Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ពីបច្ចុប្បន្នភាពនស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា វគ្គ២

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៧តុលានេះ ចេញសេចក្តីជូនព័ត៌មាន បច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា វគ្គ២ ឆ្លើយតបទៅនឹងកិច្ចប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដែលនឹងបញ្ចប់នៅថ្ងៃស្អែកនេះ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមជម្រាបនិងបំភ្លឺជូនសាធារណជនទាំងអស់អំពីបច្ចុប្បន្នភាព នៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា ឆ្លើយតបទៅនឹងការការរិះគន់និងរបាយការណ៍ ចោទប្រកាន់ដោយលំអៀង និងគ្មានមូលដ្ឋានរបស់ក្រុមនិងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការ នយោបាយប្រឆាំងនឹងរដ្ឋាភិបាល ដូចខាងក្រោម៖

កិច្ចសហការជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិ

១. កម្ពុជាមានឆន្ទៈខ្ពស់ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដែលបានស្ដែងចេញយ៉ាង ច្បាស់តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ ដែលធ្វើឱ្យប្រទេសមួយនេះក្លាយជាប្រទេសមួយលេចធ្លោនិងឈានមុខគេក្នុងតំបន់ក្នុងនាមជាភាគីសន្ធិសញ្ញ សិទ្ធិមនុស្សអន្តរជាតិ។

២. កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងគ្រប់យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាមួយ នឹងស្ថាប័នសន្ធិសញ្ញាផ្សេងៗទៀត។ ឧទាហរណ៍ ចាប់តាំងពីឆ្នាំ១៩៩៣ កម្ពុជា ជាប្រទេសតែមួយគត់ក្នុង តំបន់អាស៊ានដែលបានស្វាគមន៍ ទាំងវត្តមានអ្នករាយការណ៍ពិសេស ព្រមទាំងការិយាល័យឧត្ដមស្នងការទទួល បន្ទុកសិទ្ធិមនុស្ស ដើម្បីត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយដែលអាណត្តិអ្នករាយការណ៍ពិសេស និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានអនុញ្ញាតឱ្យបន្តជាបន្តបន្ទាប់រហូតមក ដល់បច្ចុប្បន្ន ។ លើសពីនេះ កម្ពុជា ក៏មិនដែលបានបដិសេធចំពោះសំណើទស្សនកិច្ចរបស់អ្នករាយការណ៏ ពិសេសណាមួយឡើយ។

វឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

៣. សិទ្ធិមនុស្សក្នុងស្ថានភាពកូវីដ-១៩៖ ក្នុងស្ថានភាពកូវីដ-១៩ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងយន្តកានានា រួមទាំងការផ្ដល់នូវលំហូរសាច់ប្រាក់ និងជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋនិងគ្រួសារ ដែលរង ផលប៉ះពាល់ពីកូវីដ-១៩ ក្នុងគោលដៅការពារនូវជីវិតរបស់ពលរដ្ឋ សុខភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ។

បន្ថែមពីលើនេះ គោលនយោបាយវ៉ាក់សាំងរបស់រដ្ឋាភិបាលក៏ទទួលបាននូវជោគជ័យនិងការកោតសរសើរពី សំណាក់ប្រទេសជាមិត្ត និងអង្គការសុខភាពពិភពលោក WHO ផងដែរ ដែលបានខិតខំរុករកវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួនច្រើននិងក្នុងរយៈពេលខ្លី ដែលមកដល់ពេលនេះ ការចាក់ វ៉ាក់សាំងបានឈានទៅដល់ការចាក់ដូសទី៣ សម្រាប់ពលរដ្ឋអាយុពី១៨ឆ្នាំឡើងទៅ ការចាក់ដូសទី១ សម្រាប់យុវជនអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ និងការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលសរុបចាក់បានជាង១៣លាននាក់។

ការសម្រេចបានជោគជ័យលើនយោបាយវ៉ាក់សាំងនេះនឹងជួយឱ្យកម្ពុជាអាចបើកដំណើរការ ឡើងវិញបានជាបណ្តើរៗនូវសកម្មភាពសេដ្ឋកិច្ចនិងសង្គម តាមគន្លងប្រក្រតីភាពថ្មី ដូចជាការបើកសាលារៀន និងទេសចរណ៍ ជាដើម។ល។ ដែលទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានា និងការពារនូវសិទ្ធិរបស់ពលរដ្ឋ ក្នុងស្ថានភាពកូវី ជាពិសេសសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវ សេវាសុខភាព សិទ្ធិទទួលបាននូវការអប់រំ និងសិទ្ធិផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

៤. ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ៖ ដោយមានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រគល់ ការងារនេះមកឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការដឹកនាំនិងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ស្ថាប័នសិទ្ធិមនុស្សជាតិ ពេលនេះ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ចប់សេចក្តីព្រាងដំបូង របស់ខ្លួនរួចហើយ ដោយផ្អែកលើគោលការណ៍ទីក្រុងប៉ារីស និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយនឹងបន្ត ធ្វើការពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ដើម្បីធានាបាននូវតម្លាភាព នៃដំណើរការនៃការតាក់ តែងសេចក្តីព្រាងច្បាប់នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើលិខិតអញ្ជើញជាផ្លូវការទៅការរិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា – OHCHR ដើម្បីចូលរួមសហការនិង ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់និងសម្របសម្រួលអញ្ជើញភាគីខាងសង្គមស៊ីវីលឱ្យចូល រួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ។ តែផ្ទុយទៅវិញ ភាគីខាងសង្គមស៊ីវិលបានបដិសេធទៅនឹងការអញ្ជើញ របស់ការិយាល័យឧត្តមស្នងការ OHCHR និងបានរួមគ្នាចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈកាលពីថ្ងៃ – ទី២៤ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ បដិសេធមិនចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តី ព្រាងច្បាប់នេះទេ ដោយយកហេតុផលអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនទាន់ល្អ និងបានធ្វើការ រិះគន់មកលើរដ្ឋាភិបាល ដែលនេះបង្ហាញឱ្យឃើញច្បាស់ពីចរិត និងរបៀបវារៈនយោបាយ និងភាពគ្មាន ការទទួលខុសត្រូវរបស់សង្គមស៊ីវីលទាំងអស់នេះ។

តែទោះជាយ៉ាងនេះក៏ដោយ ក៏គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅតែបន្តកិច្ចសហការជាមួយ ការិយាល័យឧត្ដមស្នងការ OHCHR ក្នុងកិច្ចដំណើការពិគ្រោះយោបល់នេះតទៅទៀត ដោយគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ នូវសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់និងអន្តរជាតិ តាមប្រព័ន្ធអនឡាញ លើសេចក្តីព្រាងច្បាប់នេះ ដោយមានការចូលរួមពីអ្នកជំនាញការជាតិនិងអន្តរជាតិ ស្ថាប័នសិទិ្ធមនុស្ស អន្តរជាតិ រួមទាំងគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន ផងដែរ ហៅកាត់ថា អាយឆា AICHR។ បន្ថែមពីលើនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានអនុញ្ញាតឱ្យសាធារណជនចូលរួមផ្ដល់យោបល់ ផងដែរលើសេចក្តីព្រាងច្បាប់នេះ តាមរយៈការបង្កើតជា Channel Telegram ដែលរហូតមកដល់ពេលនេះ មាន សមាជិកចំនួនជាង២០០នាក់ និងបានចូលរួមផ្តល់ជាយោបល់ជាបន្តបន្ទាប់លើសេចក្តីព្រាងច្បាប់នេះ។

៥. សេរីភាពនៃការបង្កើតសមាគមនិងអង្គការក្រៅរដ្ឋាភិបាល៖ កម្ពុជាមានអង្គការក្រៅរដ្ឋាភិបាល ចំនួនជាង៦០០០ ហើយរដ្ឋាភិបាលនៅតែប្ដេជ្ញាចិត្តក្នុងការដោះស្រាយ បញ្ហាប្រឈមរបស់ពួកគេ តាមរយៈវេទិកាភាពជាដៃគូជាទៀងទាត់ ដែលបានបង្កើតរួចហើយ។ រដ្ឋាភិបាលក៏កំពុងពិនិត្យនិងសិក្សានីត្យានុកូលភាព នៃសំណើសុំធ្វើវិសោធនកម្មលើមាត្រាទាំង១៤ នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ផងដែរ។

៦. សិទ្ធិទទួលព័ត៌មាន៖ ត្រូវបានធានានិងការពារនៅកម្ពុជាតាមរយៈយន្តការច្បាប់ និងស្ថាប័ន រួមមាន ការរៀបចំក្របខណ្ឌច្បាប់សំខាន់ៗនិងចាំបាច់មួយចំនួនពាក់ព័ន្ធសេរីភាពសារព័ត៌មាន ជាពិសេសសេចក្ដី ព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ និងការអនុញ្ញាតឱ្យបង្កើត និងដំណើរការស្ថាប័នព័ត៌មានទាំងជាតិនិងអន្តរជាតិនៅកម្ពុជា និងធ្វើការផ្សព្វផ្សាយដោយសេរី មិនមាន ការត្រួតពិនិត្យជាមុនឡើយ។ ប្រព័ន្ធផ្សព្វផ្សាយជិត២០០០ ដែលមានទាំងសំឡេងរិះគន់រដ្ឋាភិបាល បាន និងកំពុងដំណើរការដោយសេរី តាមរបៀបបែបប្រពៃណនិងឌីជីថល ដោយគ្មានការត្រួតពិនិត្យជាមុនឡើយ។

សារព័ត៌មាន ជាវិជ្ជាជីវៈសេរី តែក៏ត្រូវស្ថិតក្រោមការគ្រប់គ្រងនិងក្របខណ្ឌច្បាប់ផងដែរ រួមមាន ច្បាប់ស្តីពីរបបសារព័ត៌មាននិងបញ្ញត្តិច្បាប់ផ្សេងៗទៀតដែលពាក់ព័ន្ធ មានន័យថា បើអ្នកសារព័ត៌មាន មានកំហុស ខាង វិជ្ជាជីវៈ គឺត្រូវទទួលខុសត្រូវតាមច្បាប់ស្ដីពីរបបសារព័ត៌មាន តែបើអ្នកសារព័ត៌មានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ គឺត្រូវទទួលខុសត្រូវតាមបញ្ញត្តិច្បាប់ព្រហ្មទណ្ឌ។

វាជារឿងមិនត្រឹមត្រូវនិងសមហេតុសមផលនោះទេ ការដែលក្រុមមួយហៅខ្លួនឯងថាសារព័ត៌មានឯករាជ្យ ឬ អ្នកវិភាគឯករាជ្យ ដោយសារតែខ្លួនហ៊ានរិះគន់រដ្ឋាភិបាលនោះ ព្រោះថាសារព័ត៌មាន និងអ្នកវិភាគវិជ្ជាជីវៈត្រូវធ្វើការ ផ្សព្វផ្សាយនិងវិភាគទាំងចំណុចវិជ្ជមាននិងអវិជ្ជមានរបស់រដ្ឋាភិបាល ដើម្បីជាប្រយោជន៍ដល់សង្គមនិងផ្ដល់ ព័ត៌មានពិតក៏ដូចជាចំណេះដឹងដល់សាធារណជន មិនមែនផ្តោតតែលើចំណុចអវិជ្ជមានដែលធ្វើឡើងដោយកំហឹង និងគុំនុំគុំគួនជាមួយរដ្ឋាភិបាលនិងដើម្បីបំរើផលប្រយោជន៍នយោបាយនោះទេ។ការផ្សព្វផ្សាយព័ត៌មានឬការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវច្បាស់លាស់ នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការផ្សព្វផ្សាយព័ត៌មានឬការវិភាគនោះប៉ះពាល់ និងរំលោភបំពានលើសិទ្ធិសេរីភាពនិងសេចក្ដីថ្លៃថ្នូរអ្នកដ៏ទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ហើយការអនុវត្តច្បាប់លើអំពើល្មើសនេះ មិនមែនជាការគំរាមកំហែងដល់ អ្នកសារព័ត៌មានឬអ្នកវិភាគឡើយ ហើយការផ្សាយនិងការវិភាគដែលបំពានច្បាប់ទាំងនេះក៏មិនមែនជាការ អនុវត្តសិទ្ធិសេរីភាពសារព័ត៌មាននិងសិទ្ធិសេរីភាពនៃការសម្ដែងមតិឬទស្សនៈតាមផ្លូវច្បាប់ នៅក្នុងសង្គម ប្រជាធិបតេយ្យនោះដែរ។

៧. សេរីភាពនៃការជួបជុំសម្តែងមតិ៖ ការជួបជុំតវ៉ាដោយសន្តិវិធី សហការជាមួយសមត្ថកិច្ច និងគោរពតាមវិធានការសន្តិសុខ សុវត្ថិភាព និងសុខភាពសាធារណៈ គឺជាការអនុវត្តសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ ប៉ុន្តែផ្ទុយទៅវិញ ការជួបជុំតវ៉ាដោយមិនបានជូនដំណឹងនិងសហការជាមួយសមត្ថកិច្ច បំពានវិធានការ សន្តិសុខ សុវត្ថិភាព និងសុខភាពសាធារណៈ បង្កជាអំពើហិង្សានិងភាពចលាចលក្នុងសង្គម ប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងសិទ្ធិសេរីភាពអ្នកដ៏ទៃ រួមទាំងការដាក់សម្ពាធដល់ស្ថាប័នតុលាការ ដែលជាស្ថាប័នឯករាជ្យផងដែរនោះ គឺជាអំពើល្មើសទៅនឹងច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់គ្រប់វិធានការ ដើម្បី ទប់ស្កាត់។ ចំណែកឯការបញ្ចេញមតិដោយបំផ្លើសនិងបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាទុច្ចរិត ញុះញង់ បង្កភាព ចលាចល ប៉ះពាល់ដល់សន្តិសុខជាតិ មិនមែនជាការអនុវត្តសិទ្ធិនោះទេ ប៉ុន្តែជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នក ប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមាន។

៨. សេរីភាពផ្នែកនយោបាយនិងការបោះឆ្នោត កម្ពុជា ប្រកាន់ភ្ជាប់និងគោរពតាមគោលការណ៍ន លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជា បានរៀបចំ ការបោះឆ្នោតជាតិ និងឃុំ-សង្កាត់ជាច្រើនអាណត្តិ មកហើយ តាមមធ្យោបាយផ្ទាល់ខ្លួន ជាមួយនឹងការចូលរួម ប្រកបដោយសេរីភាព យុត្តិធម៌ និងគ្មានអំពើហិង្សា។ ជាឧទាហរណ៍ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ គឺប្រព្រឹត្តទៅជាប្រក្រតី ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងជាទៀតទាត់ ហើយមាន គណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែង ហើយប្រជាពលរដ្ឋក៏មានសិទ្ធិសេរីភាពពេញលេញក្នុង ការបោះឆ្នោតផងដែរ។ បច្ចុប្បន្នមានគណបក្សនយោបាយចំនួន៤៧ បានចុះបញ្ជីរួចហើយ ហើយដំណើរការ ប្រជាធិបតេយ្យ ក៏កំពុងប្រព្រឹត្តទៅជាទៀងទាត់ជាធម្មតា ដែលបច្ចុប្បន្ននេះ កម្ពុជាកំពុងតែរៀបចំធ្វើបច្ចុប្បន្នកម្ម បញ្ជីឈ្មោះបោះឆ្នោត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ។

៩. សេរីភាពផ្នែកជំនឿសាសនា៖ កម្ពុជា នាំមុខគេក្នុងតំបន់ក្នុងការធានាបាននូវសេរីភាពផ្នែកជំនឿនិង សាសានា ដែលពលរដ្ឋអាចជ្រើសរើសនិងកាន់នូវជំនឿសាសនាណាក៏បាន ហើយរួមរស់នៅជាមួយគ្នាប្រកបដោយ ភាពសុខដុមរមនា មិនមានសង្គ្រាម ឬអំពើហឹង្សាផ្នែកសាសនា ដូចបណ្ដាប្រទេសមួយចំនួនក្នុងតំបន់នោះឡើយ។១០.សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា៖ កម្ពុជា លើកស្ទួយនូវសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដោយទប់ស្កាត់នូវ រាល់ទង្វើទាំងឡាយណាដែលជាការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា។ ទោះបីជារដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា មិន ទាន់ទទួលស្គាល់នូវអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងណាក៏ដោយ ក៏អ្នកស្រឡាញ់ភេទដូចគ្នា អាច រៀបចំពិធី និងរួមរស់នៅជាមួយគ្នាបាន ដោយពុំមានទោសទណ្ឌអ្វីនោះឡើយ ហើយដែលច្បាប់នៅបណ្តាប្រទេស មួយចំនួនក្នុងតំបន់ចាត់ទុកទង្វើទាំងនេះ ជាបទល្មើសព្រហ្មទណ្ឌ។

១១.កម្មវិធីជំនួយផ្នែកច្បាប់៖ ដើម្បីធានាបាននូវសិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋ យន្តការនៃការផ្តល់ ជំនួយផ្នែកច្បាប់ជាច្រើនត្រូវបានរៀបចំ ទាំងយន្តការក្នុងវិស័យឯកជន អង្គការសង្គមស៊ីវីល និងរដ្ឋាភិបាល ដែល ក្នុងនោះរួមមាន គណៈមេធាវីព្រះរាជាណាចក្រកម្ពុជា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ និងក្រុមមេធាវីស្ម័គ្រចិត្ត គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ ដែលបានផ្ដល់កិច្ចអន្តរាគមន៍ទាំងផ្នែកមនុស្សធម៌និងផ្នែកច្បាប់ ដល់ ជនងាយរងគ្រោះ រួមមានជនក្រីក្រ ស្រ្តី កុមារ ជនមានពិការភាព និងអ្នកជាប់ឃុំដែលគ្មានមេធាវី ជាដើម។ល។ តាមយៈការផ្តល់ប្រឹក្សាផ្ទៃច្បាប់ ការសម្រុះសម្រុយលវិវាទក្រៅប្រព័ន្ធតុលាការ និងការពារក្តីនៅសវនាការ ជាដើម។ល។ ក្នុងការងារផ្ដល់ប្រឹក្សាផ្នែកច្បាប់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានរៀបចំឱ្យមានការ ពិគ្រោះយោបល់ផ្នែកច្បាប់តាមទូរស័ព្ទផងដែរដោយឥតគិតថ្លៃ និងមានមេធាវីស្ម័គ្រចិត្តចំនួន៧រូបប្រចាំការ ជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យផងដែរ។

សិទ្ធិសេរីភាពនិងការអនុវត្តច្បាប់

១២. វិធានការឆ្លើយតបនឹងកូវីដ-១៩៖ រដ្ឋាភិបាលបានដាក់ចេញវិធានការចាំបាច់នានា រួមមានវិធានការ សង្គមកិច្ច សេដ្ឋកិច្ច សុខាភិបាល រដ្ឋបាល និងច្បាប់ ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ផង ការពារអាយុជីវិតរបស់ពលរដ្ឋផង និងទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋផងដែរ ដែលជាការធានា និងគាំពារដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋក្នុងស្ថានភាពកូវីដ-១៩ ជាពិសេសសិទ្ធិរស់រានមានជីវិត សិទ្ធិសេដ្ឋកិច្ច សង្គម និងសិទ្ធិទទួលបាននូវសេវាសុខភាពនិងសុខាភិបាល ជាដើម។ល។ ការដាក់ចេញវិធានការរដ្ឋបាល និង វិធានច្បាប់របស់រដ្ឋាភិបាល មិនមែនដើម្បីរឹតត្បិតសិទ្ធិសេរីភាពនិងដាក់ទោសទណ្ឌពលរដ្ឋខ្លួនឯងនោះទេ តែវាជា ការចាំបាច់ក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះ ដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋ សណ្ដាប់ធ្នាប់សាធារណៈ និង សុខភាពសាធារណៈរបស់ពលរដ្ឋ ផ្អែកលើគោលការណ៍និត្យនុកូល និងសមាមាត្រ ហើយវិធានការនេះ មិនមែន ធ្វើឡើងជាអចិន្ត្រៃយ៍នោះទេ រួមទាំងវ៉ាក់សាំងកាតព្វកិច្ចនិងការបង្ហាញអត្តសញ្ញាណនៃអ្នកឆ្លងកូវីដ-១៩ផងដែរ។

ជាក់ស្តែង ក្នុងភាពម្ចាស់ការ និងត្រៀមលក្ខណៈទុកជាមុន កម្ពុជាបានរៀបចំកែសម្រួល និងបង្កើត បទប្បញ្ញត្តិថ្មីៗ សំដៅទៅប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយក្នុងនោះគឺមានច្បាប់គោលជាមូលដ្ឋាន មួយ ហៅថា “ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត (ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១) បើពិនិត្យលើទោសទណ្ឌដែលមានចែងក្នុងច្បាប់ទាក់ទងនឹងជំងឺកូវីដ-១៩ នេះ ឃើញថា ថ្វីត្បិតតែទណ្ឌកម្មនេះ មានលក្ខណៈធ្ងន់ធ្ងរ ប៉ុន្តែ វាមានលក្ខណៈសមស្របនៅក្នុងបរិបទរបស់កម្ពុជាផ្ទាល់ ហើយម៉្យាង ក៏ធ្វើឡើងដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ សំដៅធានាការប្រយុទ្ធ និងទប់ស្កាត់ នៃការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាពផងដែរ។ ម៉្យាងវិញទៀត បើប្រៀបធៀបនឹង ច្បាប់របស់ប្រទេសដទៃ ទណ្ឌកម្មក្នុងច្បាប់របស់កម្ពុជានៅមានលក្ខណៈធូរស្រាលជាងបណ្តាប្រទេសមួយ ចំនួន នៅអ៊ឺរ៉ុប ឬអាស៊ី

ក្រៅពីចំណុចដែលទាក់ទងនឹងទណ្ឌកម្មនៅក្នុងច្បាប់កូវីដ-១៩ នេះ កម្ពុជាក៏ធ្លាប់ត្រូវបានអង្គការ ឬក្រុមសង្គមស៊ីវិលមួយចំនួនរិះគន់ពីបញ្ហាការកំណត់ការចាក់វ៉ាក់សាំងជាកាតព្វកិច្ច ចំពោះមន្ត្រីរាជការ ថាជាការបង្ខិតបង្ខំ និងរំលោភលើសេរីភាពបុគ្គល។ ប៉ុន្តែ បច្ចុប្បន្ន វិធានការនេះ ត្រូវបានមើលឃើញថាជា វិធានការដ៏មានប្រសិទ្ធភាពមួយក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងចំណោមមន្ត្រី

បម្រើសេវាសាធារណៈដែលត្រូវបានចាត់ទុកថាជាក្រុមការងារជួរមុខ និងជាក្រុមងាយប្រឈមខ្ពស់ទៅនឹង ការឆ្លងជំងឺកូវីដ-១៩។ ដោយពិនិត្យឃើញប្រសិទ្ធភាពនៃវិធានការនេះ បណ្តាប្រទេសមួយចំនួនក៏បាន កំណត់យកដូចកម្ពុជាផងដែរនូវវិធានការចាក់វ៉ាក់សាំងជាកាតព្វកិច្ចចំពោះក្រុមបុគ្គលដែលប្រឈមខ្ពស់ទៅ នឹងការឆ្លងជំងឺកូវីដ-១៩ (ដូចជាមន្ត្រីសាធារណៈ បុគ្គលិកសុខាភិបាលអ្នកបើកបរសាធារណៈ) រួមមាន សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, កាណាដា និងអង់គ្លេស ជាដើម។

របាយការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចោទប្រកាន់ លើវិធានការច្បាប់កូវីដ-១៩របស់រដ្ឋាភិបាល ថាបានឃាត់ខ្លួនមនុស្សយ៉ាងតិច៧២៩នាក់ ចាប់ពីខេមសា ឆ្នាំ២០២១ មកនោះ គឺមិនត្រឹមត្រូវទេនិងនាំឱ្យបានការភ័ន្តច្រឡំ។ តាមពិតទៅ បើផ្អែកតាមរបាយការណ៍ របស់អនុគណៈកម្មការអនុវត្តច្បាប់ប្រយុទ្ធនឹងកូវីដ-១៩ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ភាគច្រើននៃអ្នកដែលបំពានច្បាប់កូវីដ-១៩ គឺត្រូវបានពិន័យ អប់រំណែនាំ និងអនុញ្ញាតឱ្យ ត្រឡប់ទៅផ្ទះវិញ ចំណែកឯសំណុំរឿងដែលត្រូវបញ្ជូនទៅតុលាការគឺមានតែ ៤៤ករណី តែប៉ុណ្ណោះ ជាមួយ មនុស្សចំនួន១១៥នាក់ ហើយដែលក្នុងនោះ ៣០នាក់ត្រូវបានឃុំខ្លួនដោយសារតែបានប្រព្រឹត្តល្មើសធ្ងន់ធ្ងរ និង៨៥នាក់ត្រូវបានដោះលែង។

១៣- ករណីសំណុំរឿង លោក កឹម សុខា ៖ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅថ្ងៃទី០៣-០៩ ២០១៧ ដោយជាប់ពាក់ព័ន្ធនឹងផែនការសម្ងាត់ឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋអំណាច ស្របច្បាប់នៅកម្ពុជា តាមរបៀបបដិវត្តន៍ពណ៌ ដោយយកគំរូតាមការធ្វើបដិវត្តន៍ពណ៌ ដែលអនុវត្តនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី។ អាជ្ញាធរបានចាប់ខ្លួនលោក កឹម សុខា ក្នុងបទល្មើសជាក់ស្ដែង ចំពោះ អង្គហេតុខាងលើ ដែលត្រូវបានចែងផ្តន្ទាទោសតាមមាត្រា៤៤៣ ស្តីពីបទសន្និដ្ឋិភាពជាមួយបរទេស ន ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ លោក កឹម សុខា ត្រូវបានឃុំខ្លួន នាថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចដោះលែង និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ និងត្រូវអនុវត្តកាតព្វកិច្ចមួយចំនួន តាមរយៈដីកាសម្រេច ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៨។

សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប៉ុន្តែ ដោយសារបញ្ហានៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដោយមានការស្នើសុំពីមេធាវីរបស់លោក កឹម សុខា ខ្លួនឯងផ្ទាល់, សាលាដំបូងបានសម្រេចផ្អាកសវនាការ។ បច្ចុប្បន្ន សំណុំរឿងនេះកំពុងស្ថិតក្នុង ចំណាត់ការរបស់តុលាការ ហើយការសម្រេចបែបណា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័ន ឯករាជ្យ។ ដោយឡែក សម្រាប់សវនាការលើសំណុំរឿងលោក កឹម សុខា, តាមព័ត៌មានដែលក្រសួង យុត្តិធម៌ទទួលបានថា សាលាដំបូងរាជធានីភ្នំពេញមិនទាន់អាចបន្តធ្វើសវនាការបាន ដោយសារ(ទី១) ការស្នើសុំលើកពេលសវនាការរបស់មេធាវីផ្ទាល់របស់លោក កឹម សុខា, (ទី២)- មានសំណុំរឿងអាទិភាព និងបន្ទាន់ជាច្រើនទៀត ជាងសំណុំរឿងលោក កឹម សុខា (ជាពិសេសសំណុំរឿងដែលមានជនជាប់ចោទ ក្នុងឃុំ) ដែលច្បាប់កំណត់នូវរយៈពេលនៃចំណាត់ការឱ្យបានឆាប់ និង (ទី៣) ការមិនទាន់ធូរស្រាល នៃ ស្ថានភាពជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និង (ទី៤)-ការបន្ដសវនាការលើលោក កឹម សុខា អាចនាំឱ្យមានការប្រមូលផ្តុំមនុស្សច្រើន (ការប្រមូលផ្តុំសកម្មជនដែលមាននិន្នាការគាំទ្រលោក កឹម សុខា និងកងកម្លាំងដែលត្រូវមានវត្តមានការពារសន្តិសុខនៅតុលាការ) ដែលនេះអាចជាហានិភ័យនៃការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ។

ម៉្យាងវិញទៀត, ដំណើរការនីតិវិធីទាក់ទងនឹងសំណុំរឿង កឹម សុខា ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ទាក់ទងនឹងសន្តិសុខជាតិ ទើបចំណាយពេលត្រឹមតែជាង ៣ឆ្នាំប៉ុណ្ណោះ ពុំត្រូវចាត់ទុកថាជារយៈពេល យូរពេកដែរ បើធៀបនឹងសំណុំរឿងផ្សេងទៀតនៅសាលាដំបូងរាជធានីភ្នំពេញ និងការអនុវត្តនៅក្នុងបណ្ត ប្រទេសជឿនលឿន។

១៤. ករណីសំណុំរឿងព្រឹត្តិការណ៍ ៩ វិច្ឆិកា៖ ព្រឹត្តិការណ៍ ៩ វិច្ឆិកា គឺជាផែនការដែលរៀបចំឡើង ដោយអ្នកនយោបាយមួយក្រុមនៅក្រៅប្រទេស ដែលដឹកនាំដោយឈ្មោះ សម រង្សី ធ្វើយុទ្ធនាការញុះញង់៖ (១)-ឱ្យកងកម្លាំងប្រដាប់អាវុធលែងស្ដាប់បញ្ហានិងបះបោប្រឆាំងនឹងរាជរដ្ឋាភិបាល (២)-បំផុសនិងញុះញង់ ឱ្យប្រជាជនទូទាំងប្រទេសក្រោកឡើងប្រឆាំងនឹងរដ្ឋអំណាច និង (៣)-ប្រមូលថវិកាដើម្បីគាំទ្រដល់ សកម្មភាពទាំងនេះ។ ហេតុដូចនេះ ផែនការ ៩ វិច្ឆិកា នេះគឺជាផែនការធ្វើរដ្ឋប្រហារ ដែលជាបទល្មើស ឧក្រិដ្ឋធ្ងន់ធ្ងរដែលប៉ះពាល់ដល់សន្តិសុខជាតិ ដែលបានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ផែនការ ៩ វិច្ឆិកានេះ គឺមានការពាក់ព័ន្ធនឹងមនុស្សជាច្រើន ទាំងនៅក្នុងប្រទេស និងនៅ ក្រៅប្រទេស។ ប៉ុន្តែដោយផែនការនេះត្រូវបានទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា ទើបមនុស្សដែល ពាក់ព័ន្ធមានចំនួនមិនសូវច្រើននោះទេ បើធៀបនឹងករណ៏នៅបរទេស។ បើផែនការនេះ ចាប់ផ្តើមអនុវត្ត នោះចំនួនមនុស្ស ដែលត្រូវចាប់ខ្លួនអាចមានចំនួនច្រើនជាងនេះ។ ហេតុដូចនេះ អ្វីដែលសំខាន់នោះគឺ មិនមែនចំនួនមនុស្សតិច ឬច្រើននោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវមានភស្តុតាងរឹងមាំ។ អ្នករៀបចំផែនការ ធ្វើរដ្ឋប្រហារ ត្រូវប្រឈមមុខនឹងការផ្តន្ទាទោសក្រោមបទល្មើសឧបឃាត ចំណែកឯអ្នកដែលចូលរួមក្នុង ផែនការនេះ
ត្រូវប្រឈមមុខនឹងការផ្តន្ទាទោសពីបទរួមគំនិតក្បត់។

កាលពីខែមុន អតីតអ្នកនយោបាយប្រឆាំងមួយចំនួនថែមទៀតបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ដែលធ្វើឱ្យចំនួននេះកើនឡើងដល់២៦រូប។ ពួកគាត់មានបំណងបង្កើតបក្សនយោបាយ ហើយសមាជិក អតីតបក្សប្រឆាំងជាច្រើនរូបទៀតក៏មានបំណងចូលរួមផងដែរ តែពួកគាត់ត្រូវបានរាំងខ្ទប់ដោយថ្នាក់ដឹកនាំ របស់ខ្លួន ដោយចោទប្រកាន់និងប្រកាសជាសាធារណៈថា ជាជនក្បត់ជាតិ ដែលនេះជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនយោបាយរបស់ពួកគាត់។

១៥. ករណីសំណុំរឿង លោក រ៉ុង ឈុន៖ ការបញ្ចេញមតិអំពីក្តីកង្វល់ពាក់ព័ន្ធបញ្ហាព្រំដែន គឺជាការ អនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ តែផ្ទុយទៅវិញ ការបញ្ចេញមតិដោយបំផ្លើសនិងបំភ្លឺព័ត៌មានមិនពិត ពីបញ្ហាព្រំដែន ក្នុងចេតនាទុច្ចរិតញុះញង់បង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខជាតិ មិនមែនជាការអនុវត្ត សិទ្ធិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមាន។

បញ្ហាព្រំដែនជាបញ្ហារសើបនិងមានភាពស្មុគស្មាញ ហើយការបំផ្លើសនិងបំភ្លៃព័ត៌មានមិនពិតពី បញ្ហាព្រំដែននេះ នឹងអាចនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសជាតិ ជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ដូច្នេះវិធានការច្បាប់ក្នុងការទប់ស្កាត់និងបង្ក្រាបត្រូវតែម៉ឹងម៉ាត់ បំផុត ដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិ។ ការដោះស្រាយបញ្ហាព្រំដែន គួរតែត្រូវបានធ្វើឡើង ដោយអ្នកជំនាញ ដែលមានបទពិសោធន៍ ការស្រាវជ្រាវ និងចំណេះដឹងច្បាស់លាស់អំពីបញ្ហាព្រំដែន ជាជាង ធ្វើឡើងដោយក្រុមសកម្មជន និងឈ្មួញនយោបាយ ដែលគ្មានជំនាញ ចំណេះដឹង និងការស្រាវជ្រាវ ទាល់តែសោះអំពីបញ្ហានេះ ដោយសូម្បីតែមើលផែនទីក៏មិនចេះមើល ហើយមើលក៏មិនត្រូវជ្រុងផងដែរនោះទេ ។

១៦. ការអនុវត្តច្បាប់លើសកម្មជនបរិស្ថាននាពេលថ្មីៗនេះ មិនមែនដោយសារតែពួកគេធ្វើសកម្មភាព ការពារសិទ្ធិមនុស្ស បរិស្ថាន និងសង្គមនោះទេ ហើយក៏មិនមែនដោយសារតែពួកគេជាសកម្មជននោះដែរ តែផ្ទុយទៅវិញ គឺដោយសារតែពួកគេបានធ្វើសកម្មភាពល្មើសទៅនឹងច្បាប់ពាក់ព័ន្ធនឹងការជេរប្រមាថ ផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ អុចអាលក្នុងគោលដៅបង្កជាចលាចលដល់សន្តិសុខសង្គម ការប្រមាថ អង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់ជាដើម។ល។ ដែលសមត្ថកិច្ចមានភស្តុតាង និងមូលដ្ឋានច្បាប់ច្បាស់លាស់ ក្នុងការចោទប្រកាន់និងដំណើការនីតិវិធីតាមផ្លូវតុលាការ។ ចំណែកឯការធ្វើយុទ្ធនាការរបស់សង្គម ស៊ីវិលក្នុងការការពារសកម្មជនល្មើសច្បាប់ទាំងនោះ គឺនឹងមិនមានឥទ្ធិពលអ្វីមកលើតុលាការដែលជា ស្ថាប័នឯករាជ្យនោះទេ ព្រោះវាមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងការការពារជនជាប់ចោទ តែផ្ទុយ ទៅវិញ មានតែការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការនោះទេ និងបង្ហាញសក្ខីកម្ម ភស្តុតាង ឱ្យ បានរឹងមាំតាមផ្លូវច្បាប់ ដើម្បីដោះបន្ទុកនិងតតាំងជាមួយនឹងបទចោទរបស់សមត្ថកិច្ច ទើបជាមធ្យោបាយ តាមផ្លូវច្បាប់តែមួយគត់ក្នុងការការពារជនជាប់ចោទ ក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ។

ការចាប់ខ្លួន ការចោទប្រកាន់ និងផ្តន្ទាទោសលើបុគ្គលខាងលើនោះ គឺធ្វើឡើងដោយអនុលោម តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងសង្គមនីតិរដ្ឋ សិទ្ធិសេរីភាពបុគ្គលត្រូវយកមកអនុវត្តក្នុងក្របខណ្ឌ ច្បាប់ ហើយការអនុវត្តសិទ្ធិហួសព្រំដែនកំណត់របស់ច្បាប់ គឺប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ ហើយត្រូវ ប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់។ កម្ពុជាប្ដេជ្ញាលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ដោយអនុលោម តាមច្បាប់របស់ខ្លួន ហើយដំណើរការប្រជាធិបតេយ្យ ក៏កំពុងប្រព្រឹត្តទៅជាទៀងទាត់ជាធម្មតា ដែល បច្ចុប្បន្ននេះ កម្ពុជាកំពុងតែរៀបចំធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះបោះឆ្នោត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត នាឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ ។ ម៉្យាងទៀត ប្រទេសនីមួយៗតែងមានអាទិភាពខុសៗគ្ន ដូចជាសហរដ្ឋអាមេរិក គឺ ” American First” ដោយឡែក សម្រាប់កម្ពុជា គឺ “Peace. First”។ ផ្អែកលើប្រវត្តិសាស្ត្រដ៏ជូរចត់របស់ខ្លួន ទិសស្លោក “សូមអរគុណសន្តិភាព បានក្លាយជាទិសស្លោករបស់ ប្រជាជនកម្ពុជា ក្នុងការបង្ហាញនូវបំណងប្រាថ្នារបស់ខ្លួនដើម្បីរស់នៅដោយសេចក្តីសុខ ក្រោមម្លប់នៃ សន្តិភាព។ ដូច្នេះ រាល់សកម្មភាពទាំងឡាយណា ដែលធ្វើឡើងក្នុងគោលបំណងបំផ្លិចបំផ្លាញ ឬប៉ុនប៉ងបំផ្លិចបំផ្លាញដល់សុខសន្តិភាពនៅកម្ពុជា ពុំមែនជារឿងសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យនោះឡើយ ប៉ុន្តែ វាគឺជារឿងខុសច្បាប់ ហើយជាការប្រឆាំងនឹងបំណងប្រាថ្នារួមរបស់ប្រជាពលរដ្ឋកម្ពុជា និងប្រឆាំង នឹងឧត្តមប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា”។

១៧. ភាពចង្អៀតណែន និងការឆ្លងកូវីដ-១៩ក្នុងពន្ធនាគារ៖ ការអំពាវនាវឱ្យដោះលែងអ្នកទោស របស់ អង្គការសង្គមស៊ីវីលមួយចំនួន ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយមិនផ្អែកលើមូលដ្ឋាននិង នីតិវិធីច្បាប់ដែលមានជាធរមាន មិនមែនជាវិធានការសមស្របនោះទេ តែផ្ទុយទៅវិញ វានឹងនាំឱ្យមានផលប៉ះ ពាល់ជាអវិជ្ជមានដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមទៅវិញទេ។

ភាពចង្អៀតណែនក្នុងពន្ធនាគា ត្រូវតែដោះស្រាយដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជា ធរមាន។ មានតែការដោះលែង ដោយផ្អែកតាមនីតិវិធីច្បាប់ជាធរមានទេ និងដែលបានអនុវត្តនាពេលបច្ចុប្បន្នមកផងដែរ ដូចជា វិធានការនៃការលើកលែងទោសនិងបន្ធូរបន្ថយទោស, ការដោះស្រាយភាពចង្អៀតណែន ក្នុងពន្ធនាគារតាមរយៈការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងដែលដាក់ ចេញដោយក្រសួងយុត្តិធម៌ និងការដោះលែងដោយមានលក្ខខណ្ឌ ក៏ដូចជាវិធានការដទៃទៀត (ការលើកលែង ចោទប្រកាន់, ការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន, ការសម្រេចឱ្យរួចផុតទោស, ការអនុវត្ត ទោសចប់របស់ទណ្ឌិត, ការព្យួរទោសធម្មតា, ការព្យួរទោសសាកល្បង, ការសម្រេចមិនឃុំខ្លួនបណ្តោះ អាសន្នក្នុងពន្ធនាគារ ) ទើបអាចធានាបាននូវសន្តិសុខសង្គម និងកាត់បន្ថយការកើនឡើងជាគំហុកនៃចំនួន អ្នកជាប់ឃុំក្នុងពន្ធនាគារ។

ចំណែកឯការដោះលែងអ្នកជាប់ឃុំ តាមការអំពាវនាវរបស់អង្គការសង្គមស៊ីវីល ដើម្បីដោះស្រាយបញ្ហា នៃការឆ្លងកូវវីដ-១៩ក្នុងពន្ធនាគារ ក៏មិនមែនជាវិធានការសមស្របនិងមានប្រសិទ្ធភាពនោះដែរ តែផ្ទុយទៅវិញ មានតែវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៃការគ្រប់គ្រងពន្ធនាគារឱ្យបានហ្មត់ចត់នោះទេ ដែលក្រសួង សុខាភិបាលនិងអគ្គនាយកដ្ឋានពន្ធនាគារបាននិងកំពុងអនុវត្ត ទើបជាវិធានការសមស្រប និងអាចធានាបាននូវ សន្តិសុខសង្គមនិងប្រសិទ្ធភាពនៃទប់ស្កាត់ការឆ្លងរាលដាលកូវវីដ-១៩នេះក្នុងពន្ធនាគារ។

ជាក់ស្តែងចំពោះបញ្ហានៃការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ នាពេលកន្លងមក គឺស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគិតគូរពី បញ្ហាសុខុមាលភាពអ្នកជាប់ឃុំផងដែរនេះ ដោយបានចាត់វិធានការចាំបាច់មួយចំនួនរូចហើយ ដូចជា ការផ្ទេរអ្នកជាប់ឃុំទៅកាន់ពន្ធនាគារផ្សេង, ពិចារណាផ្លូវច្បាប់ដើម្បីដោះលែងអ្នកជាប់ឃុំដែលប្រព្រឹត្ត បទល្មើសតូចតាច…) ទន្ទឹមនឹងការសម្រុកការចាក់វ៉ាក់សាំងដល់អ្នកជាប់ក្នុងឃុំនៅតាមពន្ធនាគារផងដែរ និងត្រៀមចាក់ដូសទី៣ជូនបន្ថែមទៀត។

១៨. រដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋមានសិទ្ធិសេរីភាពនៃការជួបជុំបញ្ចេញមតិនិងតវ៉ា តែក៏បានចែង បន្ថែមទៀតដែរថា ការអនុវត្តសិទ្ធិទាំងនេះត្រូវកំណត់ដោយច្បាប់។ ដូច្នេះ យើងត្រូវមើលរដ្ឋធម្មនុញឱ្យអស់ កុំមើល តែមួយផ្នែក រួមទាំង ច្បាប់ទាំងឡាយដែលពាក់ព័ន្ធផងដែរ ដើម្បីអាចដឹងបានថាសកម្មភាពណាជាការអនុវត្តសិទ្ធិ និងសកម្មភាពណា ជាការបំពានច្បាប់ ដែលអាចនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ណាមួយជាយថាហេតុ។

១៩. តុលាការជាស្ថាប័នឯករាជ្យ គ្មានជនណាឬក្រុមអង្គការអន្តរជាតិណាមួយ អាចដាក់សម្ពាធ និងបង្គាប់ បញ្ហាមកលើតុលាការបាននោះទេ។ ការចេញសេចក្ដីថ្លែងការណ៍ដាក់សម្ពាធនិងទាមទាឱ្យតុលាការ ដោះលែងជន ជាប់ចោទនិងទម្លាក់ចោលបទចោទ មិនមែនជាមធ្យោបាយស្របច្បាប់ក្នុងការការពារជនជាប់ចោទនោះទេ ហើយក៏នឹង មិនមានឥទ្ធិពលអ្វីដែរទៅលើការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ។ ការកំណត់ពីពិរុទ្ធភាព បទល្មើស និងទោសទណ្ឌរបស់ជនល្មើស គឺជាសមត្ថកិច្ចផ្ដាច់មុខរបស់តុលាការដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់ដែលមានជាធរមាន គឺមិនមែនអាស្រ័យលើបក្សពួកឬក្រុមសម្ព័ន្ធមិត្តនិងអង្គការដែលគាំទ្រនិងការពារសកម្មភាពខុស ច្បាប់របស់ជនល្មើសនោះទេ ហើយមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ក្នុងការការពារជនជាប់ចោទក្នុង សង្គមប្រជាធិបតេយ្យ នីតិរដ្ឋ គឺការចូលរួមក្នុងដំណើរនីតិវិធីតុលាការដើម្បីធ្វើការការពារខ្លួនតាមផ្លូវច្បាប់។

២០. វិធានការច្បាប់របស់សមត្ថកិច្ចនាពេលកន្លងមក មិនបានផ្ដោតជាក់លាក់ទៅលើក្រុមគោលដៅ ណាមួយនោះទេ ពោលគឺអនុវត្តជាទូទៅ មិនថាអ្នកទាំងនោះជាសកម្មជនសិទ្ធិមនុស្ស សង្គមស៊ីវិល នយោបាយ ឬបរិស្ថាននោះទេ ឱ្យតែប្រព្រឹត្តល្មើសទៅនឹងច្បាប់ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចៗគ្ន ដោយមិនមានការលើកលែងឬអភ័យឯកសិទ្ធិពិសេសដោយឡែកណាមួយនោះទេ។ វិធានការច្បាប់ចំពោះ ក្រុមសកម្មជននាពេលថ្មីៗនេះ មិនមែនដោយសារតែពួកគេធ្វើសកម្មភាពក្នុងការការពារសិទ្ធិសេរីភាព បរិស្ថាន និងប្រយោជន៍សាធារណៈនោះទេ តែដោយសារតែពួកគេប្រព្រឹត្តបទល្មើស ដែលមានបញ្ញត្តិនៅ ក្នុងច្បាប់របស់កម្ពុជា ដោយមានអង្គការចាត់តាំងរៀបចំចាត់ចែងច្បាស់លាស់នៅពីក្រោយ ហើយដែល សមត្ថកិច្ចមានមូលដ្ឋានរឹងមាំក្នុងការចាត់វិធានការតាមផ្លូវច្បាប់និងដំណើរការនីតិវិធីតាមផ្លូវតុលាការ។

២១. គ្រប់អង្គការសង្គមស៊ីវិលទាំងអស់ទាំងជាតិនិងអន្តរជាតិ ដែលធ្វើសកម្មភាពនៅកម្ពុជា ត្រូវ គោរពឱ្យបានខ្ជាប់ខ្ជួននូវអធិបេតយ្យភាពនិងបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមានជាពិសេស ច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ហើយក្នុងករណីដែលមានមូលដ្ឋានច្បាស់លាស់បញ្ជាក់ពី សកម្មភាពមិនប្រក្រតីដែលជាការបំពានច្បាប់ នោះសមត្ថកិច្ចមានសិទ្ធិធ្វើការត្រួតពិនិត្យបានគ្រប់ពេល ដើម្បីធានាបាននូវការអនុវត្តច្បាប់មួយដែលមានប្រសិទ្ធភាព នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ។

២២. កម្ពុជា មិនមានអ្នកទោសនយោបាយនោះទេ មានតែអ្នកនយោបាយដែលមានទោសដោយសារ តែបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ ការអនុវត្តច្បាប់ចំពោះអ្នកនយោបាយដែលប្រព្រឹត្តបទល្មើស និងការរំលាយ គណបក្សនយោបាយដែលប្រព្រឹត្តខុសច្បាប់ មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពផ្នែកនយោបាយ និងលំហ ប្រជាធិបតេយ្យនោះទេ តែផ្ទុយទៅវិញជាវិធានការច្បាប់ដើម្បីលើកស្ទួយប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា។

ការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលលំអៀងនិងគ្មានមូលដ្ឋាន

២៣. របាយការណ៍ចោទប្រកាន់ ដោយលំអៀងនិងគ្មានមូលដ្ឋានរបស់ក្រុមនិងអង្គការស្ថាប័នមួយ ចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជា នោះទេ ព្រោះថា របាយការណ៍ទាំងនេះ គ្រាន់តែធ្វើការប្រមូល បូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋាន តែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុលំអិតដែលនាំឱ្យកើតមានព្រឹត្តិការណ៍ នីមួយៗ ទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើស ដែលនាំឱ្យ មានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។

២៤. ជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមាន របៀបវារៈច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដ្ឋាននិងចោទប្រកាន់ថាជាការរំលោភសិទ្ធិមនុស្ស ដោយមិនខ្ចីអើពើនិងធ្វើការពិចារណារទៅទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុ អំពើដែលជាធាតុផ្សំនាំឱ្យកើត ជាបទល្មើស ហើយដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ និងការចោទប្រកាន់តាមផ្លូវតុលាការ នោះទេ។

២៥.ការធ្វើរបាយការណ៍ដោយដកស្រង់យកតែទស្សនៈមួយជ្រុងនិងជួបសម្ភាសន៍ជាមួយមនុស្ស មួយក្រុម និងអង្គការមួយចំនួនដែលជាបក្សពួករបស់ខ្លួន និងមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលផងនោះ ដោយមិនមានការចូលរួមនិងធាតុចូលពីតំណាងរដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធដ៏ទៃទៀតដែលទទួលរង ផលប៉ះពាល់អវិជ្ជមានពីរបាយការណ៍នេះ នោះការស្រាវជ្រាវ និងការសន្និដ្ឋានក្នុងរបាយការណ៍នេះមិនមាន លក្ខណៈជាវិទ្យាសាស្ត្រ មិនមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមិនអាចយកជាការបាននោះទេ។

២៦. ការចេញរបាយការណ៍មិនគ្រប់ជ្រុងជ្រោយ លំអៀង និងមានគោលដៅវាយប្រហាររដ្ឋាភិបាល បែបនេះ អាចនឹងនាំឱ្យមានគ្រោះថ្នាក់និងអស្ថិរភាពក្នុងសង្គម ព្រោះថារបាយការណ៍នេះហាក់ដូចជា ការពារនិងលើកទឹកចិត្តដល់ក្រុមប្រឆាំងដែលតែងតែធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ដែលរៀបចំ ឧបត្ថម្ភ និងគាំទ្រដោយចលនានិងអង្គការចាត់តាំងខុសច្បាប់នៅខាងក្រៅ ឱ្យកាន់តែធ្វើសកម្មភាពបន្ថែមទៀត ដោយមិនខ្លាចច្បាប់ និងសមត្ថកិច្ចបង្ករភាពចលាចលក្នុងសង្គម ដើម្បីសម្រេចឱ្យបាននូវមហិច្ឆតា នយោបាយរបស់ខ្លួន ហើយដែលនេះមិនមែនជាការអនុវត្តនូវសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ។ តែផ្ទុយ ទៅវិញ របាយការណ៍របស់អង្គការទាំងនេះ គួរតែធ្វើការអប់រំនិងណែនាំក្រុមដែលបំពានច្បាប់ទាំងនោះឱ្យ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ មិនបំពានសិទ្ធិសេរីភាព អ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខសង្គមនិងសណ្តាប់ធ្នាប់សាធារណៈ ដែលអាចនាំឱ្យពួកគេប្រឈម និង ទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយ។

២៧.នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ជាគោលការណ៍ សិទ្ធិមនុស្ស “Human Rights” ត្រូវតែ គោរព និងការពារ តែបើមនុស្សប្រព្រឹត្តកំហុស – Human Wrong” ត្រូវតែប្រឈម និងទទួលខុសត្រូវ តាមផ្លូវច្បាប់។

២៨. ប្រជាធិបតេយ្យ មានគោលការណ៍រួមតែមិនមានស្ដង់ដាររួមដែលតម្រូវឱ្យប្រទេសទាំងអស់ ត្រូវតែអនុវត្តឱ្យបានដូចគ្នានោះទេ ពោលគឺ ការអនុវត្តត្រូវមានភាពបត់បែននិងប្រែប្រួលទៅតាមបរិបទនិង គុណតម្លៃនៃប្រទេសនិងតំបន់នីមួយៗ ដោយតម្កល់នូវប្រយោជន៍ជាតិខ្លួនជាធំ។ ដូច្នេះ ការវាយតម្លៃពីស្ថានភាពប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងប្រទេសមួយដែលប្រកបដោយភាពសុក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ មិនលំអៀងនោះ គឺត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍រួមផង ព្រមទាំងបរិបទ និងគុណតម្លៃនៃប្រទេសនិងតំបន់នោះផងដែរ និងមិនត្រូវវាយតម្លៃដោយផ្ដោតតែទៅលើសិទ្ធិណាមួយ ហើយបំភ្លេចចោលនូវវឌ្ឍនភាពនៃការអនុវត្តសិទ្ធិដ៏ទៃទៀតនោះទេ។

២៩. វាបានបង្ហាញឱ្យឃើញច្បាស់ ពីការបាត់បង់សណ្ដាប់ធ្នាប់អន្តរជាតិ និងភាពអនាធិបតេយ្យ នៃនយោបាយអន្តរជាតិ នាពេលថ្មីៗនេះ ការដែលរដ្ឋមួយអាចរៀបចំច្បាប់តាមទំនើងចិត្តនិងជាឯកតោភាគី លូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋដ៏ទៃក្រោមលេសប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ព្រមទាំងដាក់ទណ្ឌកម្ម លើរដ្ឋ ថ្នាក់ដឹកនាំ និងសហគ្រាសឯកជនៈ នៃរដ្ឋអធិបតេយ្យមួយទៀត ដោយមិនឆ្លងកាត់យន្តការរបស់ អង្គការសហប្រជាជាតិ ហើយដែលទង្វើនេះធ្វើឡើងក្រោមរូបភាព និងផលប្រយោជន៍នយោបាយជាជាងហេតុផលសិទ្ធិមនុស្ស។

៣០. ទោះបីជាដឹងយ៉ាងច្បាស់ថា វិធានការរបស់ប្រទេស និងស្ថាប័នអន្តរជាតិមួយចំនួន មកលើកម្ពុជា មានភាពលំអៀង អយុត្តិធម៌ មានស្តង់ដារពីរ ដែលធ្វើឡើងក្រោមហេតុផលនយោបាយ និងយកប្រជាធិតេយ្យនិងសិទ្ធិមនុស្សធ្វើជាលេស ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្រប់យន្តការអន្តជាតិនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយ ប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេស សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋដ៏ទៃ ព្រមទាំងការពារនិងថែរក្សាឱ្យបាននូវសន្តិភាព អធិបតេយ្យភាព ឯករាជ្យភាព និងតម្កល់នូវប្រយោជន៍ ជាតិជាធំ តាមរយៈយន្តការនៃការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់និងគ្មានការលើកលែង តាមគោលការណ៍និង បែបបទប្រជាធិបតេយ្យនីតិរដ្ឋ៕រក្សាសិទ្ធិដោយ ៖ កូលាប

×