សមាជិកព្រឹទ្ធសភាអាមេរិកចំនួនពីររូបនាពេលថ្មីៗនេះ បានជំរុញឱ្យប្រធានាធិបតីចូ បៃដិន លើកលែងទណ្ឌកម្មប្រឆាំងនឹងប្រទេសឥណ្ឌា ជុំវិញការទិញប្រព័ន្ធការពារដែនអាកាស S-៤00 របស់រុស្ស៊ី។ ការជំរុញឱ្យលើកលែងទណ្ឌកម្មនេះ ធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាថា វិធានការដាក់ទណ្ឌកម្មរបស់អាមេរិកនឹងអាចបង្កគ្រោះថ្នាក់ដល់កិច្ចសហប្រតិបត្តិការដែលកំពុងតែមានភាពល្អប្រសើរ។
ជាក់ស្តែង ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រព័ន្ធកាំជ្រួចបាញ់ពីដីទៅលើអាកាសចំនួន៥ ក្នុងតម្លៃ ប្រមាណ ៥,៥ពាន់លានដុល្លារជាមួយរុស្ស៊ីក្នុងឆ្នាំ ២០១៨ សម្រាប់ការពារប្រឆាំងនឹងសត្រូវដ៏យូរលង់របស់ខ្លួននោះគឺ ប្រទេសប៉ាគីស្ថាន និ,ងប្រទេសចិន ដែលបញ្ហាទាំងអស់នេះ ត្រូវបានជាប់គាំង និងការប្រឈមមុខដាក់គ្នានៅតាមព្រំដែនដែលមានជម្លោះជាដើម។
ក្រោយកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើប្រទេសឥណ្ឌា ប៉ុន្តែសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក ចន ខនយីន និងសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោកម៉ាក វ៉នណឺ បានសរសេរសំបុត្រមួយច្បាប់ទៅកាន់លោកបៃដិន កាលពីថ្ងៃអង្គារកន្លងទៅដោយអំពាវនាវឱ្យមានការលើកលែងទណ្ឌកម្មនេះ ក្រោមហេតុផលសន្តិសុខជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បើតាម សំណេរដែលសរសេរឡើងសមាជិកព្រឹទ្ធសភាទាំងពីររូបបានឱ្យដឹងថា៖«យើងជឿថា មានការចាំបាច់ផ្នែកសន្តិសុខជាតិក្នុងការលើកលែងទណ្ឌកម្ម” ។
សមាជិកព្រឹទ្ធសភាទាំង២រូបបាននិយាយថា ពួកគេព្រួយបារម្ភអំពីការផ្ទេរនូវប្រព័ន្ធបច្ចេកវិទ្យារបស់រុស្ស៊ីនឹងបង្កឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសឥណ្ឌា ក្រោមច្បាប់ប្រឆាំងរបស់អាមេរិកតាមរយៈច្បាប់ទណ្ឌកម្ម (CAATSA) ដែលត្រូវបានអនុម័តដើម្បីឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះការជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ការលួចស្តាប់សារសម្ងាត់តាមប្រព័ន្ធអ៊ីនធឺណិត និងការគំរាមកំហែងដល់ប្រទេសអ៊ុយក្រែនជាដើម។
មែនទែនទៅ ប្រទេសឥណ្ឌាបានបង់ប្រាក់ចុះបញ្ជីលើប្រព័ន្ធ S-៤00 ហើយមីស៊ីលបច្ចេកវិទ្យាថ្មីរបស់ឥណ្ឌានឹងត្រូវបានគេរំពឹងថានឹងអាចចាប់ផ្តើមដាក់ពង្រាយនៅចុងឆ្នាំនេះ។ហើយ ប្រទេសឥណ្ឌាបាននឹងកំពុងកាត់បន្ថយការទិញឧបករណ៍យោធាពីរុស្ស៊ី ដែលការបញ្ជាទិញរបស់ឥណ្ឌាបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំ ខណៈរុស្ស៊ី គឺជាប្រភពចម្បងរបស់ខ្លួនក្នុងការទិញសម្ភារៈយោធាចាប់តាំងពីឆ្នាំ ២០១៦ ដល់ ២០២០ បើធៀបទៅនឹងរយៈពេលប្រាំឆ្នាំមុន។
ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងការពារជាតិរបស់ឥណ្ឌាជាមួយសហរដ្ឋអាមេរិកក៏បាននិងកំពុងកើនឡើងជាមួយនឹងការលក់សព្វាវុធចំនួន ២,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០។ ក្នុងនោះ សមាជិកព្រឹទ្ធសភាអាមេរិកក៏បានលើកឡើងដែរថា៖ «ការដាក់ទណ្ឌកម្មនៅពេលនេះ អាចបង្អាក់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយឥណ្ឌា លើគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងទ្វេភាគីរបស់យើង ចាប់ពីកិច្ចសហប្រតិបត្តិការផ្នែកវ៉ាក់សាំង រហូតដល់កិច្ចសហប្រតិបត្តិការការពារជាតិ ពីយុទ្ធសាស្ត្រថាមពល រហូតដល់ការចែករំលែកបច្ចេកវិទ្យាជាដើម»៕ ប្រភព៖ Al Jazeera News