ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាជាមួយលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី តាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានពិភាក្សាអំពីបញ្ហាមួយចំនួន រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា «AUKUS»។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ប្រាក់ សុខុន។
តាមរយៈកិច្ចសន្ទនានេះ រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលីបានជម្រាបឯកឧត្តមថា ភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា «AUKUS» មានបំណងលើកកម្ពស់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនឹងគោរពមជ្ឈភាពរបស់អាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
ប្រមុខការទូតកម្ពុជាក៏បញ្ជាក់ថា កម្ពុជាតែងតែស្វាគមន៍រាល់គំនិតផ្តួចផ្តើមណាដែលផ្តល់ផលប្រយោជន៍រួម ហើយសង្ឃឹមថាគំនិតផ្តួចផ្តើមទាំងនោះនឹងមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
យើងបានគូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការសហការគ្នាដោយស្មោះត្រង់លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងអនាគតរួមគ្នាមួយដែលប្រកបដោយសន្តិភាព វិបុលភាព និងបរិយាប័ន្ន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ