ខេត្តតាកែវ ៖ ស្នងការនគរបាលខេត្តតាកែវម្នាក់បានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរ រថយន្តដឹកដី បើកបុករថយន្តស៊ឺរ៉ែននាំក្បូនគណៈប្រតិភូកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវលំក្រាលក្រួសក្រហម ស្ថិតក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានទិសដៅខ្វែងគ្នា។
ក្នុងរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដែលបានជម្រាបជូនលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា រថយន្ដម៉ាកនីសាន់ធីតាន់ ពណ៌សលាយខៀវ ពាក់ស្លាកលេខបាត់ដំបង 3A-0467 (គ្មានការខូតខាត) បើកបរដោយឈ្មោះ សៀន រិទ្ធី អាយុ២៣ឆ្នាំ រស់នៅភូមិពោធិ៍សង្កែ ឃុំកំណប់ ស្រុកគិរីវង់ បានបើករថយន្តឆ្លងផ្លូវបុកជាមួយរថយន្តស៊ឺរ៉ែន នាំក្បូនប្រតិភូ ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល2-8866 បើកបរដោយលោកអនុសេនីយ៍ទោ ភុំ សុខគា អាយុ៣១ឆ្នាំ ឋានៈមន្ដ្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រស់នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ (គ្មានរបួស) និងអ្នករួមដំណើរ ៣នាក់ គឺលោកឧត្តមសេនីយ៍ត្រី ប៉ុក ពលរិទ្ធ អាយុ ៥៥ឆ្នាំ ឋានៈ ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ រងរបួសធ្ងន់ លោកអនុសេនីយ៍ឯក ស្រាត អុល អាយុ៤៤ឆ្នាំ ឋានៈមន្ត្រីការិយាល័យចរាចរណ៍ រស់នៅភូមិត្រពាំងខ្នារ ឃុំលាយបូរ ស្រុកតាំកក់ (គ្មានរបួស) និងលោកអនុសេនីយ៍ទោ ជ្រុន ផល្លី អាយុ២៩ឆ្នាំ ឋានៈមន្ត្រីការិយាល័យចរាចរណ៍ រស់នៅភូមិពញាឮ ឃុំប្រាំបីមុំ ស្រុកទាំង (គ្មានរបួស) ។ ចំណែករថយន្តស៊ឺរ៉ែននគរបាល មានការខូចខាតធ្ងន់ផ្នែកខាងស្តាំ។ ជនរងគ្រោះត្រូវបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានថ្លែងថា “មូលហេតុនៃគ្រោះថ្នាក់ចរាចរនេះ មកពីអ្នកបើករថយន្តម៉ាកនីសាន់ធីតាន់ បើកក្នុងល្បឿនលឿន ហើយឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន បានទៅបុកនឹងរថយន្តស៊ឺរ៉ែនរបស់នគរបាល ចំពីចំហៀងផ្នែកខាងស្តាំ ។ រីឯអ្នកបើកបររថយន្ដបង្ក ត្រូវបានកម្លាំងជំនាញ ធ្វើការឃាត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី”៕ ដោយ ៖ បញ្ញាស័ក្តិ