Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ច្បាប់កំណត់សញ្ជាតិតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលនេះ បញ្ជាក់ពីភក្ដីភាពថ្វាយ/ជូន ព្រះមហាក្សត្រ និងប្រជាជន

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា នៅពេលសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃការកំណត់សញ្ជាតិតែ១ចំពោះប្រធានស្ថាប័នកំពូលៗរបស់កម្ពុជាចូលជាធរមាន ឬថា សេចក្ដីព្រាងច្បាប់នេះ ក្លាយជាធម្មនុញ្ញភាពនោះ បើគេរកឃើញថា ហ៊ុន សែន មានសញ្ជាតិពីនោះ ឋាន: តួនាទីនាយករដ្ឋមន្ត្រីរបស់ ហ៊ុន សែន នឹងត្រូវបញ្ចប់, តែបើគេរកមិនឃើញថា ហ៊ុន សែន មានសញ្ជាតិពីរទេនោះ គឺ ហ៊ុន សែននៅតែជានាយករដ្ឋមន្ត្រី ជារៀងរហូត លុះណាតែអស់កាលនៃជីវិត។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ខ្ញុំបានសរសេររួចហើយនៅលើទំព័រហ្វេសប៊ុករបស់ខ្ញុំថា បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ, ផ្ទុយទៅវិញ អ្នកនយោបាយដែលមានសញ្ជាតិពីរ ហើយប៉ុនប៉ងដឹកនាំប្រទេស ឬកាន់កាប់តំណែងជាប្រធានស្ថាប័នកំពូលៗនៃកម្ពុជានោះ អស់ឱកាស ឬជាថ្ងៃអវសានរបស់ពួកគេហើយ។ ធម្មនុញ្ញភាពនៃច្បាប់កំណត់ឱ្យមេដឹកនាំនៃស្ថាប័នកំពូលៗរបស់ជាតិមានសញ្ជាតិតែ១នេះ គឺជាការឆ្លុះបញ្ចាំង និងបង្ហាញឲ្យឃើញនូវភក្ដីភាព ហ៊ានលះបង់ជីវិតធ្វើដើមទុនរំដោះជាតិ ការពារប្រទេសជាតិ មាតុភូមិ ធ្វើអ្វីៗដើម្បីសន្តិភាព និងការអភិវឌ្ឍន៍, ជាពិសេស ស្វាមីភ័ក្តិចំពោះព្រះមហាក្សត្រ មិនរត់ទៅណាចោលប្រជាជន និងប្រទេសជាតិខ្លួនឯង។

ជាការឆ្លើយតបបន្ទាន់របស់ថ្នាក់ដឹកនាំកម្ពុជា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងហើយ ក្នុងប្រជុំពេញអង្គ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ ហើយត្រៀមបញ្ជូនទៅកាន់រដ្ឋសភាជាបន្ត។

គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព មានរបៀបវារៈដូចតទៅ ÷

១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

២- សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូវាងរដ្ឋ និងឯកជន។

៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៥។

៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅ ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះ វិសាមញ្ញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×