Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គគណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤”

ភ្នំពេញ ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤”។

សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤” ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
 គោលបំណង និងដំណើរការរៀបចំ

  • ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤ ដោយមានកត្តាចម្បងនិងស្ថានភាពជាក់ស្ដែងពីរសំខាន់គឺ៖ (១) ការបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់ ដែលជាគោលនយោបាយមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងសម្រាប់ការអនុវត្តគោលនយោបាយ ដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និង(២) តម្រូវការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ (ប្រមាណ ២៣ ៥០០លានដុល្លារអាមេរិក)។
  • ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលមាននៅក្នុងជំពូកទី២នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ បានបង្ហាញអំពីវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមមួយចំនួនដែលប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍ ចំណែកស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏បានប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
  • កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤ សរុបប្រចាំឆ្នាំប្រមាណ ៣ ០៦៧លានដុល្លារអាមេរិក តម្រូវការចំណាយសរុបសម្រាប់ការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដើម្បីឲ្យបានស្របតាមស្ថានភាពជាក់ស្តែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។
  • កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២២-២០២៤ ដែលក្នុងនោះ “ គម្រោងកំពុងដំណើរការ” គឺជាគម្រោងដែលកំពុងត្រូវបានអនុវត្តឬមានកិច្ចសហការ ហើយការអនុវត្តគម្រោងទាំងនោះនឹងត្រូវបន្តនៅក្នុងអំឡុងពេលនៃកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២២-២០២៤ និង “គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ. ឬគម្រោងថ្មី” ដែលនឹងត្រូវអនុវត្តក្នុងអំឡុងពេលនៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២២-២០២៤ ដោយចែកចេញជាពីរផ្នែក (១) គឺជាការប្រមូលព័ត៌មានស្តីពី “គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ និង(២) គឺជាការប្រមូលព័ត៌មានស្តីពី “គម្រោងកំពុងដំណើរការ”។

 ទម្រង់នៃខ្លឹមសាររបស់កម្មវិធីវិនិយោគសាធារណៈ

  • កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤ គឺជាធាតុចូលដែលក្រសួងផែនការទទួលបានពីគ្រប់ក្រសួង ស្ថាប័ន។
  • កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤ ចែកជា៤ជំពូក៖ ជំពូកទី១
  • សេចក្តីផ្តើម ជំពូកទី២ ទស្សនវិស័យសេដ្ឋកិច្ច ឆ្នាំ២០២២-២០២៤ ជំពូកទី៣ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤ និង ជំពូកទី៤ សេចក្តីសន្និដ្ឋាន។
     ការវិភាជថវិកា
  • កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២២-២០២៤ដោយមានមូលដ្ឋាននៃលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
     ការវិភាជសរុបសម្រាប់វិស័យដល់គម្រោងកំពុងដំណើរការ និងគម្រោងសម្រាប់អនុវត្តផ.យ.អ.ជ. ត្រូវមានសង្គតិភាពជាមួយការវិភាជតាមវិស័យដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
     អាទិភាពទីមួយគឺការវិភាជថវិកាដែលមានដល់បណ្ដាគម្រោងកំពុងដំណើរការដើម្បីបន្តការអនុវត្តនិងបញ្ចប់ការអនុវត្ត។
     តុល្យភាពថវិកាដែលនៅសល់នឹងត្រូវធ្វើការវិភាជដល់គម្រោងសម្រាប់អនុវផ.យ.អ.ជ.
  • គម្រោងសរុប៦៧៣គម្រោង នៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២២-២០២៤ នេះមានចំនួន១៨៥គម្រោងជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនចំនួន៥ ៨១៧លានដុល្លារអាមេរិក និងចំនួន៤៨៨គម្រោង ជាគម្រោងសម្រាប់អនុវត្តផ.យ.អ.ជ. ដែលត្រូវការទុនចំនួន៣ ៣៨៤លានដុល្លារអាមេរិក។ ជាសរុបបរិមាណទុនតាមឆ្នាំរបស់ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២២-២០២៤ រួមមាន៖ ឆ្នាំ២០២២ ចំនួន៣ ៦៩៨លានដុល្លារអាមេរិក ឆ្នាំ២០២៣ ចំនួន៣ ៣៣៩លានដុល្លារអាមេរិក និងឆ្នាំ២០២៤ ចំនួន២ ១៦៤លានដុល្លារអាមេរិក។ បរិមាណទុនសរុបចំនួន៩ ២០១លានដុល្លារអាមេរិកនៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤ រួមបញ្ចូលនូវបរិមាណទុនដែលបានសន្យាផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍរួចហើយមានចំនួន៧ ៧១៣,៣លានដុល្លារអាមេរិក (ក្នុងនោះពីរាជរដ្ឋាភិបាលកម្ពុជាចំនួន៤៧៧,១លានដុល្លារអាមេរិក និងពីដៃគូអភិវឌ្ឍចំនួន៧ ២៣៦,២លានដុល្លារអាមេរិក) ដោយត្រូវការទុនបន្ថែមចំនួន១ ៤៨៧,៧លានដុល្លារអាមេរិក។ ការវិភាជទុនដល់គម្រោងនានារបស់កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២២-២០២៥ ទៅតាមវិស័យដូចបានកំណត់នៅក្នុង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ រួមមាន៖
  • ១១,៨% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច។
  • ៣៧,៦% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច។
  • ៤៤,២% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
  • ៦,៤% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវានិងកម្មវិធីអន្តរវិស័យ។

ដោយឈរលើក្របខ័ណ្ឌទស្សនៈរួមមួយ ដែលកំណត់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបាននៃការវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ច យើងអាចធ្វើសេចក្តីសន្និដ្ឋានជារួមបានថា ការធានាឲ្យមាននូវកម្មវិធីវិនិយោគសាធារណៈមួយ ដែលនឹងត្រូវរួមចំណែកក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជាធ្វើជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់ប្រែក្លាយគោលនយោបាយអាទិភាពជាតិឲ្យទៅជាការពិតជាក់ស្តែងគឺជាប្រការចាំបាច់នៅក្នុងដំណើរការនៃការរៀបចំគោលនយោបាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។

ក្នុងបរិការណ៍នេះ ដើម្បីសម្រេចបាននូវចំណុចដៅនៃកំណើនម៉ាក្រូសេដ្ឋកិច្ចជារួមនិងតាមវិស័យនៅក្នុងដំណាក់កាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ការធ្វើឲ្យកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ តាមរយៈការស្នើឡើងនូវគម្រោងវិនិយោគសាធារណៈដែលអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងការតម្រឹមតម្រង់ធនធានអភិវឌ្ឍន៍ដ៏មានកម្រិតរបស់យើងមកជាមួយនឹងអាទិភាពរបស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ទាមទារឲ្យមានការបន្តយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការធានានូវគុណភាពនៃព័ត៌មានស្តីពីគម្រោងវិនិយោគសាធារណៈ ដែលក្រសួងស្ថាប័នត្រូវផ្តល់មកក្រសួងផែនការសម្រាប់ការរៀបចំ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល៕ រក្សាសិទ្ធិដោយ ៖ កូលាប

×