ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង ថ្លែងថា ការនឿយហត់របស់យើងអាជ្ញាធរ គឺដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងសម័យកូវីដ។
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំតាមប្រព័ន្ធ Video Conference បន្ទាន់នាព្រឹកថ្ងៃទី៤តុលានេះ សំដៅពង្រឹងការអនុវត្តសារាចរស្ដីពីការពង្រឹងវិធានការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ សម្រាប់អំឡុង និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ លេខ០៧ស.រចុះថ្ងៃទី៣តុលា ឆ្នាំ២០២១របស់រាជរដ្ឋាភិបាល។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបង្ហាញពីការព្រួយបារម្ភចំ ពោះការរីករាលដាលនៃជំងឺកូវីដ.១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌនេះក្នុង ពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅបុណ្យភ្ជុំនៅស្រុកកំណើត ដែលទាមទាឲ្យិយើងត្រូវពង្រឹងការទប់ស្កាត់ ការីករាលដាលនៃជំងឺកូវីដ.១៩ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក ឲ្យបានម៉ត់ចត់ ជាពិសេសតាមច្រកចេញចូលរាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេង បានថ្លែងថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានចំណាយធនធានច្រើនណាស់ ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ និងដោះស្រាយជីវភាព ប្រជាពលរដ្ឋតាមតំបន់បិទខ្ទប់ជាដើម។ ឯកឧត្តម បន្តថា៖ ការនឿយហត់របស់យើង គឺជាពលីកម្មដ៏មានតម្លៃដើម្បីសុខុមាលភាព ប្រជាពលរដ្ឋយើង។ ឯកឧត្តមអភិបាល បានណែនាំទៅគណៈបញ្ជាការខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងវិធានការការពារឲ្យបានម៉ត់ចត់បំផុត រួមទាំងវិធានការអប់រំ នៅតាមបេនឡាន, តាមច្រកចេញចូលរាជធានីភ្នំពេញឬកាត់បន្ថយ ការប្រើប្រាស់មធ្យោបាយធ្វើដំណើររួមឬបន្ថយចំនួនមនុស្សជិះ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន វិធានការ៣កុំ៣ការពារ ពិសេសនៅពេលបងប្អូនវិលត្រឡប់ ពីស្រុកកំណើតវិញ អាជ្ញាធរនឹងធ្វើតេស្តរហ័សរកមេរោគកូវីដ.១៩ ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ.១៩ ចូលក្នុងរោងចក្រសហគ្រាស ក្នុងរាជធានីភ្នំពេញ នឹងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋយើង ចេះការពារខ្លួនឯង, ក្រុមគ្រួសារខ្លួន។
ឯកឧត្តមឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរធម្មការនិងសាសនា ក៏ដូចអាជ្ញាធរខណ្ឌពង្រឹងវិធានការ ទប់ស្កាត់ការចម្លងជំងឺកូវីដ.១៩ និងញែកកុំអោយមានការប្រមូលផ្តុំមនុស្សច្រើន តាមទីអារាមនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្តពង្រឹងវិធានការការពារ តាមក្លឹបកម្សាន្ត, បៀហ្គាដិន, ខេធីវី, និងទីតាំងប្រមូលផ្តុំមនុស្សច្រើន ដែលអាជ្ញាធរ ធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត ហើយបើហាងផឹកស៊ីជួបជុំណាមួយ ល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ហើយម្ចាស់ហាង ម្ចាស់ទីតាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕រក្សាសិទ្ធិដោយ ៖ ថ្លា