Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាករទឹកស្វយ័តសៀមរាប (SRWSA) និង ចៃកា ចុះហត្ថលេខាលើកំណត់ត្រាលើការអនុវត្ត«គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យដើម្បីទប់ស្កាត់ជំងឺកូវីដ១៩»

រដ្ឋាករទឹកស្វយ័តសៀមរាប (SRWSA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា បានប្រកាសពីការចុះហត្ថលេខាលើកំណត់ត្រា ​នៃកិច្ចពិភាក្សាស្តីពីការអនុវត្ត«គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យដើម្បីទប់ស្កាត់ជំងឺកូវីដ១៩» ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសជប៉ុន។

កំណត់ត្រា​ នៃកិច្ចពិភាក្សានេះនឹងចុះហត្ថលេខាដោយ ឯកឧត្តម ឃុត វុត្យារិទ្ធ អគ្គនាយក          រដ្ឋាករទឹកស្វយ័តសៀមរាប និង លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យចៃកាប្រចាំប្រទេស      កម្ពុជា នៅថ្ងៃទី១១ ខែតុលា​ឆ្នាំ ២០២១ (វេលាម៉ោង១១ ព្រឹក) នៅការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា។​    

គម្រោងនេះមានគោលបំណងលើកកម្ពស់វិធានការបង្ការជំងឺកូវីដ១៩ តាមរយៈការពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាពនិងចីរភាព និងលើកម្ពស់នូវការអនុវត្តការលាងសម្អាតដៃឱ្យកាន់តែប្រសើរឡើង។ ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ គម្រោងនឹង​(១) ផ្តល់នូវសម្ភារៈចាំបាច់មានដូចជា ឧស្ម័នក្លរ និងកំបោរ ដើម្បីធានាគុណភាពទឹកឱ្យស្របតាមស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ។ ជាងនេះទៅទៀត គម្រោងនេះក៏ផ្តល់នូវ នាឡិកាទឹក បំពង់ទឹក និងសម្ភារតំណ ព្រមទាំងឧបករណ៍ផ្សេងៗដល់រដ្ឋាករទឹកស្វយ័តសៀមរាប ដើម្បីធ្វើការពង្រីកសេវាទឹកស្អាតដល់តំបន់ដែលមិនទាន់មានការផ្គត់ផ្គង់ទឹក ក្នុងសង្កាត់ស្លក្រាម និងសង្កាត់សាលាកំរើក ក្រុងសៀម    រាប។ បន្ថែមពីលើការផ្តល់ឧបករណ៍ និងសម្ភារៈ គម្រោងនេះក៏អនុវត្តផងដែរនូវ (២) សកម្មភាពលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាប ស្តីអំពីសារៈសំខាន់នៃទឹកស្អាត និងទម្លាប់នៃការលាងសម្អាតដៃ ដើម្បីការពារជំងឺកូវីដ១៩ ។

គម្រោងនេះគឺជាផ្នែកមួយនៃការគាំទ្រក្នុងគ្រាអាសន្នពីរដ្ឋាភិបាលប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងសំណើរផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះនឹងត្រូវបញ្ចប់ នៅចុងខែកក្កដា ឆ្នាំ ២០២២ ហើយយើងរំពឹងថាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់គ្របដណ្តប់របស់គម្រោងខាងលើ និងតំបន់ដែលស្ថិតក្នុងការផ្តត់ផ្គង់របស់រដ្ឋាករទឹកស្វយ័តសៀមរាប (ប្រមាណ ៩៣.៤២៦ នាក់) នឹងទទួលបានអត្ថប្រយោជន៍។ ការគាំទ្រនេះ ក៏នឹងរួមចំណែកដល់រដ្ឋាករទឹកស្វយ័តសៀមរាប ក្នុងការទ្រទ្រង់ប្រតិបត្តិការផ្គត់ផ្គង់ទឹករបស់ខ្លួននៅក្នុងគ្រាដែលរដ្ឋាករទឹកស្វយ័តសៀមរាប កំពុងតែជួបការលំបាកជាច្រើនដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

គួរកត់សម្គាល់ថា នៅក្នុងវិស័យទឹកស្អាត និងអនាម័យ JICA គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ហើយបានរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង​ និងផ្នែកទន់។ រហូតមកដល់បច្ចុប្បន្ននេះ គម្រោងសហប្រតិបត្តិការបច្ចេកទេសជាច្រើនត្រូវបានអនុវត្តជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រួមទាំងរដ្ឋាករទឹកតាមបណ្តាលខេត្តនានា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកស្វយ័តសៀមរាប។ ជាងនេះទៅទៀត រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាច្រើនត្រូវបានសាងសង់នៅតាមបណ្តាលខេត្តជាច្រើននៃប្រទេសកម្ពុជាដោយជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ ដោយឡែកនៅក្នុងខេត្តសៀមរាប​​ JICA បានផ្តល់ជំនួយឥតសំណង ដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពចំនួន ៨.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងដំឡើងបំពង់ប្រវែង ៣៦គីឡូម៉ែត្រ ក្នុងឆ្នាំ ២០០៦  ហើយ បច្ចុប្បន្ននេះ  JICA កំពុងផ្តល់ហិរញ្ញប្បទានដល់ SRWSA ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាព ចំនួន ៦០.០០០ ម៉ែត្រ​ត្រីគុណក្នុងមួយថ្ងៃ និងដំឡើងបំពង់មេនិងបំពង់ចែកចាយទឹកស្អាត​ប្រវែងប្រហែល ២៧០ គីឡូម៉ែត្រ ។

គម្រោងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរួមឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាងមុន ជាពិសេសក្នុងគ្រាជួបការលំបាក៕

×