ស្ថាបនិករបស់ក្រុមហ៊ុនលក់អនឡាន Amazon គឺលោក Jeff Bezos បានដំណ្តើមតំណែងជាមហាសេដ្ឋីលេខ ១ពិភពលោកជាថ្មីម្តងទៀត ពីលោក Bill Gates ស្ថាបនិកក្រុមហ៊ុនអេឡិចត្រូវនិច Microsoft។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានអាមេរិច ស៊ីអ៊ិនអ៊ិន នៅថ្ងៃច័ន្ទ ទី៣០នេះ។
ការទំលាក់តំណែងរបស់ស្ថាបនិក Microsoft របស់ Jeff Bezos កើតឡើងនៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើង ១៣,៥ភាគរយ កាលពីថ្ងៃសុក្រកន្លងទៅ ដោយសារចំណូលក្រុមហ៊ុនហក់ឡើងយ៉ាងខ្លាំង។
លោក Jeff Bezos មានភាគហ៊ុន ចំនួន ៨០លានហ៊ុននៅក្នុងក្រុមហ៊ុន ចាប់គិតពីខែកញ្ញាមក។ នេះបើតាមទិន្នន័យដែលអាចជឿជាក់បានរបស់ FactSet។ លោករកប្រាក់បានច្រើនជាង ១០ប៊ីលានដុល្លា (១០ពាន់លាន) ពីការហក់ឡើងភាគហ៊ុនភាគហ៊ុនរបស់ក្រុមហ៊ុន ក្នុងរយៈពេលមួយថ្ងៃ ហើយធ្វើឲ្យគាត់មានទ្រព្យសម្បតិ្តសរុបទាំងអស់ចំនួន ៩០ប៊ីលានដុល្លា។
នៅថ្ងៃចុងបញ្ចប់នៃការជួញដូរភាគហ៊ុន ថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Bill Gates នៅតែជាមហាសេដ្ឋីលេខ ១ពិភពលោក ដោយមានទ្រព្យសម្បតិ្តសរុបចំនួន ៨៨ប៊ីលាន ហើយលោក Jeff Bezos នៅថ្ងៃព្រហស្បតិ៍នោះដែរមានទ្រព្យសរុបទាំងអស់ ៨៣,៥ប៊ីលាន ប៉ុន្តែស្រាប់តែនៅថ្ងៃសុក្រ ចំណូលរបស់ Amazon ហក់ឡើងយ៉ាងខ្លាំង ធ្វើឲ្យលោក Jeff Bezos ដំណ្តើមបានតំណែងមហាសេដ្ឋីលេខ ១ពិភពលោកត្រឹមតែមួយថ្ងៃ។
ទោះយ៉ាងណា លោក Bill Gates ក៍ទទួលបានចំណួលបន្ថែម ៦០០លានដុល្លា លើទ្រព្យសម្បតិ្តសរុបរបស់គាត់ផងដែរ ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft កើនឡើង ៧ភាគរយ ខណៈដែលលោកកាន់កាប់ភាគហ៊ុន ចំនួន ១០៣លានហ៊ុននៅក្រុមហ៊ុន។
លោក Jeff Bezos ធ្លាប់បានទំលាក់លោក Bill Gates ចេញពីតំណែងសេដ្ឋីទី ១ពិភពលោកម្តងកាលពីថ្ងៃទី ២៧ ខែកក្កដាកន្លងទៅ នៅពេលទ្រព្យសម្បតិ្តរបស់គាត់កើនឡើងដល់ ៩០ប៊ីលានដោយសារភាគហ៊ុនហក់ឡើង៕ ដោយ ៖ សុភ័ក្ត្រ