Marcos Rodríguez Pantoja ធ្លាប់បានរស់នៅជាមួយឆ្កែចចក ពីអាយុ ៧-១៦ឆ្នាំ ហើយត្រូវបានពួកវាការពារថែទាំផ្តល់អាហារឲ្យ ។
បុរសម្នាក់ដែលធ្លាប់ត្រូវបានហ្វូងចចកចិញ្ចឹមបីបាច់អស់រយៈកាល ១២ឆ្នាំ ទើបសារភាពថា លោកមានអារម្មណ៍អស់សង្ឃឹម ខូចចិត្តនឹងការរស់នៅជាមួយសង្គមមនុស្ស ។
Marcos Rodríguez Pantoja បច្ចុប្បន្នអាយុ ៧២ឆ្នាំ ត្រូវបានអាជ្ញាធររកឃើញនៅជ្រលងភ្នំ Sierra កាលពីលោកអាយុ ១៦ឆ្នាំ ហើយក៏នាំយកមករស់នៅជាមួយសហគមន៍វិញ ប៉ុន្តែលោកឲ្យដឹងថា លោកត្រូវតស៊ូប្រយុទ្ធជាមួយភាពរងារឯកោក្នុងពិភពមនុស្ស ហើយប៉ងប្រាថ្នាចង់ត្រឡប់ទៅរួមរស់ជាមួយហ្វូងចចកវិញ លោកប្រាប់ BBC ថា ៖ “ខ្ញុំពុំដឹងថា ត្រូវទៅកន្លែងណា ខ្ញុំចង់តែរត់ឡើងទៅលើភ្នំ” ។ Rodríguez រស់នៅជាមួយហ្វូងចចក១២ឆ្នាំ ងាកទៅកាន់អតីតកាលវិញ ម្តាយរបស់លោក Rodríguez បានស្លាប់ចោលតាំងពីអាយុ ១៣ឆ្នាំ ឪពុកលោកបានទៅរស់នៅជាមួយស្ត្រីម្នាក់ទៀត ហើយពួកគេបាននាំលោកមករស់នៅតំបន់ភ្នំនេះ ពួកគេពឹងពាក់អ្នកឃ្វាលពពែជួយមើលគាត់ ។
Rodríguez អាយុបាន ៧ឆ្នាំ ថ្ងៃមួយអ្នកឃ្វាលពពែ ក៏ចាកចេញទៅបាត់ស្រមោល បន្សល់ទុកតែកុមារនៅម្នាក់ឯងនៅលើភ្នំ នាទីដ៏ស្ងាត់ជ្រងំនេះ មានតែហ្វូងចចកប៉ុណ្ណោះ ហើយពួកវាបានចាត់ទុកលោកដូចជា “បងប្អូនតែមួយ” ។
ចចកញី១ក្បាល តែងយកអាហារឲ្យលោក ហើយនាំលោកទៅដេកក្នុងល្អាងភ្នំមួយជាមួយហ្វូងចចក ពស់ ប្រើស និងប្រចៀវ ។ ហ្វូងចចកនៅបានបង្រៀនឲ្យលោកពីរបៀបរស់នៅ ប្រាប់លោកពីផ្លែឈើ និងពពួកផ្សិត ដែលអាចបរិភោគបាន ។
ពេលដែលអាជ្ញាធរ រកឃើញលោក Rodríguez មានតែខោខ្លីកញ្ចាស់មួយ ព្រមទាំងនិយាយភាសាមនុស្សបានតិចតួចប៉ុណ្ណោះ។
ហ្វូងចចកបានបង្រៀនពីរបៀបរស់នៅ។
ឥឡូវនេះលោកមានអាយុ ៧២ឆ្នាំហើយ ហើយកំពុងរស់នៅក្នុងផ្ទះតូចមួយតែម្នាក់ឯង។ អនុស្សាវរីយ៍ផ្អែមល្ហែមសុភមង្គលបំផុត គឺអំឡុងពេលនៅក្មេង ហើយរស់នៅជាមួយនឹងពពួកសត្វ -នេះបើតាមការចុះផ្សាយរបស់កាសែត El Pais ។ លោកក៏បាននិយាយថា តាំងពីគ្រាដែលត្រូវបានគេនាំយកមកកាន់សង្គមមនុស្សវិញ គឺជាវេលា ដែលការខូចចិត្ត ចាប់ផ្តើមកើតឡើង ។ លោកឲ្យដឹងថា ខ្លួនត្រូវបានគេបោកបញ្ឆោត ជិះជាន់បង្ខំឲ្យធ្វើការ និងគ្មានឱកាសពិតប្រាកដ ដើម្បីសម្របសម្រួលខ្លួនជាមួយអ្នកដទៃ។
លោកក៏ទទួលអារម្មណ៍ថាគេតែងសើចពេបជ្រាយលោក ព្រោះតែលោកពុំសូវយល់ដឹងអំពីរឿងនយោបាយ បាល់ទាត់ ឬពិភពលោកស៊ីវីល័យ។
Rodríguez ឲ្យដឹងថា ខ្លួនលោកពុំមានឱកាសដើម្បីសម្របខ្លួនជាមួយអ្នកដទៃឡើយ លោកធ្លាប់បានវិលត្រឡប់ទៅកាន់ជ្រលងភ្នំនោះប៉ុន្តែអ្វីៗបានផ្លាស់ប្តូរ ព្រោះរាប់សិបឆ្នាំបានកន្លងផុត ហើយហ្វូងចចកលែងស្គាល់លោកទៀត ។ ពោលទៅកាន់កាសែត El Pais លោកនិយាយថា ៖ នៅទីនោះក៏នៅមានហ្វូងចចកដដែល ហើយប្រសិនបើខ្ញុំស្រែកហៅវា នោះវានឹងឆ្លើយតប តែវាពុំចូលកៀកខ្ញុំឡើយ ព្រោះថា ខ្ញុំមានក្លិនដូចមនុស្ស ហើយក៏មានប្រើទឹកអប់ ។ ចំពោះលោករឿងដែលគួរឲ្យខ្លាចបំផុតនោះក្នុងសង្គមនុស្សគឺភាពប្រញាប់ប្រញាល់អ៊ូអរ ខ្លាំងពេក ។ លោកពោល ៖ “ខ្ញុំពុំចូលចិត្តសំឡេងលាន់រំពង ឬភាពអ៊ូរអរជាអាទិ៍ រថយន្តបន្តកន្ទុយគ្នាចុចស៊ីផ្លេរ រីឯមនុស្សកុះករដូចជាហ្វូងស្រមោច ហើយបើជាស្រមោចពិតវិញនោះគឺវាមានរបៀបណាស់ ដោយដើរតម្រៀបគ្នាជាជួរ ដោយឆ្ពោះទៅកាន់ទិសតែ១ ចំណែកមនុស្សវិញដើរបែកខ្ញែកគ្នាទៅកាន់គ្រប់ទិសទី ហើយខ្ញុំខ្លាចណាស់ពេលដើរឆ្លងថ្នល់ម្តងៗ៕ សូយន