បន្ទាយមានជ័យ ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បាឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉េន ឌឿង ហៅផ្លាប់ ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជននេះត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ឃាត់ខ្លួននៅវេលាម៉ោង១១និង១៧នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបងខេត្តបន្ទាយមានជ័យ ពីបទនាំមនុស្សចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ប្រទះឃើញពលករខ្មែរប្រុសស្រីចំនួន០៩នាក់ បម្រុងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយនាំមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ។
លោកនាយរងការិយាល័យ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រ៉េន ឌឿង ហៅផ្លាប់ បានសារភាពថា ខ្លួនបានស៊ីឈ្នួលឲ្យថៅកែថៃ រកពលករទៅធ្វើការនៅប្រទេសថៃ ដោយក្នុងម្នាក់ថៅកែថៃឲ្យឈ្នួល៥០០បាត ។ ដោយផ្អែកលើចម្លើយសារភាព និងការបំភ្លឺពីពលករខ្មែរទាំង០៩នាក់ ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ