ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០២១ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីអូស្ត្រាលី-អង់គ្លេស- អាមេរិក (AUKUS) ដែលទើបត្រូវបានបង្កើតឡើងនាពេលថ្មីនេះផងដែរ។
រដ្ឋមន្រ្តីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដោយរួមបញ្ចូលទាំងវឌ្ឍនភាពស្ថិតក្រោមភាពជាដៃគូមេគង្គ-អូស្រ្តាលី ផងដែរ។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការកាន់តែជិតស្និទ្ធ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ជាពិសេស នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំក្រោយ។
ចំពោះបញ្ហាតំបន់ លោកជំទាវ ម៉ារីស ផេន បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពីបញ្ហានានាពាក់ព័ន្ធនឹងភាពជាដៃគូ AUKUS និងគោលបំណងរបស់ភាពជាដៃគូនេះ។ លោកជំទាវ បានសង្កត់ធ្ងន់ថា AUKUS ត្រូវបានបង្កើតឡើងដើម្បីប្រយោជន៍ទូទៅ ដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយគ្មានចេតនាណាមួយដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ និងសមត្ថភាពនុយក្លេអ៊ែរស៊ីវិលនោះទេ។ បន្ថែមលើនេះផងដែរ AUKUS មិនមែនជាការបន្ថែមទៅលើការប្រកួតប្រជែងសព្វាវុធនៅក្នុងតំបន់នោះទេ។ ជាផ្នែកមួយនៃ AUKUS ប្រទេសអូស្ត្រាលី នឹងអាចទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីបង្កើនសមត្ថភាពរបស់កងនាវាចរ អូស្ត្រាលី។ លោកជំទាវ បានបញ្ជាក់ជាថ្មីថា ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តចំពោះកាតព្វកិច្ចនៃការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ។
លោកជំទាវ ម៉ារីស ផេន ក៏បានអះអាងជាថ្មីនូវការបន្តគាំទ្ររបស់អូស្រ្តាលីចំពោះមជ្ឈភាពអាស៊ាន និងគោលការណ៍នានាដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក(AOIP) ។ លោកជំទាវបានសង្កត់ធ្ងន់ថា ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) សន្ធិសញ្ញាតំបន់ប៉ាស៊ីហ្វិកខាងត្បូងគ្មានអាវុធនុយក្លេអ៊ែរ (SPNWFZ) និងតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះ លោកជំទាវ ម៉ារីស ផេន សម្រាប់ព័ត៌មានពាក់ព័ន្ធ AUKUS ។ ឯកឧត្តម ប្រាក់ សុខុន បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់អូស្រ្តាលីក្នុងការគាំទ្រមជ្ឈភាពអាស៊ាន និងពង្រីកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង និងសន្ធិសញ្ញានានា ជាពិសេសសន្ធិសញ្ញា TAC SEANWFZ និងតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត (ZOPFAN)។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់អូស្រ្តាលីឱ្យមានការចូលរួមប្រកបដោយស្ថាបនាជាមួយអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន នៅក្នុងការ កសាងការទុកចិត្ត និងជំនឿជាក់លើគ្នាទៅវិញទៅមក សំដៅការពារបាននូវនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព ប្រកបដោយបរិយាប័ន្ន និងឈរលើគោលការណ៍ច្បាប់។ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម ការបំផ្លិចបំផ្លាញ និងការឈឺចាប់រាប់មិនអស់ជាច្រើនទសវត្សរ៍ ចង់ឃើញតំបន់ទាំងមូលនៅតែរក្សាបាននូវសន្តិភាព ស្ថិរភាព និង វិបុលភាព ហើយនិងបានសង្ឃឹមថា AUKUS នឹងមិនបន្ថែមសាំងទៅលើការប្រកួតប្រជែងដែលកំពុងមានស្ថានភាពមិនល្អស្រាប់ និងបង្កើនភាពតានតឹងបន្ថែមទៀតនោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់អូស្រ្តាលី និងដៃគូខាងក្រៅរបស់អាស៊ានឱ្យគាំទ្រ បន្ថែមទៀតដល់វិស័យអាទិភាពទាំងបួននៃកិច្ចសហប្រតិបត្តិការ ដែលមានចែងនៅក្នុងទស្សនៈវិស័យ អាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមាន កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការតភ្ជាប់ គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) និងកិច្ចសហប្រតិបត្តិការក្នុងវិស័យ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់បន្ទាន់ ដែលមានសារៈសំខាន់ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់ រួមមានស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ