អ្នកស្រី ពៅ ច័ន្ទដារី អាយុ ៣០ឆ្នាំ ធ្លាប់ជាកម្មកររោងចក្រ ហើយបច្ចុប្បន្នជាអ្នកលក់ដូរតាមដងផ្លូវមួយរូប។ អ្នកស្រី និងស្វាមី ដែលជាអ្នកបើករ៉ឺម៉កកង់បី គឺជាសមាជិករបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ជាង៣ឆ្នាំមកហើយ។ អ្នកស្រី ច័ន្ទដារី ថ្លែងថា ក្នុងនាមជាសមាជិកសមាគមមួយរូប អ្នកស្រីបានចូលរួមប្រជុំ និងវគ្គបណ្តុះបណ្តាលអំពីកិច្ចគាំពារសង្គម និងបានយល់ដឹងកាន់តែច្រើនពីបញ្ហាជួបប្រទះរបស់អាជីវករផ្សេងៗទៀត។
យោងតាមបទពិសោធន៍ធ្លាប់ធ្វើការនៅរោងចក្រ នាងអាចមើលឃើញពីភាពខុសប្លែកគ្នា និងអត្ថប្រយោជន៍ជាច្រើនដែលកម្មករក្នុងប្រព័ន្ធទទួលបានពីរបបកិច្ចគាំពារសង្គមដូចជា ការថែទាំសុខភាព គ្រោះថ្នាក់ការងារ ការឈប់សម្រាលកូន ប្រាក់បំណាច់ និងប្រាក់សោធន៍ជាដើម។ អ្នកស្រី ចង់មើលឃើញអាជីវករ និងកម្មករក្រៅប្រព័ន្ធទាំងអស់ទទួលបានអត្ថប្រយោជន៍ដូចគ្នាដែរ។ អ្នកស្រី ច័ន្ទដារី ថ្លែងថា៖ ”ខ្ញុំពេញចិត្តនឹងចូលរួម បើទោះជាមានការបង់ភាគទានក្នុងកម្រិតណាមួយនោះសម្រាប់កិច្ចគាំពារសង្គម”។
ថ្ងៃនេះ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងដៃគូពាក់ព័ន្ធ បានរួមគ្នាប្រារព្ធទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិលើកទី០៩ ដើម្បីចែករំលែកពីសារៈសំខាន់នៃអ្នកលក់ដូរតាមដងផ្លូវនៅក្នុងបរិយាបន្នសង្គម និងការរួមមចំណែករបស់ពួកគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
វេទិកា “កិច្ចគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមផ្លូវនៅកម្ពុជា” ត្រូវបានរៀបចំឡើងដើម្បីរំលឹក និងទទួឡស្គាល់សិទ្ធិអ្នកលក់ដូរតាមដងផ្លូវ ពិភាក្សាអំពីស្ថានភាព និងបញ្ហាជួបប្រទះរបស់ពួកគេ ព្រមទាំងចែករំលែកព័ត៌មាន និងបទពិសោធន៍ ស្តីពីគោលនយោបាយ និងការអនុវត្តកិច្ចគាំពារសង្គម។
អ្នកលក់ដូរតាមដងផ្លូវ ជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា គ្មានសុវត្ថិភាព គ្មានអនាម័យ គ្មានកិច្ចគាំពារសង្គម រងការបៀតបៀន និងការរើសអើងគ្រប់រូបភាព។ ក៏ប៉ុន្តែ ពួកគេពុំទាន់បានទទួលស្គាល់ និងចុះបញ្ជីក្នុងប្រព័ន្ធរបបសន្តិសុខសង្គមនៅឡើយ។ បន្ថែមពីនេះ ការរីករាលដាលនៃជំងឺរាតត្បាតសាកលកូវីដ១៩ បានធ្វើឲ្យក្រុមអ្នកលក់ដូរតាមដងផ្លូវកាន់តែជួបការលំបាកបន្ថែមទៀត ហើយធ្វើឲ្យពួកគេកាន់តែងាយរងគ្រោះ ព្រមទាំងប្រឈមនឹងហានិភ័យ និងភាពមិនជាក់លាក់កាន់តែច្រើន។
លោក វន់ ពៅ ប្រធានសមាគម IDEA មានប្រសាសន៍ថាចាប់តាំងពីឆ្នាំ២០០៧ មក សមាគមរបស់លោក បានធ្វើសកម្មភាពជាច្រើនដើម្បីលើកកម្ពស់លក្ខខណ្ឌការងារទូទៅ រួមទាំងកិច្ចគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីបញ្ចូលពួកគេទៅក្នុងគោលនយោបាយគាំពារសង្គម ក៏ដូចជាការជំរុញច្បាប់ស្តីរបបសន្តិសុខសង្គមដើម្បីពង្រីកវិសាលភាពក្នុងការគាំពារពួកគេក្នុងច្បាប់នេះផងដែរ។ អ្នកលក់ដូរតាមដងផ្លូវ ក៏ត្រូវការកិច្ចគាំពារសង្គមពីច្បាប់នេះ ដើម្បីកម្ពុជាឈានទៅរកសង្គមមួយប្រកបដោយសមភាព និងសមធម៌។
លោកបានបន្ថែមថា៖ ”បច្ចុប្បន្ន IDEA បាន និងកំពុងសម្របសម្រួល បណ្តុះបណ្តាល និងចងក្រងអ្នកលក់ដូរតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា បានចំនួន ២២ក្រុម ដើម្បីផ្តួចផ្តើមឱ្យមានការសន្ទនាសមស្របជាមួយស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានការទទួលស្គាល់កាន់តែច្រើនពីសិទ្ធិរបស់ពួកគេ ដើម្បីផ្តល់លទ្ធភាពដល់ពួកគេអាចទទួលបានកិច្ចគាំពារសង្គម និងលក្ខខណ្ឌរស់នៅសមរម្យ”។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា៖ “អ្នកលក់ដូរតាមផ្លូវចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ពួកកាត់មានសិទ្ធិដូចកម្មករក្នុងវិស័យដទៃទៀតដែរ។ ការទទួលបាននូវរបបកិច្ចគាំពារសង្គម និងសុខមាលភាពដែលរួមបញ្ចូលទាំងការធានាសុខភាព ការថែទាំកុមារ កិច្ចគាំពារមាតុភាព ការអប់រំ ការមានអនាម័យ និងសុវតិ្ថភាពនៅកន្លែងលក់ដូរ និងការទទួលបានសេវាហិរញ្ញវត្ថុ គឺជារឿងសំខាន់ខ្លាំងណាស់ ហើយដែលពួកគាត់គួរទទួលបានដូចកម្មករដទៃទៀតដែរ ជាពិសេសនៅក្នុងបរិបទកូវីដ១៩នេះ”។
លោកស្រីបានបន្ថែមថា៖ “អង្គការអុកស្វាមយល់ឃើញថា ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់អ្នកលក់ដូរតាមផ្លូវឲ្យមានប្រសិទ្ធភាព ជាការចាំបាច់ដែល ទាមទារបន្តឲ្យមាន ការគាំទ្រ ផ្តល់កិច្ចគាំពារសង្គម និងមានការសិក្សាស្រាវជ្រាវច្បាស់លាស់ អំពីតម្រូវការ និងស្ថានភាពជាក់លាក់របស់ពួកគាត់ ដើម្បីអភិវឌ្ឍទៅជាគោលនយោបាយដែលឆ្លុះបញ្ចាំង និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អ្នកលក់ដូរតាមផ្លូវ”។
វេទិកានេះ ធ្វើឡើងនៅភោជនីយដ្ឋាន ទន្លេបាសាក់២ និងជាការសហការរៀបចំដោយសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ជាមួយអង្គការអុកស្វាម (OXFAM) មជ្ឍមណ្ឌលសាមគ្គីភាពតំណាងអង្គការ (Solidarity Center) មជ្ឃមណ្ឌលសម្ព័នភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) អង្គការសម័្ពន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(CPDD) និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)។ វេទិកានេះ មានអ្នកចូលរួមផ្ទាល់ប្រមាណ៥០នាក់ ដែលជាអ្នកលក់ដូរតាមផ្លូវ តំណាងមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គកាសង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងតំណាងក្រសួងពាក់ព័ន្ធ ព្រមទាំងមានអ្នកចូលរួមពីចម្ងាយ (Online) ចំនួនប្រមាណ ៣០០ នាក់ទៀត។
វេទិកានេះ គាំទ្រឲ្យរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធចាត់វិធានការចាំបាច់នានា ដើម្បីផ្តល់កិច្ចគាំពារ និងសន្តិសុខសង្គមដល់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីធានាថា អ្នកលក់ដូរតាមផ្លូវអាចទទួលបានការថែទាំសុខភាព ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀតនៅក្នុងគោលនយោបាយគាំពារសង្គមជាតិ និងច្បាប់ពាក់ព័ន្ធ។