់​សង្គម មាន​អត្ថប្រយោជន៍ ក៏ប៉ុន្តែ​ការសម្របសម្រួល​បែបនេះ មិនមែន​ជា​បច្ច័យ​ល្អ​ទេ​សម្រាប់​អត្តសញ្ញាណ​ជាតិ​របស់​យើង ដែល​មាន​វិស័យ​វប្បធម៌ ជា​លក្ខណៈ​សំគាល់ ។​


​រទេះគោ​, កំពង់ចាម (​ថត ១៩៩៣)

ជាទូទៅ បើ​ពិនិត្យ​លើ​លក្ខណៈ​របស់​រទេះគោ​ខ្មែរ ធ្វើ​តាម​ប្រពៃណី​ជាតិ និង​រទេះគោ​ឥណ្ឌា យើង​នឹង​សង្កេត​ឃើញ​សោភ័ណភាព​និង​ឧត្តមភាព​របស់​រទេះគោ​ខ្មែរ​ជា​ពុំខាន ។ ទាំងនេះ​គឺជា​សញ្ញា​បញ្ជាក់ឲ្យ​ឃើញ នូវ​ទេពកោសល្យ​ខ្ពស់ ខាង​ផ្នែក​បច្ចេកទេស​ក៏​ដូច​ខាង​រាងរៅ​ដ៏​សមសួន ដែល​ប្រទេស​ជិតខាង​ពិបាក​នឹង​ប្រណាំងប្រជែង​បាន ។​

​ទេសចរណ៍​អន្តរជាតិ រមែងតែ​មានចិត្ត​រំភើប ញញឹម​ញញែម នៅពេល​ដែល​ឃើញ​ម្តងៗ​នូវ​ចម្លាក់​រទេះគោ​នៅតាម​ប្រាង្គ​ប្រាសាទ​សីលា​បុរាណ ខ្មែរ ឬ​នៅ​តាម​ជនបទ​នានា ព្រោះ​ថា​គេ​មិន​ដែល​បាន​ឃើញ​នៅ​ស្រុក​គេ​ឡើយ ។​

​រទេះគោ​, ឆ្នាំ ២០០៩

សូម​កត់សម្គាល់​ផងដែរ​ថា ដូច​ពោល​ខាងលើ បើទោះបីជា​សព្វថ្ងៃនេះ មានការ​ប្រែប្រួល​ខុស​ទំនង​អញ្ចឹង​មែន ក៏​ប៉ុន្តែ​ពុំ​ទាន់​ប៉ះពាល់​ទូទាំងប្រទេស​នៅឡើយ​ដែរ ។ ខាងលើ​នេះ​គឺជា​សញ្ញា​បង្ហាញ​ចង្អុល ពី​ការវិវត្តន៍​ជា​អវិជ្ជមាន​របស់​សង្គម​ខ្មែរ ដែល​ប្រឈមមុខ​នឹង​សកល​នីយកម្ម ។​

​រទេះគោ​ឬរ​ទះ​ក្របី​ខ្មែរ អាច​មាន​ជីវិត​រស់រាន​ត​ទៅ​អនាគត​បាន លុះត្រាតែ​យើង​មានចិត្ត​ស្រឡាញ់​និង​យល់​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ពិតប្រាកដ​របស់​វា ។ បើ​និយាយ​ម្យ៉ាងទៀត ដើម្បី​ធានា​ភាព​គង់វង្ស​របស់​រទេះ​គោ​ខ្មែរ​បាន លុះត្រាតែ​យើង​ទាំងអស់គ្នា​ត្រូវ​រក្សា​ទាំង​រូបរាង ទាំង​វិញ្ញាណ​ឬ​តម្លៃ​វប្បធម៌​របស់​វា ៕ (​ម​.​ត្រា​ណេ​)

×