Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ចេញនូវវិធានការរដ្ឋបាល ផ្អាកជាបណ្តោះអាសន្ន សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការជួបជុំ និងការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមសាស្រ្តរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការជួបជុំ និងការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមសាស្រ្តរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវបន្តធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ។ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ ។ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា ។ អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ ។ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងរោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្ដុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១៥ (ដប់ប្រាំ) នាក់ លើកលែងតែក្នុងករណី ដូចខាងក្រោម ៖ ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា ។ ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់ របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយក សំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន ។ ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្ត វិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ។ ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត ។ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការ បំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។ ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្តី ។ ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬ ក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់៕ រក្សាសិទ្ធិដោយ ៖ កូលាប

×