ពោធិ៍សាត់៖ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅក្រុងពោធិ៍សាត់ ដោយគិតត្រឹមព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានហក់ឡើងជាបន្តបន្ទាប់ គឺឡើងដល់កម្ពស់៥.០៦ម៉ែត្រហើយ (កម្ពស់ប្រកាសអាសន្នគឺ ៥ម៉ែត្រ)។
ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់បច្ចុប្បន្នមានកម្ពស់ ៥.០៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្នគឺ ៥ម៉ែត្រ) រីឯស្ទឹងក្រវាញមានកម្ពស់ ៣.៤៩ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែងមានកម្ពស់ ២.៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។
បើតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានឲ្យដឹងថា បន្ទាប់ពីការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី និងសាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី ១០ ដល់ ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជើងនូវទ្រនុងសម្ពាធខ្ពស់ ចិនប្រសព្វនឹងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិកទូលពីក្រោមឡើងលើ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្តាល បណ្តាខេត្តជាប់ជួរភ្នំដងរែក និង ខ្ពង់រាប រួមនឹងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅច្រើន ។ ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកបានកើនឡើងក្នុងកម្រិត មួយដែលត្រូវប្រកាសអាសន្ន ។
ដើម្បីត្រៀមលក្ខណៈការពារព្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុ រួចមកឃើញថាមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងធំ និងស្ទឹងព្រៃខ្លុង មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កឲ្យមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់ ។
យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀស ប្រជាពលរដ្ឋដែលងាយរងគ្រោះ។
លោក កែវ វ័យ បានបន្តថា ប្រសិនបើមិនមានភ្លៀងបន្ថែម នៅផ្នែកខាងលើនៃស្រុកវាលវែង និងស្រុកភ្នំក្រវាញទេនោះ ទឹកស្ទឹងពោធិ៍សាត់នឹងស្រកវិញ ក្នុងពេល៦ម៉ោងក្រោយ។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅរ៉បមាត់ស្ទឹងខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំទុកដាក់កូនចៅ សត្វពាហនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថា ទោះបីជាយ៉ាងណា ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបឱ្បានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយណាមួយកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ សួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃ១១ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រសួងបានបញ្ជាក់ថា កម្ពុជានឹងទទួលឥទ្ធិពល ពីជើងនូវទ្រនុងសម្ពាធខ្ពស់ ពីប្រសព្វនឹងជ្រលងសម្ពាធទាបប៉ាស៉ីហ្វិកទូលពីក្រោមឡើងលើ។ លក្ខណៈបែបនេះនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ ពីកម្រិតខ្សោយទៅច្រើនទៅតាមតំបន់ ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង៕ រក្សាសិទ្ធិដោយ ៖ កូលាប