ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Chestertons ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានប្រកាសបើកដំណើរការនៅកម្ពុជាចាប់ពីឆ្នាំ ២០២២ តទៅ ដោយបញ្ជាក់ថាកម្ពុជាជាទីផ្សារ «គន្លឹះ, រីកចម្រើនខ្លាំង» ស្របតាមយុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់អាស៊ី។
ក្រុមហ៊ុនលំដាប់អន្តរជាតិដែលមានអាយុកាល ២១៦ ឆ្នាំនេះ បានដាក់បញ្ចូលប្រតិបត្តិការនៅកម្ពុជាទៅក្នុងបណ្តាញកម្រិតអន្តរជាតិជាង ១០០ ការិយាល័យរបស់ខ្លួន តាមរយៈការទិញយកប្រតិបត្តិការក្រុមហ៊ុន Focus Property Co., Ltd ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។
ក្រុមហ៊ុន Chestertons Cambodia នឹងដំណើរការដោយមានក្រុមការងារចំនួន ៥៥ នាក់នៅជំហ៊ានដំបូង ហើយត្រូវដឹកនាំដោយលោក ជី មាត ដើម្បីផ្តល់សេវាកម្មទាក់ទងនឹងអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្ម ដោយផ្តោតឯកទេសខាងផ្នែកសេវាគ្រប់គ្រងអចលនទ្រព្យ។
លោក Salah Mussa ប្រធានក្រុមហ៊ុន Chestertons បញ្ជាក់ថា៖«យើងមានសេចក្តីសោមនស្សក្នុងការដំណើរការក្រុមហ៊ុន Chestertons Cambodia និងស្វាគមន៍យ៉ាងកក់ក្តៅក្រុមហ៊ុន Focus Property មកកាន់គ្រួសារ Chestertons ដែលជាក្រុមហ៊ុនមានការរីកធំធាត់ជាដរាប។ ក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនថ្មីជាងគេនៃសមាជិក Franchise របស់យើង នឹងទទួលបានប្រយោជន៍ជាច្រើនពីបណ្តាញដ៏ទូលំទូលាយ និងប្រកបដោយជំនាញរបស់យើង រួមទាំងប្រយោជន៍ពីម៉ាកយីហោក្រុមហ៊ុន Chestertons ដែលល្បីល្បាញកម្រិតអន្តរជាតិ»។
លោក Salah Mussa អះអាងថា៖«ការផ្តោតជាសំខាន់របស់ក្រុមការងារលើសេវាកម្មគ្រប់គ្រងអចលនទ្រព្យបង្ហាញពីជំនាញ និងធនធានសម្បូរបែបរបស់យើង។ ការដាក់គោលដៅខ្ពស់ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការងារគឺជាគុណសម្បត្តិដ៏ល្អដើម្បីឲ្យយើងបំពេញការងារបានយ៉ាងប្រសើរ»។
លោក Salah Mussa បញ្ជាក់ថា៖ «នៅជាង ១២ ខែចុងក្រោយនេះ យើងបានបង្ហាញខ្លួនដោយបើកដំណើរការទីផ្សារថ្មីចំនួន ៧ ដែលគិតមកទល់ពេលនេះយើងបើកដំណើរការចំនួន ១៥ ប្រទេសជុំវិញពិភពលោក។ យើងនឹងមិនសម្រាកត្រឹមប៉ុនហ្នឹងទេ យើងសង្ឃឹមថានឹងបន្តដំណើរដ៏អស្ចារ្យនេះដោយពង្រីកខ្លួនបន្តទៀតទៅកាន់ពិភពលោកនៅឆ្នាំ ២០២២ និងឆ្នាំក្រោយៗទៀត»។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនអចលនទ្រព្យ Chestertons បានបង្ហាញពីផែនការបន្ទាប់នៃការពង្រីកខ្លួន ដោយដាក់ការិយាល័យថ្មីៗបន្ថែមទៀតនៅតំបន់អាស៊ី និងពង្រឹងប្រតិបត្តិការសេវាអចលនទ្រព្យលំនៅដ្ឋានដែលមានស្រាប់នៅទីក្រុងឌូបៃ ដែលជាទីក្រុងពាណិជ្ជកម្មនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម៕