Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១ -២០២៣

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣ គឺ ១).ការងើបឡើងវិញ និងការរស់រាន ដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន និងរក្សាលំនឹងជីវភាពរបស់ប្រជាជន ក៏ដូចជាដើម្បីធ្វើឱ្យសេដ្ឋកិច្ចអាចរស់រានបាន ព្រមទាំងដើម្បីស្តារ​មូល​ដ្ឋានគ្រឹះនៃកំណើន​សេដ្ឋកិច្ច ឱ្យអាចវិលត្រឡប់ទៅកាន់គន្លងនៃកំណើនខ្ពស់ឡើងវិញ ២).ការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំងការជំរុញ និងអភិវឌ្ឍឌីជីថលូបនីយកម្ម និង ៣).ការលើកកម្ពស់ភាពធន់ (Resilience) ទាំងក្នុងវិស័យសាធារណៈ, វិស័យឯកជន និងទាំងជាសេដ្ឋកិច្ច, ធនធានលំហរថវិកា, វិស័យហិរញ្ញវត្ថុ ទាំងយន្តការឆ្លើយតបវិបត្តិ និងការបង្កើតប្រភពហិរញ្ញប្បទានក្នុងស្រុក, ប្រព័ន្ធគាំពារសង្គម និងសុខាភិបាល ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅដើម្បីពង្រឹងការត្រៀមខ្លួនរបស់កម្ពុជាទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអានាគត។

ឯកឧត្តម បានលើកឡើងថា កម្ពុជាបានឆ្លងកាត់រលកនៃបញ្ហាប្រឈមជាច្រើន មិនធ្លាប់មានពីមុនមក ដោយ​សារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ហើយអាជីវកម្មត្រូវប៉ះពាល់ ឱកាស រកប្រាក់ចំណូល ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ត្រូវទទួលរងផលប៉ះពាល់ ក៏ប៉ុន្តែកម្ពុជា  នៅតែអាចរក្សាសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យស្ថិតនៅក្នុងកម្រិត ដែលអាចគ្រប់គ្រង បាន។ ឯកឧត្តម បានគូសបញ្ជាក់ថា ភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាពាក់ព័ន្ធនឹងយុទ្ធសាស្រ្តវ៉ាក់សាំង បាននិងកំពុងនាំមកនូវក្តីសង្ឃឹមនៃការវិលត្រឡប់មករកភាពប្រក្រតីថ្មីវិញ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានបន្ធូរបន្ថយការចត្តាឡីស័ក សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញចូលក្នុងប្រទេសពី ១៤ ថ្ងៃមកនៅចន្លោះពី ៧ ទៅ ៣ ថ្ងៃប៉ុណ្ណោះ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ខាងផ្នែកសេដ្ឋកិច្ចនិងសង្គមជាបន្តបន្ទាប់  ដើម្បីជួយរក្សាលំនឹងធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជីវភាពកម្មករ-និយោជិត និង គ្រួសារ ក្រីក្រ ព្រមទាំងក្រុមជនងាយរងគ្រោះ ដែលរងផលប៉ះពាល់ ពីវិបត្តិនៃជំងឺកូវីដ-១៩៕

×