ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលាស្តីពី «សន្សំប្រាក់ឥឡូវនេះដើម្បីអនាគតរបស់អ្នក» ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ និង ការចូលរួមអបអរសាទរទិវាសន្សំអាស៊ាន ។ សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ និង ជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា និង វត្តមានលោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា និង លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងតំណាងមកពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ប្រមាណ ១៣០ នាក់ តាមរយៈប្រព័ន្ធ អនឡាញ (ZOOM) ។
សិក្ខាសាលាស្តីពី «សន្សំប្រាក់ឥឡូវនេះដើម្បីអនាគតរបស់អ្នក» ក៏បានផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសបុក (Facebook Page) របស់សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទំព័រលុយខ្ញុំ (My Money Page) និង ទំព័រខេមបូហ្វានែន (CamboFinance Page) ។ អង្គសិក្ខាសាលាក៏មានកិច្ចពិភាក្សាលើប្រធានបទ ៖ «ការសន្សំប្រាក់ឥឡូវនេះដើម្បីអនាគត និង សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នក» ដែលមានវាគ្មិនដែលអញ្ជើញមកពីធនាគារជាតិនៃកម្ពុជា ធនាគារពាណិជ្ជ និង គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើផងដែរ ។
អនុប្រធានសមាគមធនាគារនៅកម្ពុជា លោក ប៊ុន យីន មានមតិស្វាគមន៍គណៈអធិបតី និង អង្គសិក្ខាសាលាថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការសន្សំប្រាក់របស់បងប្អូនប្រជាពលរដ្ឋទៅក្នុងស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដែលរួមមានគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ការបង្កើនការយល់ដឹងបន្ថែមទៀតដល់សាធារណជន ទៅលើអត្ថប្រយោជន៍នៃការសន្សំសម្រាប់ខ្លួនឯង សង្គម និង សេដ្ឋកិច្ចជាតិ និង ការបង្កើនការយល់ដឹងបន្ថែមលើយន្តការនៃការពារ អតិថិជនសម្រាប់ការសន្សំនៅក្នុងគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ព្រមទាំងបង្កើនទំនុកចិត្តរបស់សាធារណជនទៅលើគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ។
លោក ប៊ុន យីន បានថ្លែងបន្តថា ក្នុង ឱកាសអបអរសាទរទិវាសន្សំអាស៊ាន គណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ (Financial Inclusion Committees) នៃសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា បានធ្វើសកម្មភាពជាច្រើនដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងទាក់ទងទៅនឹងការសន្សំនៅប្រទេសកម្ពុជា ។
សកម្មភាពទាំងនោះរួមមាន ៖ ទី១) ការរៀបចំកិច្ចពិភាក្សាតាមប្រព័ន្ធឌីជីថលស្តីពីការសន្សំប្រាក់ និង ការបែងចែកប្រាក់សន្សំ ដែលបានចាក់បញ្ចាំងលើគេហទំព័រហ្វ្រេសញូ (Fresh News Website) ។ ទី២) យុទ្ធនាការផ្សព្វផ្សាយវីដេអូស្តីពីការសន្សំ នៅតាមបណ្តាញសង្គមផ្លូវការរបស់សមាជិកនៃសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។ ទី៣) ការបង្កើតកម្រងសំណួរល្បងប្រាជ្ញាទាក់ទងទៅនឹងការសន្សំនៅលើបណ្តាសង្គមរបស់សមាគមធនាគារដើម្បីទាក់ទាញចំណាប់អារម្មណ៍ឲ្យមានការចូលរួមពីសំណាក់សាធារណជនទាក់ទងនឹងសកម្មភាពនៃការសន្សំប្រាក់ ។ និង ទី៤) ការបង្កើតខិតបណ្ណផ្សព្វផ្សាយស្តីពីការសន្សំ និង បង្កើតស៊ុមរូបថតកម្សាន្តនៅលើបណ្តាញសង្គម និង នៅលើគេហទំព័រ ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក គា បូរាណ ក៏បានថ្លែងចំណាប់អារម្មណ៍ស្វាគមន៍គណៈអធិបតីនិង អង្គសិក្ខាសាលាដែរថា ទិវាសន្សំអាស៊ានគឺជាគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការការងារអាស៊ានសម្រាប់កិច្ចការបរិយាបន្នហិរញ្ញវត្ថុ និង មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំ ស្របតាមកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន ។
លោកបានបន្តទៀតថា ការអនុញ្ញាតរបស់ធនាគារជាតិនៃកម្ពុជាឲ្យមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចទទួលប្រាក់បញ្ញើ បានជំរុញឲ្យស្ថាប័នទាំងនោះមានលទ្ធភាពផ្តល់សេវាសន្សំដល់ប្រជាជនបានកាន់តែច្រើនឡើង ។ លោកបន្តថា ក្នុងរយៈពេល ០៥ ឆ្នាំចុងក្រោយ ក្នុងកំឡុងឆ្នាំ២០១៦-២០២០ កំណើនចំនួនគណនីសន្សំមានការកើនឡើងរហូតដល់ជិត 0៩ លានគណនីត្រឹមដំណាច់ឆ្នាំ២០២០ សម្រាប់វិស័យហិរញ្ញវត្ថុទាំងមូល ។
ទោះយ៉ាងនេះក្តី លោក គា បូរាណ បានបន្ថែមថា ប្រជាជនជាច្រើនទៀត ជាពិសេសតាមតំបន់ជនបទ និង អ្នកមានចំណូលទាបពុំទាន់ ប្រើប្រាស់សេវាសន្សំផ្លូវការជាមួយគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលមានអាជ្ញាបណ្ណចេញដោយធនាគារជាតិនៃកម្ពុជានៅឡើយ ។ លោក គា បូរាណ បន្តថា «សិក្ខាសាលានៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញលើកកម្ពស់ចំណេះដឹងផ្នែកសន្សំ និង ចូលរួមអនុវត្តសកម្មភាពដែលមានចែងក្នុងយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ។»
អគ្គនាយកត្រួតពិនិត្យ និង ជាឧបការីទេសាភិបាលធនាគារជាតិ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ មានប្រសាសន៍បើកអង្គសិក្ខាសាលាថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមផ្សព្វផ្សាយទិវាសន្សំអាស៊ានឲ្យកាន់តែមានភាពទូលំទូលាយ និង បានជ្រួតជ្រាបទៅដល់សាធារណជននៅទូទាំងប្រទេស ។
ឯកឧត្តម មានប្រសាសន៍បន្ថែមថា ទិវាសន្សំអាស៊ានត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយបណ្តាប្រទេសដែលជាសមាជិកអាស៊ានរួមទាំងប្រទេសកម្ពុជាផងដែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ដែលស្របទៅនឹងការខិតខំរបស់បណ្តាប្រទេសអាស៊ានទាំងអស់ ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់ដែលជាការងារអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ។ ហេតុដូច្នេះ បណ្តាសមាជិកនៃប្រទេសក្នុងតំបន់អាស៊ានទាំងអស់បានសម្រេចជ្រើសរើសយកថ្ងៃទី៣១ ខែតុលា សម្រាប់ប្រារព្ធទិវាសន្សំអាស៊ានជារៀងរាល់ឆ្នាំដើម្បីរួមចំណែកបង្កើនវប្បធម៌សន្សំនៅតាមប្រទេសនីមួយៗ ក្នុងគោលដៅជំរុញការកៀរគរប្រាក់សន្សំ និង ការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង ។
ឯកឧត្តម ក៏មានប្រសាសន៍បន្តថា៖ «ដើម្បីលើកទឹកចិត្ត និង ជំរុញបន្ថែមលើវប្បធម៌នៃការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបាននិង កំពុងបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់តាមរយៈសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជាការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល បាគង (Bakong Digital Transactions) ដែលផ្តល់លទ្ធភាពដល់ការទូទាត់ និង ផ្ទេរប្រាក់រវាងគ្រឹះស្ថាន និង គ្រឹះស្ថានក្នុងគោលដៅបង្កភាពងាយស្រួល បង្កើនសុវត្ថិភាព និង កាត់បន្ថយការចំណាយសម្រាប់ប្រជាជនដែលមានតម្រូវការទូទាត់ និង ផ្ទេរប្រាក់ឆ្លងគ្រឹះស្ថាន និង ការពង្រឹងកិច្ចសហការប្រតិបត្តិការជាមួយធនាគារបរទេសដើម្បីសម្រួលដល់ប្រតិបត្តិការទូទាត់ និង ផ្ទេរប្រាក់ឆ្លងប្រទេសក្នុងគោលដៅសម្រួលដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យងាកមកប្រើប្រាស់សេវាធនាគារដែលមានភាពងាយស្រួល អស់កម្រៃតិច និង ធានាសុវត្ថិភាពដើម្បីផ្ញើប្រាក់មកសមាជិកគ្រួសារនៅកម្ពុជា ។ »
ឯកឧត្តម អគ្គនាយកត្រួតពិនិត្យ ក៏បានគូសបញ្ជាក់ផងដែរថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ នេះ ការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានជាង ៣៧ ពាន់លានដុល្លារ ដែលទទួលពីអតិថិជនចំនួន ១២.០៥ លានគណនី ។ ឯកឧត្តម បានបន្តថា ចំនួននៃការដាក់ប្រាក់បញ្ញើនេះកើតចេញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុទាំងអស់ដែលបានរួមគ្នាអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាប្រកបដោយចីរភាព ។ លើសពីនោះទៀត ព្រមទាំងជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ និង លើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងគោលដៅបង្កើនលទ្ធភាពទទួលបាន និង ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងបង្កើនជំនឿចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារឲ្យកាន់តែប្រសើរ៕