ប្រទេសថៃនឹងបិទបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរដែលទទួលបានការចាក់វ៉ាក់សាំងរួចរាល់ពីប្រទេសមានករណីឆ្លងតិចបំផុតចំនួន១០ ចាប់ពីដើម្បីខែវិច្ឆិកាក្រោយនេះតទៅ។ នេះបើតាមការលើកឡើងរបស់លោក ប្រាយុទ្ធចាន់អូចា កាលពីថ្ងៃចន្ទ។ ការបើកដំណើការទេសចរណ៍ឡើងវិញនេះ ក៏ដើម្បីស្តារនូវសេដ្ឋកិច្ចជាតិក្រោយជំងឺកូវីដ១៩បានវាយប្រហារអស់ជិត២ឆ្នាំកន្លងមកនេះ។
ប្រទេសថៃកាលពីឆ្នាំកន្លងទៅ បានរងគ្រោះជាទម្ងន់ចំពោះឱនភាពនៃវិស័យសេដ្ឋកិច្ចដែលបញ្ហានេះមិនធ្លាប់កើតឡើងច្រើនជាង២ទសវត្សទៅហើយ។ បន្ថែមពីនេះ វិស័យទេសចរណ៍ដែលជាឆ្អឹងខ្នងដ៏សំខាន់របស់ប្រទេសថៃក៏បានរងភាពរង្គោះរង្គើផងដែរ។
លោក ប្រាយុទ្ធបានថ្លែងដូច្នេះថា សម្រាប់ ភ្ញៀវទេសចរដែលធ្វើដំណើរមកពីប្រទេសយ៉ាងហោចណាស់ចំនួន១០ រួមមានចក្រភពអង់គ្លេស សឹង្ហបុរី អាល្លឺម៉ង់ ចិន និងសហរដ្ឋអាមេរិកនឹងត្រូវបានលើកឡើងពីការធ្វើចត្តាឡីស័កនៅពេលធ្វើដំណើរមកដល់ប្រទេសថៃ។ ហើយប្រទេសផ្សេងៗទៀតនឹងត្រូវបានដាក់ចូលក្នុងបញ្ជីប្រទេសដែលអាចចូលមកប្រទេសថៃបានបន្ថែមទៀត។
លោក ប្រាយុទ្ធបានថ្លែងថា៖ «ខ្ញុំដឹងថាការសម្រេចចិត្តនេះគឺអាចប្រឈមជាមួយហានិភ័យខ្ពស់។»
គួររំលឹកថា ប្រទេសថៃបានបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរប្រមាណ៥០ពាន់លានដុល្លារ កាលពីឆ្នាំកន្លងទៅ ខណៈបើគិតជាភាគរយ ប្រទេសថៃធ្លាក់ចុះប្រមាណ៨២ភាគរយ។
បើយោងតាមអាជ្ញាធរទេសចរណ៍ថៃបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសសរុបត្រឹមតែ ១០ ម៉ឺននាក់ប៉ុណ្ណោះត្រូវបានរំពឹងទុកនៅឆ្នាំនេះ។
ប្រទេសថៃក៏មានគម្រោងអនុញ្ញាតឱ្យបន្តការលក់គ្រឿងស្រវឹងនៅតាមភោជនីយដ្ឋាន និងបើកកន្លែងកម្សាន្តឡើងវិញនៅថ្ងៃទី ១ ខែធ្នូខាងមុខផងដែរ ដោយលោកប្រាយុទ្ធបាននិយាយថាប្រទេសថៃនៅមានវ៉ាក់សាំងជាង ១៧០ ដូសទៀតនៅចុងឆ្នាំនេះ។
រហូតមកដល់ពេលនេះប្រទេសថៃបានចាក់វ៉ាក់សាំងដល់ប្រជាជនបានចំនួន ៣២.៥%ហើយបើធៀបទៅនឹងប្រជាជនចំនួន ៧២ លាននាក់នៅក្នុងប្រទេស។ ក្នុងនោះ ការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយបានច្រើនក្នុងទីក្រុងបាងកកនិងខេត្តដទៃទៀតដែលចំនួនអ្នកឆ្លងបានធ្លាក់ចុះនាពេលថ្មីៗនេះ៕ ប្រភព៖ រ៉យទ័រ