ខេត្តកែប៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានណែនាំឲ្យមន្ត្រីកងកម្លាំងនគរបាលខេត្ត ក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល ឱ្យយកចិត្តទុកដាក់ ពង្រឹងសន្តិសុខ សុវត្ថិភាពគ្រប់មូលដ្ឋាន បង្ការទប់ស្កាត់ បង្ក្រាបអំពើភេរវកម្ម បទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសច្បាប់ផ្សេងៗ ទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ និងអគ្គិភ័យ នៅថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានណែនាំឲ្យនគរបាលខេត្ត ក្រុង ស្រុក ប៉ុស្តិ៍រដ្ឋបាល និងពង្រឹងវិធានការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។
ស្នងការនគរបាលខេត្តកែប បានថ្លែងថា សកម្មភាពនេះ សុទ្ធតែបង្កផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បតិ្ត និងសេចក្តីសុខចម្រើនរបស់ប្រជាជនយើង។ ជាមួយគ្នានោះដែរ លោកស្នងការក៏បានណែនាំ ឱ្យរៀបចំកម្លាំងប្រចាំការគ្រប់ៗអង្គភាព, រៀបចំកម្លាំងបន្ថែមនៅឆ្នេរកែប និងបានត្រៀមមធ្យោបាយ សម្រាប់សកម្មភាព អន្តរាគមន៍ផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំបន្ថែម ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ចូលរួមគោរពវិធានសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ