Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម៖ ពន្លាជាតិកម្ពុជា មានភាពទាក់ទាញពីអ្នកទេសចរណ៍ នាពិព័រណ៍ពិភពលោកនៅឌុយបៃ

ភ្នំពេញ៖ អ្នកចូលទស្សនាជាង ២ម៉ឺននាក់ បានចាប់អារម្មណ៍ពន្លាជាតិកម្ពុជា ដែលបានរៀបចំតាំងបង្ហាញ នៅក្នុងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នៅសហភាពអារ៉ាប់រួម ​ជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង មានរយៈពេល ៦ខែ ដោយគិតចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ស្មើនឹង ១៨២ថ្ងៃ ដោយមានប្រទេស និងអង្គការអន្តរជាតិធំៗ ចូលរួមចំនួន ១៩២ រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ តាមការរំពឹងទុក ពិព័រណ៍ពិភពលោក ២០២០ នៅឌុយបៃ នឹងទាក់ទាញភ្ញៀវចូលទស្សនាចំនួន ២៥លាននាក់ ក្នុងនោះ ៧០ភាគរយ ជាភ្ញៀវមកពីបរទេស។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំ និងចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ពន្លាជាតិកម្ពុជា ត្រូវបានរចនាឡើងយ៉ាងល្អប្រណិត តាមរចនាបទខ្មែរ ដោយមានការច្របាច់បញ្ចូលគ្នានូវសម័យកាលជាប្រវត្តិសាស្ត្រចំនួន ៤ គឺសម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យ​ចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន។

ឯកឧត្តម បន្តថា ការតុបតែងពន្លាជាតិ បង្ហាញពីការច្របាច់បញ្ចូលគ្នានូវកេរ្តិ៍ដំណែល វប្បធម៌ប្រវត្តិសាស្ត្រមានពីបុរាណ និងខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលដូនតាខ្មែរបានបន្សល់ទុករហូត មកដល់បច្ចុប្បន្ន ដូចជា វិស័យពាណិជ្ជកម្ម កសិកម្ម និងវិស័យទេសចរណ៍ដែលជាជន្ទល់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។

ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំពន្លាជាតិមួយឲ្យមានភាពទាក់ទាញ និងការចាប់អារម្មណ៍របស់អ្នកទស្សនា គឺដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់កម្ពុជា លើឆាកអន្តរជាតិឲ្យកាន់តែល្បីសុះសាយ ទាក់ទាញភ្ញៀវទេសចរ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា តាមរយៈពិព័រណ៍ពិភពលោក ២០២០ឌុយបៃ កម្ពុជាសង្ឈឹមថា នឹងបានកសាងភាពល្បីល្បាញ​លើឆាកអន្តរជាតិ នូវបេតិកភណ្ឌវប្បធម៌ពីបុរាណ អាចទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគជាច្រើន តាមរយៈពន្លាជាតិ និងការផ្សព្វផ្សាយនានារបស់កម្ពុជា៕

×