ក្រោយស្ថានភាពភ្លៀងធ្លាក់ខ្លាំងដែលអូសបន្លាយពេលអស់ជាច្រើនម៉ោងបានបង្កឲ្យមានជាទឹកជំនន់ខ្លាំងនៅតំបន់ជាច្រើននៃភាគកណ្តាលប្រទេសវៀតណាម ខណៈជំនន់ទឹកភ្លៀងនេះបានសម្លាប់មនុស្សម្នាក់ ជាមួយនឹងការជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីទីតាំងរងគ្រោះ។
ខ្សែវីដេអូដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋ VTV បានបង្ហាញអំពីសកម្មភាពប្រជាជនកំពុងរើរបស់របរ និងគ្រឿងសង្ហារិមចេញពីផ្ទះលិចទឹករបស់ពួកគេក្នុងខេត្ត ហ្គង ណាម ខណៈទឹកកំពុងហូរសម្រុកកាន់តែខ្លាំង។
នៅក្នុងខេត្តហ្គង ងៃវិញ ដែលជាកន្លែងមានមនុស្សយ៉ាងហោចណាស់ ៤៥០០នាក់ត្រូវបានជម្លៀសចេញកាលពីចុងសប្តាហ៍នេះ ដោយក្មេងៗបានអង្គុយលើក្បូនបណ្តោះអាសន្នដើម្បីផ្លាស់ទីតាមដងផ្លូវមួយ ខណៈដែលអ្នកផ្សេងទៀតបានដើរឆ្លងកាត់ទឹកជន់លិចយ៉ាងជ្រៅ ហើយខ្លះរុញម៉ូតូដែលជាប់គាំងថែមទៀតផង។
ក្នុងនោះ ទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធសម្ពាធទាបត្រូពិចនៅសមុទ្រចិនខាងត្បូងត្រូវបានគេព្យាករណ៍ថា នឹងបង្កឱ្យមានភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងតំបន់ឆ្នេរភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម។
ជាក់ស្តែង ប្រទេសវៀតណាមងាយនឹងមានព្យុះនិងទឹកជំនន់ដោយសារប្រទេសនេះជាដែនដីមានឆ្នេរសមុទ្រវែង ហើយគ្រោះធម្មជាតិ ដែលតែងកើតមានឡើងក្នុងប្រទេសនេះភាគច្រើនជាទឹកជំនន់ និងការរអិលបាក់ដីដែលបានសម្លាប់មនុស្សអស់៨៧៨នាក់កាលពីឆ្នាំមុន៕ ប្រភព៖ CNA