កូរ៉េខាងត្បូងនឹងផ្តល់ជំនួយបន្ថែមចំនួន៥លានដុល្លារ ដើម្បីជួយបង្កើនចំនួនផ្គត់ផ្គង់វ៉ាក់សាំងក្នុងតំបន់ សហគមន៍ប្រជាជាតិអាស៊ាន។ នេះបើតាមការបញ្ជាក់ពីលោក ម៉ូន ជេអីនថ្លែងកាលពីថ្ងៃអង្គារ។ លោក ម៉ូនបានថ្លែងដូចនេះនៅពេលដែលលោកបានចូលរួមកិច្ចប្រជុំកំពូលកូរ៉េខាងត្បូងជាមួយសមាគមប្រជាជាតិអាស៊ានតាមរយៈប្រព័ន្ធអនឡាញ។
ក្នុងអំឡុងកិច្ចប្រជុំ លោកម៉ូន បានបង្ហាញក្តីព្រួយបារម្ភអំពីការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់ពិភពលោកដែលកំពុងបង្អាក់ដោយផ្ទុះឡើងនូវមេរោគបំប្លែងថ្មីប្រភេទ(ដែលតា)។ លោកម៉ូនបញ្ជាក់ប្រាប់កិច្ចប្រជុំថា សាមគ្គីភាពនិងការសហប្រតិបត្តិការ គឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយទៅលើវិបត្តិជំងឺកូវីដ១៩។
ជាក់ស្តែង កូរ៉េខាងត្បូងបានបង្ហាញសកម្មភាពជាច្រើនក្នុងការចូលរួមផ្តល់ជំនួយឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩ចំពោះប្រទេសក្នុងតំបន់អាស៊ាន និងផ្តល់ទុនបម្រុងសម្រាប់ផ្គត់ផ្គង់ផ្នែកវេជ្ជាសាស្ត្រជាដើម។ លោកម៉ូន ក៏បានស្នើឱ្យមេដឹកនាំអាស៊ានគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញឱ្យបានឆាប់រហ័សរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏ដូចជារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោកម៉ូន និងមេដឹកនាំអាស៊ានបានអះអាងឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ ក្រោមគោលនយោបាយភាគខាងត្បូងថ្មីរបស់ទីក្រុងសេអ៊ូល ដែលមានគោលបំណងកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងលើប្រទេសចិន។
បន្ថែមពីនេះ ពួកគេក៏បានទទួលស្គាល់នូវបញ្ហាប្រឈមខាងផ្នែកសេដ្ឋកិច្ចសង្គមដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ក្នុងតំបន់ និងតម្រូវការក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំជាងមុន ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ និងបង្កើតអនាគតដ៏រឹងមាំ និងនិរន្តរភាពបន្ថែមទៀត៕