ភ្ញៀវទេសចរនឹងបានមើលកម្សាន្តភពផែនដីពីលំហអវកាសព្រមទាំងការសាកល្បងអារម្មណ៍ “គ្មានទម្ងន់” នៅសណ្ឋាគារដ៏ទំនើប Aurora ដែលមានតម្លៃសម្រាប់មនុស្សម្នាក់ស្នាក់នៅ ១២ថ្ងៃ គឺ ៩,៥លានដុល្លារ ។
សណ្ឋាគារ Aurora
សណ្ឋាគារនៅស្ថានីយ៍អវកាស Aurora នេះ ត្រូវបានប្រកាសជាសាធារណៈក្នុងសន្និសីទកំពូលស្តីពីអវកាស ២.០ នារដ្ឋ California អាមេរិក ។ តាមអ្នកវិនិយោគឲ្យដឹងថា ភ្ញៀវទេសចរ ៦នាក់ ព្រមទាំងបុគ្គលិកបម្រើការ ២រូប នឹងត្រូវបានបញ្ជូនទៅកាន់ស្ថានីយ៍នេះ ដើម្បីទទួលបាននូវសេវាលំដាប់លេខ ១ ដែលប៉ែលប៉ោលលើស្រទាប់បរិយាកាសផែនដី ក្នុងដំណើរទេសចរ ១២ថ្ងៃនេះ ។
ភ្ញៀវទេសចរនឹងបានស្គាល់ពីអារម្មណ៍ដែល “គ្មានទម្ងន់” ព្រមទាំងបានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពផែនដី ស្ថិតនៅកណ្តាលចក្រវាឡល្វឹងល្វើយ ។ ក្នុង១ថ្ងៃៗ ភ្ញៀវទេសចរអាចសម្លឹងឃើញព្រះអាទិត្យរះ និងលិច ១៦លើកក្នុង១ថ្ងៃៗ ។
ក្រៅពីនោះសណ្ឋាគារនេះនៅមានសេវា Wifi ល្បឿនកំពូលលឿន ដើម្បីភ្ញៀវទេសចរទាំងនោះអាចបញ្ជូនរូបភាព ឬឃ្លីបទៅកាន់មិត្តភក្តិគ្រួសារ ។ តាមស្ថាបនិក Orion Span , Frank Bunger ឲ្យដឹងថា តាមគំរោងសណ្ឋាគារនេះនឹងសម្ភោធនៅឆ្នាំ ២០២១ ហើយអតិថិជនដំបូងនឹងបានទទួលសេវានៅឆ្នាំបន្ទាប់ ។
តាមស្ថាបនិករូបនេះឲ្យដឹងថា គោលដៅចុងក្រោយរបស់លោកគឺចង់ឲ្យវិស័យទេសចរថ្មីនេះ បម្រើបានមនុស្សភាគច្រើន ។ ប៉ុន្តែបច្ចុប្បន្នទាមទារឲ្យភ្ញៀវដែលចង់ស្នាក់នៅសណ្ឋាគារ Aurora ចាំបាច់ត្រូវមានការហ្វឹកហ្វឺនជាមុនចំនួន ៣ខែ ទើបមានតម្លៃដល់ទៅ ៩.៥លានដុល្លារដូច្នេះ ។ អ្នកមានបំណងចង់ទៅត្រូវកក់ប្រាក់ ៨០.០០០ដុល្លារ តាមអនឡាញ ដើម្បីរក្សាកន្លែង ។ ស្ថាបនិករូបនេះពោលថា ៖ ស្ថាបត្យកម្មរបស់Aurora នៅអាចតម្លើងបន្ទប់បន្ថែមយ៉ាងងាយស្រួល ប៉ុន្តែយើងខ្ញុំត្រូវសំឡឹងមើលទីផ្សារដើម្បីអភិវឌ្ឍន៍វា។
នាថ្ងៃអនាគតក្រុមហ៊ុនរបស់លោក នឹងធ្វើការលក់អគារស្នាក់នៅក្នុងលំហអវកាសដំបូងគេលើពិភពលោក ដែលអ្នកទាំងនោះអាចយកមករស់នៅផ្ទាល់ខ្លួន ឬជួលឲ្យគេបន្ត ៕ លីសា