ភ្នំពេញ ៖ លោកសួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងសារលើហ្វេសប៊ុកថា វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យ បេក្ខជននាយករដ្ឋមន្ត្រី បេក្ខជនប្រធានរដ្ឋសភា បេក្ខជនប្រធានព្រឹទ្ធសភា និងបេក្ខជនប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាត្តិខ្មែរតែមួយ ដែលជាគំនិតផ្តួចផ្តើមគិតគូរដ៏ជ្រៅជ្រះរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ឥតមានប៉ះពាល់អ្វីដល់ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្តខ្មែរ ដែលមានសញ្ជាតិ ២។
បើតាម លោកសួន សេរីរដ្ឋា “អ្នករៀនសូត្រមានសមត្ថភាព និងមានជំនាញរួចចង់វិលត្រឡប់មកមាតុភូមិវិញ ដើម្បីជួយកិច្ចការងារអភិវឌ្ឍន៍ប្រទេសជាតិនោះទេ ! ច្បាប់នោះ គឺសំដៅអនុវត្តន៍តែទៅលើ មេដឹកនាំបក្សនយោបាយ ឬអ្នកនយោបាយ ដែលមានបំណងឈរជាបេក្ខជនជាន់ខ្ពស់ ប្រកួតយកដំណែងតួនាទី ជាថ្នាក់ដឹកនាំកំពូលរបស់ជាតិទាំង ៤ ដូចដែលនឹងបានកំណត់ក្នុងច្បាប់ប៉ុណ្ណោះ “។
លោកបន្តទៀតថា បងប្អូនប្រជាពលរដ្ឋ កូនចៅខ្មែរ ដែលមានសញ្ជាតិ ២ រស់នៅឬកើតនៅបរទេស និងដែលទទួលបានការសិក្សា មានជំនាញ មានសមត្ថភាព ហើយចង់វិលត្រឡប់មកប្រទេសដើមកំណើតមាតុភូមិកម្ពុជាវិញ ដើម្បីយកចំណេះនិងជំនាញមកបម្រើជាតិមាតុភូមិ រួមចំណែកកសាងអភិវឌ្ឍន៍ស្រុកនោះ គឺមិនមានច្បាប់ណាហាមឃាត់ទេ… ហើយក៏មិនតម្រូវឲ្យលះបង់ចោលលិខិតឆ្លងដែនបរទេស ឬក៏លាលែងពីសញ្ជាត្តិបរទេសដែរ ! ពោលគឺបងប្អូនខ្មែរដែលមានសញ្ជាត្តិ ២ ទាំងអស់ទោះរស់នៅប្រទេសណាក៏ដោយ គឺនៅតែអាចវិលមករស់នៅ រកស៊ី ធ្វើការនៅប្រទេសកម្ពុជា ដែលជាមាតុភូមិសន្តិភាពរបស់ខ្លួនបានដដែល ។
ចំពោះច្បាប់កំណត់ឲ្យមានសញ្ជាត្តិតែមួយ នៃបេក្ខជនជាអ្នកដឹកនាំស្ថាប័នជាតិកំពូលទាំង ៤ រូបនោះ មិនមែនមានតែប្រទេសកម្ពុជា ឬកម្ពុជាយើងជាប្រទេសដែលបង្កើតច្បាប់នេះឡើងមុនគេទេ ! នៅសហរដ្ឋអាមេរិក អ្នកដែលអាចឈរជាបេក្ខជនប្រធានាធិបតីអាមេរិកបាន លុះតែមានសញ្ជាតិតែមួយហើយត្រូវកើតក្នុងទឹកដីដែនដីរបស់អាមេរិកថែមទៀត ។ នៅក្នុងតំបន់អាស៊ានយើង លោកស្រី អ៊ុងសាន ស៊ូជី នៅប្រទេសភូមា ពេលគណបក្សរបស់លោកស្រីជាប់ឆ្នោត ក៏លោកស្រីមិនអាចធ្វើជាប្រធានាធិបតីភូមា បានដែរព្រោះមានច្បាប់ការពារមិនឲ្យជនសញ្ជាត្តិ ២ កាន់ដំណែងកំពូលនេះ ! ហើយនិងនៅប្រទេសថៃជិតក្បែយើងនេះ កុំថាឡើយដល់ទៅបេក្ខជនកំពូល ដែលត្រូវទៅកាន់ដំណែងជាមេដឹកនាំ កំពូលនៃស្ថាប័នជាតិ សូម្បីតែមន្ត្រីរាជការអ្នកធ្វើការរដ្ឋធម្មតា ក៏តម្រូវឲ្យបោះបង់ចោលលិខិតឆ្លង ដែនបរទេសចោលដែរ បើសិនជាមានសញ្ជាតិបរទេស ។
“ដូច្នោះសូមបងប្អូនខ្មែរដែលរស់នៅបរទេស ដែលមានសញ្ជាតិ ២ ទាំងអស់កុំចាញ់បោកការឃោសនាអកុសល់ បំភ្លៃ បំផ្លើស លើសពីការពិតដែលក្រុមពួកខ្ចាត់ខ្ចាយរត់ចោលស្រុកនេះ កំពុងភូតភរកុហក់បោកប្រាស់បងប្អូនឲ្យសោះ ! រាជរដ្ឋាភិបាលកម្ពុជា ក្រោមអគ្គមគុទ្ទេសក៏ដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេចតេជោ ហ៊ុន សែន នៅតែត្រូវការធនធានមនុស្សខ្មែរមកពីគ្រប់ទិសទី ដើម្បីរួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនជឿនលឿននិងរុងរឿង ដើម្បីប្រកួតប្រជែងសេដ្ឋកិច្ច បច្ចេកវិជ្ជា និងធនធាន ជាមួយប្រទេសដ៏ទៃលើពិភពលោក” លោកសួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប