ភ្នំពេញ៖ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា (NBC) ត្រួតពិនិត្យលើប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក ដែលរួមមានធនាគារពាណិជ្ជចំនួន ៥៤, ធនាគារឯកទេសចំនួន ១០ ការិយាល័យតំណាងធនាគារបរទេសចំនួន ៦, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៥, គ្រឹះស្ថានឥណទានជនបទចំនួន ២៤០, ក្រុមហ៊ុនភតិសន្យា ចំនួន១៧ ក្រុមហ៊ុនការិយាល័យឥណទានចំនួន ១, ក្រុមហ៊ុនដំណើរការតតិយភាគីចំនួន ៤ និងអាជីវករប្តូរ ប្រាក់ចំនួន ២.៤៦៦កន្លែង។
ពីរឆ្នាំចុងក្រោយនេះ ធនាគារជាតិនៃកម្ពុជា បានរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា តាមរយៈការរក្សាស្ថិរភាព ថ្លៃនិងអត្រាប្តូរប្រាក់, ការគរពូនទុនបម្រុងអន្តរជាតិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម, ដែលបានផ្តល់សន្ទនីយភាពដល់ប្រព័ន្ធធនាគារ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តវិធីសាស្ត្របុរេសកម្ម ដើម្បីវាយតម្លៃ ហានិភ័យនៅក្នុងវិស័យហិរញ្ញវត្ថុ ស្របពេលដែល អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ដើម្បីជួយដល់អាជីវករ និងបុគ្គលខ្ចីឥណទានឱ្យចៀសផុតពីការក្ស័យធន។
ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ វិស័យធនាគារកម្ពុជា បានរៀបចំឥណទានឡើងវិញ គិតជាទឹកប្រាក់ប្រមាណជាង ៤,២ ប៊ីលានដុល្លារអាមេរិក និងបានកើនឡើងដល់ ៤,៣ ប៊ីលានដុល្លារអាមេរិក នៅចុងខែកក្កដា។ ឥណទានផ្តល់ដល់អតិថិជនបានកើនឡើង ២២,៣ ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដល់ ៣៣,៨ ប៊ីលានដុល្លារ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានអន្តរជាតិទទួលស្គាល់ពីតួនាទីក្នុងការដឹកនាំ វិស័យធនាគារឆ្លងកាត់គ្រាលំបាកទាំងនេះ ដោយត្រូវបានជាប់ចំណាត់ថ្នាក់ជា ថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយភ្នាក់ងារប្រមូលផ្តុំទិន្នន័យ និងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក The Banker។
ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមដោយការបោះពុម្ពរូបិយវត្ថុប្រាក់រៀល សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបានស្ថិរភាពរូបិយវត្ថុ និងបង្កើតអត្តសញ្ញាណជាតិមួយ។ រហូតមកទល់ពេលបច្ចុប្បន្ននេះ ធនាគារជាតិ បានសម្រេចបង្កើតប្រព័ន្ធ ទូទាត់ឌីជីថល មានឈ្មោះថា បាគង។ ធនាគារជាតិនៃកម្ពុជា កំពុងពង្រីកវិសាលភាពទូទាំងពិភពលោករបស់បាគង ដោយអនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលធ្វើការនៅក្រៅប្រទេស អាចផ្ញើប្រាក់ទៅផ្ទះបានយ៉ាងរហ័ស មានកម្រៃទាប និងមានសុវត្ថិភាព៕